ព័ត៌មានជាតិ
ត្រឹមឆ្នាំ ២០២៤ រាជរដ្ឋាភិបាល ផ្ដល់ប័ណ្ណសមធម៌ជូនអ្នកជំងឺអេដស៍ ជាង ៤ ម៉ឺន ៦ ពាន់នាក់ ស្មើនឹង ៦៦%
គិតត្រឹមឆ្នាំ ២០២៤ រាជរដ្ឋាភិបាល បានផ្តល់ប័ណ្ណសមធម៌ជូនដល់អ្នកជំងឺអេដស៍បានជាង ៤ ម៉ឺន ៦ ពាន់នាក់ ស្មើនឹង ៦៦% នៃអ្នកផ្ទុកមេរោគអេដស៍សរុបដែលបានមកទទួលសេវាព្យាបាលប្រមាណជិត ៧ ម៉ឺននាក់។
លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានមានប្រសាសន៍កាលពីថ្មីៗ នេះថា ចាប់តាំងពីត្រីមាសទី ១ ឆ្នាំ ២០២២ រហូតមកដល់ឆ្នាំ ២០២៤ កន្លងទៅនេះ យើងបានផ្តល់ប័ណ្ណសមធម៌ជូនដល់អ្នកផ្ទុកមេរោគអេដស៍បានចំនួន ៤៦,១៩៤ នាក់ ស្មើនឹង ៦៦% នៃអ្នកកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ចំនួន ៦៩ ៩៩៤ នាក់ នៅទូទាំងប្រទេស។
លោកវេជ្ជបណ្ឌិត បានបន្តថា ការផ្តល់ប័ណ្ណសមធម៌ជូនដល់អ្នកផ្ទុកមេរោគអេដស៍នេះ យើងនៅមិនទាន់ដឹងថា នឹងបញ្ចប់នៅពេលណាទេ ដោយសារមានអ្នកជំងឺចាស់ និងថ្មី មកស្នើសុំជាបន្តបន្ទាប់។
លោកវេជ្ជបណ្ឌិត បានពន្យល់ថា អ្នកផ្ទុកមេរោគអេដស៍ អាចទទួលបានប័ណ្ណសមធម៌នេះបានទាមទារឱ្យចុះបញ្ជីនៅតាមទីតាំងដែលគាត់ទៅទទួលសេវាតាមរយៈថេបប្លែកជាប្រព័ន្ធឌីជីថលដែលតភ្ជាប់ប្រព័ន្ធទិន្នន័យជាមួយក្រសួងផែនការ ហើយការងារនេះក៏មានសហការជាមួយអង្គការ យូអេស អេអាយឌី អង្គការយូអិនអេដស៍ អង្គការយូអិនឌីភី។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា អ្នកផ្ទុកមេរោគអេដស៍ទទួលបានប័ណ្ណសមធម៌ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមកាត់បន្ថយការចំណាយច្រើននៅក្នុងគ្រួសារ ព្រោះពួកគាត់ទទួលបានការលើកលែងបង់ប្រាក់ពេលទៅពិនិត្យ និងព្យាបាលជំងឺផ្សេងៗ នៅតាមមន្ទីរពេទ្យរដ្ឋ ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស។
លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា «ការផ្តល់ជូនប័ណ្ណសមធម៌ដល់អ្នកជំងឺអេដស៍បានជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់បានល្អប្រសើរ ព្រោះថាក្រៅពីការមកទទួលសេវាព្យាបាលជំងឺអេដស៍ដោយឥតគិតថ្លៃហើយ ពួកគាត់អាចទៅព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋឥតគិតថ្លៃផងដែរ ដែលបានជួយរួមចំណែកកាត់បន្ថយការចំណាយផ្សេងៗ ក្នុងគ្រួសារ លើកស្ទួយជីវភាពកាន់តែប្រសើរ»។
លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អ្នកសង្ស័យថាមានផ្ទុកមេរោគអេដស៍ ត្រូវក្លាហានចេញមកធ្វើតេស្តឈាមរកមេរោគអេដស៍ ដើម្បីទទួលបានការព្យាបាលជំងឺត្រឹមត្រូវ និងទទួលបានប័ណ្ណសមធម៌ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល។ ចំណែកអ្នកផ្ទុកមេរោគអេដស៍ ត្រូវព្យាបាលឱ្យបានទៀតទាត់ជាប់លាប់ និងត្រឹមត្រូវ ពោលគឺអនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យ ហើយកាលណាអ្នកជំងឺព្យាបាលបានត្រឹមត្រូវ នឹងអាចរស់នៅបានយូរអង្វែងដូចប្រជាពលរដ្ឋធម្មតាដែរ។
គួរបញ្ជាក់ថា តាមការប៉ាន់ស្មាននៅឆ្នាំ ២០២៤ កម្ពុជា មានចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះមានអ្នកជំងឺអេដស៍សកម្មដែលកំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទាំង ៧៤ កន្លែង ចំនួន ៦៩ ៩៩៤ នាក់ ហើយប្រហែលនៅសល់អ្នករស់នៅជាមួយមេរោគអេដស៍ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់ នៅមិនទាន់បានដឹងខ្លួន និងមិនទាន់បានធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ ខណៈក្នុង ១ ឆ្នាំៗ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ប្រមាណ ១ ២០០ នាក់ និងស្លាប់ប្រមាណ ១ ១០០ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»