Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ លើកទឹកចិត្តសិស្សានុសិស្សត្រៀមលក្ខណៈចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ

បានផុស

នៅ

ក្រោយរយៈពេលជិត១០ថ្ងៃ នៃការប្រកាសផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥, ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកំណត់ការប្រឡងឡើងវិញ ដើម្បីឆ្លើយតបទៅនឹងសំណើររបស់សិស្សានុសិស្ស និងអាណាព្យាបាល។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៣ ខែកុម្ភៈនេះថា ការសម្រេចបន្តរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឡើងវិញ បន្ទាប់ពីក្រសួងទទួលបានសំណើរ ក៏ដូចជាសំណូមពរពីប្អូនៗសិស្សានុសិស្សជាច្រើន។ លោកស្រីមានប្រសាសន៍ថា៖« ដូច្នេះហើយក្នុងនាមក្រសួងអប់រំយុវជន និងកីឡា លើកទឹកចិត្តដល់ប្អូន នៅក្នុងការបន្តខិតខំបន្តប្រឹងប្រែងរៀនសូត្រ ក៏ដូចជាការត្រៀមលក្ខណៈ ចូលរួមការប្រកួតក្នុងពេលអនាគត»។

ដើម្បីឱ្យការប្រឡងប្រព្រឹត្តទៅយ៉ាងរលូន ក្រសួងនឹងរៀបចំគោលការណ៍ណែនាំបច្ចេកទេស ទៅដល់មន្ទីរអប់រំរាជធានី-ខេត្ត ក្រុង នានា​ ដើម្បីអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ។

លោកស្រី ឃួន វិច្ឆិកា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ដំបូងឡើយ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ស្តីពីការផ្អាកប្រឡងសិស្សពូកែ ដោយយោងភាពចាំបាច់របស់ក្រសួង។

យ៉ាងណាក៏ដោយ លោ​ករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យ រាជធានី ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត លើមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ទៅតាមពេលវេលាសមស្របណាមួយ តាមមុខវិជ្ជា តាមកម្រិតថ្នាក់ និង ផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែប្រចាំរាជធានី ខេត្ត តាមលទ្ធភាព និងស្ថានភាពជាក់ស្តែងនៃរាជធានី ខេត្តនីមួយៗ។

ការប្រកាសផ្អាកនាពេលនោះ ដោយក្រសួងបញ្ជាក់ថា កំពុងផ្តោតលើការងារអាទិភាពក្នុងការលើកកម្ពស់ និងគាំទ្រសាលារៀនឱ្យក្លាយជាសាលាគំរូ សំដៅលើកកម្ពស់គុណភាពអប់រំ និងអនុវត្តជាបន្តបន្ទាប់នូវកម្មវិធីក្រៅម៉ោងសិក្សាដើម្បីឱ្យសិស្សានុសិស្សមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាស្របតាមសតវត្សរ៍ទី២១។

បន្ទាប់ពីមានប្រតិកម្មរបស់សិស្សានុសិស្សចំពោះការផ្អាកនេះ ក្រសួងបានសម្រេចដាក់ឱ្យដំណើរការឡើងវិញនូវការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងឆ្នាំសិក្សា ២០២៣-២០២៤។

គួរជម្រាបថា ក្រសួង​អប់រំ បាន​រៀបចំ​ការ​ប្រឡង​សិស្ស​ពូកែ​ទូទាំង​ប្រទេស​រយៈពេល ៥ ថ្ងៃ ចាប់ពី​តាំងពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៦ ខែ​ឧសភា សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដោយ​មាន​សិស្សានុសិស្ស​ចូលរួម​ចំនួន ២៤០ នាក់ ហើយ​ត្រូវ​បាន​ជ្រើសរើស​ជា​ជ័យលាភី​សរុប ៣០ នាក់ ដោយ​ថ្នាក់​ទី ៩ ចំនួន ១៥ នាក់ និង​ថ្នាក់​ទី ១២ ចំនួន ១៥ នាក់។ ក្នុង​នោះ ចំណាត់ថ្នាក់​លេខ ១ ទទួល​បាន​ថវិកា ៣ លាន ៥ សែន​រៀល លេខ ២ បាន ៣ លាន ២ សែន​រៀល លេខ ៣ បាន ២ លាន ៩ សែន​រៀល លេខ ៤ បាន ២ លាន ៦ សែន​រៀល និង​លេខ ៥ បាន ២ លាន ៣ សែន​រៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម