Connect with us

ព័ត៌មានជាតិ

ផ្លូវថ្មើរជើង៖ រដ្ឋបាលរាជធានីកំពុងដក ពិសោធន៍ ដើម្បីកែលម្អឱ្យកាន់តែទាក់ទាញ

បានផុស

នៅ

ផ្លូវ​ថ្មើរជើង (Walk Street) ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសដាក់ឱ្យដំណើរការសាកល្បងតាមបណ្តោយមាត់ទន្លេ កាលពីសប្តាហ៍មុន ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិ-អន្តរជាតិ ដែលបានមកដើរលេងកម្សាន្ត។ ទោះជាយ៉ាងណា ផ្លូវថ្មើរជើងថ្មីថ្មោងជាលើកដំបូងនេះ នៅពុំអាចទាក់ចិត្តភ្ញៀវឱ្យមកដើរកម្សាន្តរយៈពេលយូរនោះទេ ដោយសារខ្វះទស្សនីភាព កន្លែងទទួលទានអាហារ និងកន្លែងកម្សាន្តផ្សេងៗ។

ដើម្បីដោះស្រាយ និងបំពេញចំណុចខ្វះខាតទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងដកពិសោធន៍ដើម្បីកែលម្អផ្លូវថ្មើរជើងឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង  បានថ្លែងប្រាប់កម្ពុជាថ្មីថា ផ្លូវថ្មើរជើងដែលទើបដាក់ឱ្យដំណើរការសាកល្បងកន្លងទៅទទួលបានគាំទ្រច្រើនពីសំណាក់ពលរដ្ឋក្នុងស្រុក រួមទាំងភ្ញៀវអន្តរជាតិ។ ប៉ុន្តែលោកក៏ទទួលស្គាល់ថា នៅមានចំណុចខ្វះខាតមួយចំនួនទៀតដើម្បីកែលម្អ ហើយក្រុមការងារកំពុងដកពិសោធនលើកិច្ចការងារនេះ។ លោកមានប្រសាសន៍ថា៖« នៅមានចំណុចខ្វះខាតមួយចំនួន យើងកំពុងរៀបចំប្រជុំដើម្បីដកស្រង់បទពិសោធន៍ ដើម្បីកែល្អ ធ្វើយ៉ាងណាជួយពួកគាត់ឱ្យមានកន្លែងសប្បាយកាន់តែច្រើន ដើម្បីទាក់ទាញគាត់ឱ្យនៅបានយូរ»។

ផ្លូវថ្មើរជើងមាត់ទន្លេ

បើតាមអភិបាលរាជធានី ការបើកសាកល្បងរយៈពេលពីរថ្ងៃមានមនុស្សមកលេងកម្សាន្តច្រើនកុះករ ខណៈថ្ងៃទី ២ ចំនួនអ្នកដើរកម្សាន្តលើផ្លូវថ្មើរជើងមានការកើនឡើង បើប្រៀបទៅនឹងថ្ងៃទី១។ លោកថ្លែងថា៖« យើងមិនទាន់កំណត់ចំនួនមនុស្សបានទេ គ្រាន់តែដឹងថាថ្ងៃទី ២ ភ្ញៀវមានការកើនឡើងជាងថ្ងៃទី ១ ។ យើងបានរៀបចំ ដូចជាការប្រគុំតន្រ្តីខ្នាតតូច ការគូរគំនូរ អានសៀវភៅ ធ្វើម៉េចឱ្យដំណើរការសិន យើងនឹងរៀបចំបណ្តើរៗ កែលម្អថែមទៀត ដើម្បីទាក់ទាញភ្ញៀវមកចូលរួមកាន់តែច្រើន ហើយដើរលេងបានយូរ»។

លោក ឃួង ស្រេង បានឱ្យដឹងទៀតថា ភ្ញៀវជាតិ និងអន្តរជាតិ បានមកលេងកម្សាន្តតាមបណ្តោយផ្លូវថ្មើរជើងចាប់ពីម៉ោង ៦ ល្ងាច ទៅ ប៉ុន្តែថមថយទៅវិញនៅវេលាម៉ោងប្រមាណ ៩ យប់។ លោកបញ្ជាក់ថា៖« យើងបើកពីម៉ោង ៦ដល់ ម៉ោង ១១ យប់ ។ ប៉ុន្តែយើងសង្កេតឃើញថា ប្រហែលម៉ោង ៩ ឬ១០ ទៅ អត់សូវមានមនុស្ស ដោយសារអត់កន្លែងមើល មិនសូវមានកន្លែងហូបចុក អត់មានទស្សនីយភាពផ្សេងៗ ដែលយើងត្រូវធ្វើបន្ថែមទៀតដើម្បីទាក់ទាញ ព្រោះនេះជាការសាកល្បង ហើយយើងនឹងដកស្រង់បទពិសោធន៍បញ្ហា»។

ផ្លូវថ្មើរជើងមុខព្រះបរមរាជវាំង

បើតាមលោក ឃួង ស្រេង អភិ​បាលរាជធានីភ្នំពេញ ក្នុងករណីផ្លូវថ្មើរជើងនេះ ទទួលបានជោគជ័យ រដ្ឋបាលនឹងសិក្សាលើទីតាំងអំណោយផលផ្សេងទៀតដើម្បីដាក់ឱ្យដំណើរការផ្លូវថ្មើរជើងបន្ថែមក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

គួរជម្រាបថា ផ្លូវ​ថ្មើរជើង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៥​ តទៅ សម្រាប់តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ប៉ុណ្ណោះ ចាប់ពី​ម៉ោង ១៨:០០ នាទី រហូតដល់​ម៉ោង ២៣:០០ នាទី​យប់ នៅ​តាម​បណ្ដោយ​តីរវិថី​ព្រះស៊ីសុវត្ថិ ចាប់ពី​វិថី​បក្សី​ចាំ​ក្រុង (​ផ្លូវ​លេខ ៩៤) រហូតដល់​មុខ​ព្រះបរមរាជវាំង ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម