ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ប្រាប់ពីវិធីការពារការចម្លងជំងឺផ្តាសាយ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា មូលហេតុចម្បងនៃជំងឺគ្រុនផ្តាសាយ (ទោះជាប្រភេទណាក៏ដោយ) គឺបណ្តាលមកពីវីរុសផ្តាសាយ ដែលឆ្លងដល់ប្រព័ន្ធផ្លូវដង្ហើម (ច្រមុះ បំពង់ក និងសួត)។ វាអាចបណ្តាលឱ្យរលាកទងសួត ឬរលាកសួត ឬមានជំងឺផ្លូវដង្ហើមពិបាកដកដង្ហើមដែលអាចនាំឱ្យស្លាប់បាន។ ជំងឺនេះរីករាលដាលជាចម្បងតាមរយៈដំណក់ទឹកផ្លូវដង្ហើម នៅពេលដែលអ្នកជំងឺក្អក កណ្តាស់ ឬនិយាយ ហើយក៏អាចឆ្លងតាមរយៈការប៉ះផ្ទៃណាមួយដែលមានមេរោគ តាមដៃ រួចមកប៉ះផ្ទៃមុខរបស់បុគ្គល។
លោកស្រី បានឱ្យដឹងទៀតថា វីរុសគ្រុនផ្តាសាយមានបួនប្រភេទគឺ A, B, C, និង D ៖ គ្រុនផ្តាសាយ ដោយវីរុសប្រភេទ A និង B បង្កឱ្យមានជំងឺផ្តាសាយតាមរដូវកាល។ គ្រុនផ្តាសាយប្រភេទ A អាចបណ្តាលឱ្យមានការឆ្លងរាតត្បាត (ឧទាហរណ៍: H1N1)។ គ្រុនផ្តាសាយប្រភេទ C ជាធម្មតាបណ្តាលឱ្យមានជំងឺស្រាល និងប្រភេទ Influenza D ជាចម្បងប៉ះពាល់ដល់គោក្របី។
ជាមួយគ្នានេះ លោកស្រីបានប្រាប់ពីវិធានការការពារការចម្លងជំងឺផ្តាសាយនេះថា ប្រសិនបើអ្នកក្អកកណ្តាស់ ត្រូវតែពាក់ម៉ាស់ ដើម្បីការពារដំណក់ទឹកមាត់តូចៗខ្ទាតទៅប៉ះអ្នកដែលនៅជុំវិញខ្លួន។ ចំណែកបុគ្គលដែលកំពុងតែផ្តាសាយ ត្រូវតែពាក់ម៉ាស់ជានិច្ច នៅកន្លែងធ្វើការ កន្លែងប្រកបរបររកស៊ីទទួលទាន ឫនៅក្នុងផ្ទះជុំគ្រួសារ។ ធ្វើអនាម័យខ្លួនប្រាណ ឱ្យបានល្អ និងត្រូវឧស្សាហ៍លាងដៃ។ ត្រូវចេះខ្ចប់ក្រដាសដែលប្រើជូតសំបោររួចនោះ យកទៅចោលក្នុងធុងសម្រាមត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាល។
ពេលនៅក្នុងផ្ទះ សូមកុំជិតស្និតជាមួយសមាជិកគ្រួសារពេក ត្រូវចេះរក្សាគម្លាតរវាងបុគ្គល និងបុគ្គល មួយរយ:សិន រហូតដល់បានធូរស្រាល។ បើកបង្អួចបន្ទប់របស់ខ្លួន ដើម្បីឱ្យមានពន្លឺ និងខ្យល់ចេញចូលក្នុងអំឡុងពេលដែលលោកអ្នកមានជំងឺផ្តាសាយរហូតដល់បានជាសះស្បើយ។ គេងឱ្យបានយ៉ាងហោចណាស់ ៨ ម៉ោងក្នុងមួយថ្ងៃ និងបរិភោគអាហារដែលមានជីវជាតិដូចជាបន្លែ ផ្លែឈើ និងត្រី ឬស៊ុតឆ្អិនល្អ។ ពិសារទឹកឱ្យបានច្រើន (២លីត្រក្នុងមួយថ្ងៃ) និងទឹកផ្លែឈើស្រស់ពីរបីពែង។
រីឯបុគ្គលគ្រប់រូប ត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ ជាពិសេសក្រោយពេលប៉ះពាល់ផ្ទៃអ្វីមួយ ឫក្រោយពេលចាប់ដៃបុគ្គលណាម្នាក់ មុនពេលប៉ះផ្ទៃមុខ-មាត់-ច្រមុះ-ភ្នែក មុនពេលពិសារអាហារ និងក្រោយពេលបន្ទោរបង់ ជាដើម។ ចៀសវាងនៅក្បែរអ្នកដែលមានជំងឺផ្តាសាយមួយរយ:ពេលសិន រហូតបុគ្គលដែលផ្តសាយនោះ បានជាសះស្បើយ។
សម្អាតបន្ទប់ដែលបុគ្គលមានជំងឺផ្តាសាយ បើអាចធ្វើបាន គួរបាញ់អាល់កុលលើផ្ទៃគ្រែ និងលំហរបន្ទប់ ហើយបើកបង្អួចឱ្យមានពន្លឺចូល និងខ្យល់ចេញចូលបាន ក្នុងរយ:ពេលដែលបុគ្គលឈឺផ្តាសាយ រហូតដល់បានជាសះស្បើយ។ គេងឱ្យបានយ៉ាងតិច ៨ម៉ោងក្នុងមួយថ្ងៃ និងបរិភោគអាហារដែលមានជីវជាតិដូចជាតិបន្លែ ផ្លែឈើ និងសាច់ត្រី ឫស៊ុតចម្អិនល្អ ពិសារទឹកឱ្យបានច្រើន (២លីត្រក្នុងមួយថ្ងៃ)។ បរិភោគអាហារដែលចម្អិនល្អ និងកុំភ្លេចអនុវត្តន៍ “តិចអំបិល តិចខ្លាញ់ តិចស្ករ” ផង។
កុំប៉ះពាល់ ឫបរិភោគសត្វបសុបក្សីដែលឈឺ ឫស្លាប់។ ត្រូវយកទៅកប់ចោលត្រឹមត្រូវ និងត្រូវលាងសម្អាតដៃជានិច្ច។ ហាមក្មេងលេង ឫប៉ះពាល់ជាមួយសត្វបសុបក្សី។ បើក្តៅខ្លួនលើសពី ៣៧,៥ អង្សាសេ ពិសារថ្នាំប៉ារ៉ាសេតាម៉ុល (៥០០មីលីក្រាម) បើកំដៅនៅតែមិនថមថយ ឫមានសញ្ញាពិបាកដកដង្ហើម ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យដែលបានបណ្តុះបណ្តាលត្រឹមត្រូវ ឫទៅមណ្ឌលសុខភាព/មន្ទីរពេទ្យ ដែលនៅជិតលោកអ្នក។ កុំព្យាយាមពិសារថ្នាំពួកអង់ទីប៊ីយូទិក ឫថ្នាំផ្សេងៗ ដោយគ្មានវេជ្ជបញ្ជារឱ្យសោះ។ ចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ បើមានចម្ងល់បន្ថែម ឫសង្ស័យអ្វី សូមហៅទៅលេខ ១១៥៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»