Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រកាស​ដាក់​ពន្ធ​ ១០% ទៅ ១៥% លើ​អាមេរិក ដើម្បី​ប្រឆាំង​នឹងលោក ត្រាំ

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​ប្រកាស​វិធានការ​សងសឹក​ប្រឆាំង​នឹង​​សហរដ្ឋ​អាមេរិក ​ក្រោយ​ពេល​លោក ដូណាល់ ត្រាំ បាន​ដាក់​ពន្ធ ១០% លើ​ទំនិញ​​របស់​ចិន​។ ចិន នឹង​គិត​ពន្ធ​​ចំនួន ១០% ទៅ ១៥% លើ​ការ​នាំ​ចូល​​​ពី​​សហរដ្ឋ​អាមេរិក​​ចំពោះ​ទំនិញ​មួយចំនួន រួមមាន ប្រេងឆៅ គ្រឿងយន្តកសិកម្ម និងឧស្ម័នធម្មជាតិរាវ។

លោក ដូណាល់ ត្រាំ និង​លោក ស៊ី ជីនពីង (រូបភាព៖ Financial Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការនេះ ត្រូវបានប្រកាសដោយក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន​នៅ​ថ្ងៃអង្គារ​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​នេះ ដែលក្នុងនោះ​​ចិន​នឹងយកពន្ធ ១៥% លើការនាំចូលធ្យូងថ្ម និងផលិតផលឧស្ម័នធម្មជាតិរាវពីអាមេរិក និង ១០% លើការនាំចូលប្រេងឆៅ គ្រឿងចក្រកសិកម្ម យានជំនិះធំៗ និងរថយន្តភីកអាប់។

ចំណាត់ការសងសឹករបស់ទីក្រុងប៉េកាំង នឹងចូលជាធរមាននៅថ្ងៃទី១០​ខែកុម្ភៈ។

ការ​ប្រកាស​​របស់​​ចិន ​បាន​កើត​ឡើង​បន្ទាប់​ពី​​ប្រធានាធិបតី​​​អាមេរិក​​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​​ប្រតិបត្តិ​កាលពី​ថ្ងៃ​សៅរ៍ ​ដើម្បី​ដាក់​ពន្ធ​១០%​លើ​ទំនិញ​ចិន។ បន្ថែម​ពី​នេះ លោក ត្រាំ ក៏បានប្រកាសដំឡើងពន្ធ ២៥% លើប្រទេសកាណាដា និងម៉ិកស៊ិក ប៉ុន្តែ​ក្រោយ​មក​ក៏​ប្រកាស​ផ្អាក​​យក​ពន្ធ​លើ​ប្រទេសទាំង២​ រយៈពេល​៣០​ថ្ងៃ​សិន។

ក្រសួងពាណិជ្ជកម្មចិន នៅ​ថ្ងៃអង្គារ​នេះ​ក៏បានអះអាងផងដែរថា ខ្លួនបាន​ប្ដឹង​ទៅ​កាន់​អង្គការពាណិជ្ជកម្មពិភពលោក (WTO) អំពី​បទ​បញ្ជា​ប្រតិបត្តិ​ពន្ធ ១០% ដែលចេញដោយរដ្ឋបាល​លោក ត្រាំ។

ក្រសួងពាណិជ្ជកម្មចិន បានចេញ​សេចក្ដី​ថ្លែង​ការណ៍​ថា៖ «ការអនុវត្តរបស់សហរដ្ឋអាមេរិក ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធ​ច្បាប់​ពាណិជ្ជកម្មពហុភាគី ធ្វើឲ្យខូចដល់មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក និងធ្វើឲ្យរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់សកល»៕

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ ផ្អាកយកពន្ធលើម៉ិកស៊ិកនិងកាណាដា ៣០ថ្ងៃសិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម