ព័ត៌មានជាតិ
អ្នកជំនាញ និងក្រសួងអប់រំ ៖ ខ្លឹមសារនៃសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ មិនមែនជាការកែប្រែប្រវត្តិសាស្រ្តកម្ពុជានោះទេ
ភ្នំពេញ ៖ អ្នកជំនាញប្រវត្តិសាស្រ្តខ្មែរ និងក្រសួងអប់រំ យុវជន និងកីឡារបានបញ្ជាក់ថា ខ្លឹមសារនៃសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ មិនមែនជាការកែប្រែប្រវត្តិសាស្រ្តកម្ពុជានោះទេ ខណៈសៀវភៅប្រវត្តិសាស្រ្តនេះ បានបែកចែកជាបីភាគផ្សេងៗគ្នា ដែលបានរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៅតាមដំណាក់កាលដែលកម្ពុជាធ្លាប់បានជួបប្រទះកន្លង។
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា «ខ្ញុំមិនទាន់បានអានសៀវភៅទាំងអស់នោះទេ ប៉ុន្ដែខ្ញុំក៏មិនទាន់ជឿថា ថ្នាក់ដឹកនាំ និងអ្នកប្រាជ្ញជាជនជាតិខ្មែរ ហ៊ានកែប្រែប្រវត្តិសាស្រ្ត ឬក៏បំផ្លាញបូរណភាពទឹកដី អក្សរ វប្បធម៌ជាតិរបស់យើងដែរ»។

លោកបណ្ឌិតបន្តថា «សៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ដែលមានរំលេចរូបវិមានឈ្នះ-ឈ្នះនេះ គឺមិនមែនជារឿងខុសឆ្គង ហើយក៏មិនមែនជាការកែប្រែប្រវត្តិសាស្រ្តអ្វីនោះទេ ប៉ុន្ដែវាក៏មិនអាចជៀសផុតពីការរិះគន់របស់អ្នកផ្សេងផងដែរ ដោយសារកម្ពុជាធ្លាប់មានអនុស្សាវរីយ៍ជូរចត់មួយចំនួនទាក់ទងនឹងសង្រ្គាម និងការបែកបាក់ផ្ទៃក្នុងរវាងខ្មែរ និងខ្មែរចាប់តាំងពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៩»។
មុនពេលរិះគន់ ឬក៏វាយតម្លៃទៅលើអ្វីមួយ លោកបណ្ឌិតបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគួរតែស្វែងរកប្រភពព័ត៌មានឱ្យបានជាក់លាក់ សិក្សាស្រាវជ្រាវព្រឹត្តិការណ៍ប្រវត្តិសាស្រ្តឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការយល់ច្រឡំ និងជឿតាមការបំផុសបំផុលដោយមិនបានគិតពិចារណាឱ្យបានត្រឹមត្រូវ។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡារ ត្រូវបានវិទ្យុបារាំងអន្តរជាតិដកស្រង់សម្ដីកាលពីថ្ងៃទី ៣ខែកុម្ភៈឆ្នាំ២០២៥ថា សៀវភៅប្រវត្តិសាស្រ្តនេះ ត្រូវបានបែកចែកជាបីភាគផ្សេងៗគ្នា ដែលបានរៀបរាប់ពីប្រព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៅតាមដំណាក់កាលនីមួយៗដែលកម្ពុជាធ្លាប់បានជួបប្រទះចាប់ពីសម័យអង្គររហូតដល់បច្ចុប្បន្ននេះ។

លោកស្រីបានពន្យល់ថា សៀវភៅប្រវត្តិសាស្រ្តថ្នាក់៤ មានចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅសម័យអង្គរដ៏រុងរឿង» ដែលបានសរសេររៀបរាប់ពីស្ថានភាព ប្រព្រឹត្តការណ៍ ដ៏សំបូរបែប វប្បធម៌ អរិយធម៌ ការដឹកនាំរដ្ឋរបស់ព្រះមហាក្សត្រខ្មែរ នៅក្នុងសម័យអង្គរ ហើយបញ្ជាក់ពីមូលហេតុដែលសម័យអង្គរមានភាពរុងរឿងសម្រាប់មនុស្សជំនាន់ក្រោយសិក្សា។
សៀវភៅថ្នាក់ទី៥ ដែលមានចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅក្រោមអាណាព្យាបាលបារាំង» ដែលបានសរសេររៀបរាប់ពីព្រឹត្តិការណ៍សំខាន់ៗនៅក្រោមការគ្រប់គ្រងរបស់បារាំង ស្ថានភាពនយោបាយដែលកម្ពុជាធ្លាប់បានជួបប្រទះ និងជីវភាពពលរដ្ឋនៅក្នុងសម័យដែលបារាំងធ្វើជាអាណាព្យាបាលរបស់ខ្មែរ ហើយអ្នកនិពន្ធចង់សំដៅឱ្យពលរដ្ឋខ្មែរចងចាំប្រវត្តិសាស្រ្តមួយនេះ។
ចំណែកសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ ដែលរងការរិះគន់នេះវិញ លោកស្រី ឃួន វិច្ឆិកា បានពន្យល់ថា «អ្នកនិពន្ធបានដាក់ចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» ដែលមិនមែនជាការកែប្រែប្រវត្តិសាស្រ្តទេ ហើយក៏មិនមែនជាការដឹងគុណវៀតណាមដែរ ប៉ុន្ដែរូបវិមានឈ្នះ-ឈ្នះ នេះ គឺទីតាំងដែលប្រមូលផ្ដុំប្រវត្តិសាស្រ្ត ក្រោយសម័យសង្រ្គាមដួលរំលំនៃរបបខ្មែរក្រហម ហើយឯកសារ និងភ័ស្ដុតាងទាំងអស់ ត្រូវបានរក្សាទុកនៅទីនោះ»។
កម្ពុជាបានប្រឹងប្រែងរើបម្រាស់ចេញពីភ្លើងសង្រ្គាម ចាកចេញពីភាពឃោឃៅនៃរបបខ្មែរក្រហម ទើបធ្វើឱ្យកម្ពុជា មានឱកាសអភិវឌ្ឍន៍គ្រប់បែបយ៉ាង មានមុខមានមាត់ស្មើភាពជាមួយអន្តរជាតិ។ ដូច្នេះសៀវភៅនេះដាក់ចំណងជើងថា ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព គឺចង់សំដៅដល់ស្ថានភាពកម្ពុជាចាប់ផ្ដើមភាពរុងរឿងរបស់ខ្លួនឡើងវិញ៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង