Connect with us

ព័ត៌មានជាតិ

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

បានផុស

នៅ

KOICAជឿជាក់​ថា តាមរយៈ​គម្រោង​អភិវឌ្ឍន៍​វិជ្ជាជីវៈ និង​ទេពកោសល្យ​កម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹង​ចូលរួម​លើក​កម្ពស់​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ និង​ទេពកោសល្យ​សម្រាប់​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជឿជាក់​នេះ ក្នុង​ឱកាស លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​របស់​ទីភ្នាក់ងារ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ដឹកនាំ​ដោយ លោកស្រី ឆយ ម៉ូនជុង (Choi Moon Jung) នាយិកា​ប្រចាំ​ប្រទេស​របស់ KOICA ដោយ​ផ្តោត​លើ​វឌ្ឍនភាព នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង KOICA ជាពិសេស​លើ​សេចក្ដីព្រាង​ឯកសារ នៃ​គម្រោង​អភិវឌ្ឍន៍​វិជ្ជាជីវៈ និង​ទេពកោសល្យ​កម្ពុជា ឆ្នាំ ២០២៦-២០៣០ ដែល​រៀបចំ​ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​រសៀល​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញ។

នា​ឱកាស​នោះ​ដែរ លោក ហេង សួរ បាន​អរគុណ​ចំពោះ KOICA ដែល​រួម​ចំណែក​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ២០ ឆ្នាំ។

ទន្ទឹម​នេះ លោក ហេង សួរ បាន​គូស​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ KOICA លើ​គម្រោង​លើក​កម្ពស់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​បច្ចេកទេស នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន TVET ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធីសិក្សា ស្រប​ទៅ​នឹង​តម្រូវការ​ឧស្សាហកម្ម និង​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន។

ជាមួយ​គ្នា​នេះ លោកស្រី ឆយ ម៉ូនជុង បាន​បង្ហាញ​នូវ​ការ​ពេញចិត្ត​ចំពោះ​ការ​បន្ត​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង KOICA និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

លោកស្រី ឆយ ម៉ូនជុង ជឿជាក់​ថា «តាមរយៈ​គម្រោង​អភិវឌ្ឍន៍​វិជ្ជាជីវៈ និង​ទេពកោសល្យ​កម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹង​ចូលរួម​លើក​កម្ពស់​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ និង​ទេពកោសល្យ​សម្រាប់​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា ស្រប​តាម​អាទិភាព​របស់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ ទន្ទឹម​នឹង​អាទិភាព​របស់​ប្រទេស​កូរ៉េ ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ពី​បរទេស»៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម