ព័ត៌មានជាតិ
ក្រុមហ៊ុន ហ្គោលវែល ខាភីថល ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន First Gold ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ
ក្រុមហ៊ុន ហ្គោលវែល ខាភីថល ឯ.ក ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) លើការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយក្រុមហ៊ុន First Asia Merchants Bullion Limited (ត្រូវបានគេស្គាល់ថា First Gold) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ វិសាលភាពនៃកិច្ចសហប្រតិបត្ដិការអន្ដរជាតិមួយនេះ នឹងផ្ដោតសំខាន់លើការលើកកម្ពស់ទំនាក់ទំនង ការអនុវត្ដការងារ និងការផ្ដល់ការអប់រំ ដើម្បីបង្កើនកម្រិតស្តង់ដារសេវាកម្ម និងទំនុកចិត្ដខ្ពស់បំផុតសម្រាប់អតិថិជននៃក្រុមហ៊ុនទាំងសងខាង។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ បានទទួលការផ្ដល់កិត្ដិយសចូលរួមដោយនិយ័តករមូលបត្រកម្ពុជា រួមមាន៖ ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ឯកឧត្ដមបណ្ឌិត វិន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងអន្តរការីមូលបត្រ លោក យន់ សុវណ្ណារ៉ា ប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ លោក ពេជ្រ រិទ្ធី អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ និងលោកបណ្ឌិត Haywood Cheung ប្រធានសមាគម Chinese Gold and Silver Exchange (CGSE) ដើម្បីជាសក្ខីភាពនៃការសម្រេចបាននូវអនុស្សរណៈយោគយល់អន្ដរជាតិថ្មីសម្រាប់ជាប្រយោជន៍ដល់ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា និងនៅទូទាំងសាកលលោក។ ជាមួយគ្នានេះដែរ អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង លោកជំទាវ ឆាយ លក្ខិណា ព្រមទាំងអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង លោកស្រី Nancy Chau និង លោក Lawrence Kook បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ ដើម្បីអបអរសាទរដល់ក្រុមហ៊ុន ហ្គោលវែល ខាភីថល និង ក្រុមហ៊ុន First Gold ដែលបានក្លាយជាដៃគូសហការល្អជាមួយគ្នា។
ក្រុមហ៊ុន ហ្គោលវែល ខាភីថល គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទកំពូលទាំងបីនៅកម្ពុជា ហើយក៏ជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលជាក្រុមហ៊ុនសមភាគីកណ្ដាលលេចធ្លោ និងដំបូងគេបង្អស់នៅកម្ពុជា។ កន្លងមក ក្រុមហ៊ុន ហ្គោលវែល ខាភីថល បានវិនិយោគទាំងធនធាន និងកម្លាំងស្មារតីលើការអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ខ្លួនឱ្យឈានដល់កម្រិតខ្ពស់បំផុត។ ជាលទ្ធផលពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន First Gold ក្រុមហ៊ុន ហ្គោលវែល ខាភីថល រំពឹងថា ក្រុមហ៊ុននឹងអាចពង្រីកវិសាលភាពអាជីវកម្មបន្ថែមទៀត និងផ្តល់សេវាកម្មកាន់តែល្អប្រសើរដល់អតិថិជនរបស់ខ្លួន។ អ្នកតំណាងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងសងខាង គឺលោក ជា ពន្លក នាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល និង លោក Victor Tsang អភិបាលនៃក្រុមហ៊ុន First Gold ។
លោក George Black ប្រធានប្រឹក្សាហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល បានមានប្រសាសន៍ថា៖ «យើងតែងតែប្តេជ្ញាឱ្យមានការសហការល្អគ្រប់ប្រភេទ ជាពិសេសជាមួយក្រុមហ៊ុនក្រៅប្រទេស។ ដូច្នេះ ការទទួលបានក្រុមហ៊ុន First Gold ជាដៃគូ នឹងជួយពង្រីកការយល់ដឹងរបស់យើងឱ្យកាន់តែទូលំទូលាយ និងបង្កើនជំនាញរបស់យើងឱ្យកាន់តែខ្ពស់ នៅក្នុងការបង្កើត និងការផ្ដល់ជូននូវឱកាសវិនិយោគជាលក្ខណៈអន្តរជាតិដល់អតិថិជនគោលដៅរបស់យើង ក៏ដូចជានឹងជួយឱ្យយើងបោះជំហានទៅមុខរហូតដល់ចំណុចកំពូលនៃការផ្សព្វផ្សាយចំណេះដឹងអំពីវិស័យហិរញ្ញវត្ថុក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។»
នៅក្នុងការបង្ហាញចំណាប់អារម្មណ៍របស់លោក Roger Liu អភិបាលនៃក្រុមហ៊ុន First Gold បាននិយាយថា៖ «សម្រាប់ First Gold វិញ យើងបាននិងកំពុងពង្រឹងសមត្ថភាពរបស់អតិថិជនក្នុងការចាប់យកឱកាសវិនិយោគឱ្យបានច្រើនបំផុត ដោយធានាផ្ដល់ជូននូវព័ត៌មានអំពីការជួញដូរដ៏ល្អ និងត្រឹមត្រូវបំផុត។ ការចាប់ដៃគូជាមួយក្រុមហ៊ុន ហ្គោលវែល ខាភីថល មានន័យថា យើងចាប់ផ្តើមទទួលបាននូវឱកាសបន្ថែមរួចទៅហើយ តាមរយៈការបង្កើតបរិយាកាសវិនិយោគប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទូលំទូលាយ ដើម្បីចូលរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុក្នុងស្រុក និងឆ្ពោះទៅកាន់ពិភពលោកផងដែរ។»
លោកបណ្ឌិត Haywood Cheung ក៏បានចូលរួមជាមតិយោបល់ផងដែរថា៖ «សមាគម CGSE តែងតែលើកទឹកចិត្ដដល់សមាជិករបស់ខ្លួនដើម្បីបន្ដលើកកម្ពស់កិច្ចសហប្រតិបត្ដិការជាមួយទីផ្សារលោហធាតុមានតម្លៃនៅជុំវិញពិភពលោក និងជំរុញទីផ្សារមាសនៅទីក្រុងហុងកុងឱ្យកាន់តែសកម្ម។ ក្រុមហ៊ុន First Gold ដែលជាសមាជិកមួយនៃសមាគម CGSE តែងតែបន្ដតួនាទីរបស់ខ្លួនបានយ៉ាងជោគជ័យអស់រយៈពេល ៣០ ឆ្នាំមកហើយ។ ដោយមានមូលដ្ឋាននៅទីក្រុងហុងកុង First Gold ក៏បានពង្រីកអាជីវកម្មរបស់ខ្លួនជាបន្ដបន្ទាប់ និងពង្រីកវិសាលភាពរបស់ខ្លួនកាន់តែទូលំទូលាយនៅក្នុងតំបន់អភិវឌ្ឍន៍ស្នូលជាច្រើនកន្លែងនៃតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ»។
ក្រៅពីការចូលរួមជាសក្ខីភាពនៃភាពជោគជ័យនៅក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ប្រតិភូដែលជានិយ័តករមូលបត្រកម្ពុជា ក៏បានឆ្លៀតឱកាសអបអរសាទរដល់ភាគីទាំងសងខាង និងបានបង្ហាញការកោតសរសើរចំពោះគុណតម្លៃដ៏ធំធេងនៃកិច្ចសហការមួយនេះ។
ឯកឧត្ដម ស៊ូ សុជាតិ បានមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចសហការមួយនេះ នឹងក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទីក្រុងហុងកុង។ ក្នុងនាមជានិយ័តករទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ខ្ញុំមានសេចក្តីរីករាយដែលទំហំនៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៦មក ទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩នៅទូទាំងពិភពលោកក្ដីក្នុងអំឡុងពេលជាងមួយឆ្នាំចុងក្រោយនេះ។ ទាំងនេះក៏ដោយសារតែការខិតខំប្រឹងប្រែង និងភាពរីកចម្រើនរបស់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់ ដូចជាក្រុមហ៊ុន ហ្គោលវែល ខាភីថល ជាដើម ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ។»
ស្របជាមួយគ្នានេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន សមភាគីកណ្តាល ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ក៏បានកោតសរសើរផងដែរចំពោះការប្តេជ្ញាចិត្ត និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ហ្គោលវែល ខាភីថល ដែលជាក្រុមហ៊ុនឈ្មួញជើងសារបស់ខ្លួន ដោយបានក្លាយជាក្រុមហ៊ុនកំពូលមួយដែលមានស្តង់ដារអន្តរជាតិយ៉ាងឆាប់រហ័ស។
លោកជំទាវ ឆាយ លក្ខិណា បានសង្កត់ធ្ងន់ថា៖ «ក្រុមហ៊ុន First Gold គឺជាសមាជិកនៃសមាគម Chinese Gold & Silver Exchange (CGSE) ដែលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង របស់យើង ធ្លាប់បានទៅធ្វើទស្សនកិច្ចម្ដងរួចមកហើយ ដើម្បីធ្វើការសិក្សា និងចែករំលែកនូវបទពិសោធន៍ គំរូយុទ្ធសាស្ដ្រអាជីវកម្ម និងបទប្បញ្ញាត្ដិលើការធ្វើអាជីវកម្មឧបករណ៍និស្សន្ទ សម្រាប់ការបង្កើតទីផ្សារដ៏ជោគជ័យមួយនៅកម្ពុជា។ ដូច្នេះ ខ្ញុំជឿជាក់ថា កិច្ចសហការនេះ គឺជាវេទិកាដ៏ល្អមួយសម្រាប់ភាគីទាំងពីរ ក្នុងការសិក្សា និងចែករំលែករូបមន្ដល្អៗ ដើម្បីសម្រេចគោលដៅរួមរបស់ពួកគេ។» ភាពជឿទុកចិត្ត និងខ្លឹមសារសំខាន់ៗ ត្រូវបានគូសបញ្ជាក់តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាមួយនេះ ហើយវាគឺជាដំណឹងដ៏ល្អមួយ ជាពិសេសសម្រាប់សាធារណជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទីក្រុងហុងកុង ដែលកំពុងស្វែងរកក្រុមហ៊ុនសហប្រតិបត្តិការពហុអន្តរជាតិ ដើម្បីទទួលបានចំណេះដឹងដ៏ពិតប្រាកដបន្ថែមទៀតអំពីទីផ្សារហិរញ្ញវត្ថុ និងដើម្បីបង្កើនទ្រព្យសម្បត្តិ ព្រមទាំងពន្លឿនកម្រិតសេដ្ឋកិច្ចរបស់ពួកគាត់៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ