Connect with us

ព័ត៌មានជាតិ

ថៃ អនុញ្ញាតឱ្យពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាព បន្ត ៦ ខែទៀត រហូតដល់ខែសីហា ឆ្នាំ ២០២៥

បានផុស

នៅ

រាជរដ្ឋាភិបាល​ថៃ បានសម្រេច​អនុញ្ញាតឱ្យ​ពលករ​ខ្មែរ ដែលមាន​ទិដ្ឋាការ​ស្នាក់នៅ​ផុត​សុពលភាព​នៅ​ថ្ងៃទី​ ១៣​ ខែ​កុម្ភៈ ឆ្នាំ​ ២០២៥ អាច​បន្ត​បណ្ណ​អនុញ្ញាត​ការងារ និង​ទិដ្ឋាការ​ស្នាក់នៅ​រយៈពេល ​៦ ខែ​បន្ត​បន្ថែមទៀត ​រហូតដល់​ថ្ងៃទី ​១៣ ខែសីហា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​០៧​ កុម្ភៈ​ នេះ​ថា ​យោងតាម​ស្មារតី​អង្គប្រជុំ​រវាង ​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ​ លោក Phiphat Ratchakitprakarn កាលពី​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំ​ ២០២៤ កន្លងទៅ រដ្ឋាភិបាល​ថៃ​ បាន​សម្រេច​អនុញ្ញាត​ឱ្យ​ពលករ​ខ្មែរ ដែលមាន​ទិដ្ឋាការ​ស្នាក់នៅ​ផុត​សុពលភាព​នៅ​ថ្ងៃទី​ ១៣ ខែ​កុម្ភៈ ឆ្នាំ ២០២៥ អាច​បន្ត​បណ្ណ​អនុញ្ញាត​ការងារ និង​ទិដ្ឋាការ​ស្នាក់នៅ រយៈពេល ២ ​ឆ្នាំ​ បន្តទៀត ​រហូតដល់​ឆ្នាំ​ ២០២៧ ប៉ុន្តែ​ត្រូវ​ដំណើរការ​ឱ្យបាន​រួចរាល់​ត្រឹម​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥។

លោក​បាន​បន្តថា ប៉ុន្តែ​ដើម្បី​ជួយ​សម្រួល និង​ទុក​ពេលវេលា​ឱ្យ​និយោជក​ថៃ អាច​បន្ត​បណ្ណ​អនុញ្ញាត​ការងារ និង​ទិដ្ឋាការ​ស្នាក់នៅ​ជូន​ពលករ​បាន​រួចរាល់​ទាន់ពេលវេលា កាលពី​ថ្ងៃទី ​៤ ខែកុម្ភៈ ឆ្នាំ ២០២៥ គណៈរដ្ឋមន្ត្រី​ថៃ​ បានសម្រេច​ឯកភាព​លើ​ការ​ពន្យារ​ពេល ចំនួន ​៦​ ខែ​ទៀត ចាប់ពី​ថ្ងៃទី ​១៤ ខែ​កុម្ភៈ ដល់​ថ្ងៃទី​ ១៣ ខែសីហា ឆ្នាំ ​២០២៥ ដើម្បីឱ្យ​និយោជក​រៀបចំ​ដំណើរការ​ឯកសារ​ឱ្យ​ពលករ​អាច​ស្នាក់នៅ និង​ធ្វើការ​បាន​ដល់​ថ្ងៃទី ​១៣ ខែកុម្ភៈ ឆ្នាំ ២០២៧ និង​បន្ត​បាន ២ ​ឆ្នាំ​ទៀត។

បើតាម លោក កត្តា អ៊ន ការពន្យារពេល​ក្នុងការ​ដំណើរការ​ឯកសារ​ដល់​ពលករ​នាពេលនេះ គឺ​ស្ថិត​ក្រោម​ការចុះ​អនុស្សរណៈ​យោគយល់​រវាង​ប្រទេស​កម្ពុជា និង​ថៃ។ នីតិវិធី​ក្នុងការ​បន្ត​បណ្ណ​អនុញ្ញាត​ការងារ និង​ទិដ្ឋាការ​ស្នាក់ ដល់​ពលករ​ខ្មែរ គឺ​ត្រូវ​ដំណើរការ​តាម​នីតិវិធី​របស់​ភាគី​ថៃ។

លោក កត្តា អ៊ន បានបញ្ជាក់​ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ ​២០២៤ ពលករ​ខ្មែរ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ប្រមាណ​ជិត​ ១​ លាន ៣ ​សែន​នាក់​ ស្រី​ជាង ៥២ ម៉ឺន​នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម