ព័ត៌មានជាតិ
ស្វែងយល់ពីភូមិសាស្រ្ត និងសក្តានុពលសេដ្ឋកិច្ចខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាន មានចម្ងាយ ៣៨២ គីឡូ ម៉ែត្រ ពីរាជធានីភ្នំពេញ។ ខណៈខេត្តនេះផ្ទៃដីគ្របដណ្តប់ភាគច្រើនជាព្រៃឈើ ប្រជុំដោយភ្នំ ខ្ពង់រាប និងសំបូរដោយជ្រោះជ្រងជ្រលងដងអូរ។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/mondulkiri-kpt-1024x683.jpg)
ស្ថានភាពភូមិសាស្រ្ត និងប្រជាសាស្រ្ត
ខេត្តមណ្ឌលគិរីមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៩៧.៥៦២ នាក់ ស្មើនឹង ២៣.៥៤០ គ្រួសារ។ នេះបើតាមទិន្នន័យគិតត្រឹមឆ្នាំ២០២២។ ក្នុងនោះមានជនជាតិដើមភាគតិច ៨ ជនជាតិ (ព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ ថ្នូន និងកួយ) ស្មើនឹង ៥៥% នៃប្រជាពលរដ្ឋសរុបក្នុងខេត្ត។
ភូមិសាស្ត្ររបស់ខេត្ត ខាងលិចទល់នឹងខេត្តក្រចេះ ខាងជើងទល់នឹង ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ខាងកើតនិងខាងត្បូងទល់នឹង ខេត្តដាក់ឡាក់ ខេត្តដាក់ណុង និងខេត្តប៊ិញភឿក សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រវែង ៣១៤.៦៦៤ គីឡូម៉ែត្រ។ ផ្ទៃដីសរុបរបស់ខេត្តមានទំហំ ១៤ ២៨៨ គ.ម២ បែងចែកជាក្រុង ១ ស្រុក ៤ ឃុំ ១៧ សង្កាត់ចំនួន ០៤ និងភូមិចំនួន ៩២។
បើតាមរដ្ឋបាលខេត្ត នៅឆ្នាំ ២០២២ ទំហំសេដ្ឋកិច្ចខេត្តមណ្ឌលគិរីមានប្រមាណ ១៦៤ លានដុល្លារអាមេរិក ស្មើនឹង ១.៣% នៃសេដ្ឋកិច្ចជាតិ ខណៈចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ស្មើនឹង ១,៦៨៧ដុល្លារអាមេរិក។
ពលរដ្ឋក្នុងខេត្តមណ្ឌលគិរីពឹងផ្អែកលើមុខរបរកសិកម្មមាន ៨២% សិប្បកម្ម១% និងសេវាកម្ម ១៧%។
ខេត្តមានច្រកទ្វារព្រំដែនទ្វេភាគីសំខាន់ៗចំនួន ០៣ សម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ក្នុងនោះមាន៖ ច្រកទ្វារទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា , ច្រកទ្វារទ្វេភាគីដាក់ដាំ ស្រុកអូររាំង និងច្រកទ្វារទ្វេភាគីណាំលៀរ ស្រុកពេជ្រាដា។
ដោយឡែកច្រកទ្វារជីមៀត ស្រុកកោះញែក មិនទាន់ដំណើរការនៅឡើយ ព្រោះមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធ្វើដំណើរទៅដល់។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/402037721_6999802993376426_3161825452626152390_n-1024x683.jpg)
សក្តានុពលសំខាន់ៗរបស់ខេត្ត មានវិស័យសំខាន់ៗចំនួន ៤ ក្នុងនោះ៖
-វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៖ ផ្ទៃដីខេត្តមណ្ឌលគិរីមានទំហំធំ ហើយដីមានជីជាតិអំណោយផលដល់ការដាំដុះដំណាំកសិកម្ម និងដំណាំកសិ-ឧស្សាហកម្ម។ ក្នុងនោះផ្ទៃដីអាចដាំដុះដំណាំស្រូវនៅស្រុកកោះញែក និងផ្ទៃដីដាំដុះដំណាំផ្សេងៗនៅក្រុងសែនមនោរម្យ ស្រុកកែវសីមា ស្រុកពេជ្រាដា និងស្រុកអូររាំងជាដើម។
ដំណាំកៅស៊ូនៅទូទាំងខេត្តសរុបមានចំនួនសរុប ៤២.៥៣៧,៤១ ហិកតា ក្នុងនោះកៅស៊ូក្រុមហ៊ុនមាន ៣១.២៣១,៩៨ ហិកតា និងកៅស៊ូគ្រួសារមាន ១១.៥៧០,៤៣ ហិកតា។
ការងារដាំដុះដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម ក្នុងនោះដំណាំស្រូវរហូតមកដល់ឆ្នាំ ២០២២ អនុវត្តបានលើផ្ទៃដីទំហំ ២៩,៣៦៤ ហិកតា មានការកើនឡើងធៀបនឹងឆ្នាំមុនៗ។ ដំណាំសាកវប្បកម្ម (មានដំណាំបន្លែ ដំណាំហូបផ្លែ ដំណាំរួមផ្សំ) ដាំដុះលើផ្ទៃដីសរុប ២,០៨៣ហិកតា ដំណាំឧស្សាហកម្មផ្ទៃដីដាំដុះសរុប ១៥,៤៤៩ហិកតា ដំណាំកៅស៊ូគ្រួសារដាំដុះលើផ្ទៃដីសរុបចំនួន ១១,៥៧០.៤៣ ហិកតា ទទួលបានទិន្នផលជ័រកៅស៊ូស្ងួតសរុប ១០,០៦៣.១ តោន។ ដំណាំកៅស៊ូក្រុមហ៊ុន ផ្ទៃដីដាំដុះសរុប ៣១.២៣១,៩៥ ហិកតា។ ឆ្នាំ២០១៨ ផ្ទៃដីធ្វើអាជីវកម្មកៅស៊ូក្រុមហ៊ុនមានចំនួន ៤ ក្រុមហ៊ុន ស្មើនឹង ៣,៤១២.៦៩ហិកតា បានកើនដល់ ៩,៦៩៥.៧០ ហិកតា។ ក្នុងឆ្នាំ ២០២២ ទទួលបានបរិមាណផលជ័រស្ងួត ៦,០១៧.៣៩ តោន មានចំនួន ៨ ក្រុមហ៊ុន។
គិតត្រឹមឆ្នាំ ២០២២ ក្រុមហ៊ុនកំពុងវិនិយោគផ្នែកកសិកម្ម និងកសិឧស្សាហកម្មក្នុងខេត្តមានចំនួន ២៥ ក្រុមហ៊ុនលើផ្ទៃដី ១៤៧.០១៣,០៥ហិកតា។
-វិស័យអេកូទេសចរណ៍៖ ខេត្តមណ្ឌលគិរីមានតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិសរុបចំនួន ១០៥ កន្លែង ក្នុងនោះរមណីយដ្ឋានមានសេវាកម្មស្នាក់នៅ និងរមណីយដ្ឋានគ្មានសេវាកម្មស្នាក់នៅចំនួន ៣៨ កន្លែង សេវាកម្មទេសចរណ៍ ក្នុងនោះមាន សណ្ឋាគារ ០៦ កន្លែង ផ្ទះសំណាក់ ៣៦ កន្លែង ម៉ូតែលនិងប៊ូទិក ១០ កន្លែង ភោជនីយដ្ឋាន អាហារដ្ឋាន ៣០ កន្លែង, ខារ៉ាអូខេ ១២ កន្លែង មានក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ ០៣ ក្រុមហ៊ុន (អនុញ្ញាតដោយអាជ្ញាធរខេត្ត)។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/416943674_687275250250139_714155410352413230_n-1-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/464091626_1074013281398952_3380463050865359304_n-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2025/02/463925923_1074013564732257_4957087668333376254_n-1024x683.jpg)
-វិស័យគមនាគមន៍៖ ផ្លូវក្នុងខេត្តសរុបមានប្រវែង ៨៥១,៣៧៦ គ.ម ក្នុងនោះផ្លូវក្នុងខេត្តចំនួន ០៨ ខ្សែ ប្រវែង ៥៣០,៥គ.ម ផ្លូវក្នុងក្រុងចំនួន ៥៩ ខ្សែ ប្រវែង ៦៥.៨៦ម និងផ្លូវលំចំនួន ៣២ ខ្សែ ប្រវែង ២៥៥គ.ម។
ផ្លូវជាតិលេខ ៧៦ ពីស្រុកស្នួល ខេត្តក្រចេះមកដល់ក្រុងសែនមនោរម្យប្រវែង ១២៧ គ.ម និងពីក្រុងសែនមនោរម្យទៅតាអង្គ ស្រុកកូនមុំ ខេត្តរតនគិរី ប្រវែង ១៧២គ.ម។ ផ្លូវលេខ ៧៥ ពីស្រុកកោះញែកទៅស្រុកចិត្របុរី ខេត្តក្រចេះ ប្រវែង ១៥០គ.ម (ផ្លូវដី)។ ផ្លូវច្រកទ្វារព្រំដែនទ្វេភាគីតភ្ជាប់តំបន់ព្រំដែនជាមួយប្រទេសវៀតណាមមានចំនួន ០៣ ខ្សែ ប្រវែង ៨៧គ.ម។
-វិស័យធនធានរ៉ែ និងថាមពល៖ ត្រឹមឆ្នាំ ២០២២ ក្រុមហ៊ុនវិនិយោគលើវិស័យធនធានរ៉ែក្នុងខេត្តសរុបមានចំនួន ៣០ អាជ្ញាប័ណ្ណ ក្នុងនោះមាន ១៤ ក្រុមហ៊ុន ស្មើនឹង ១៩ អាជ្ញាប័ណ្ណ ជាលក្ខណៈសិប្បកម្មមាន ១១ អាជ្ញាប័ណ្ណ។ ក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ខេមបូឌា លីមីធីត ជាក្រុមហ៊ុនដ៏ធំមួយដែលបានវិនិយោគអាជីវកម្មចម្រាញ់រ៉ែមាសចាប់ពីថ្ងៃទី២១ ខែមិថុនា រហូតដល់បច្ចុប្បន្ននេះ។
ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម
-ការផ្គង់ផ្គង់អគ្គិសនី៖ គ្របដណ្ដប់ស្ទើរគ្រប់ភូមិនៅទូទាំងខេត្ត លើកលែងតែភូមិមួយចំនួនតូចដែលស្ថានភាពផ្លូវមានការលំបាកធ្វើដំណើរចូលទៅដល់ និងភូមិនៅតំបន់ដាច់ស្រយ៉ាលនៅក្នុងព្រៃជ្រៅ។
-អង្គភាពរដ្ឋាករទឹកក្រុងសែនមនោរម្យ មានលទ្ធភាពផលិតទឹកស្អាតចំនួន ២,០០០ ម៣ ក្នុងមួយថ្ងៃ ផ្គត់ផ្គង់ប្រជាពលរដ្ឋបានចំនួន ៩,០១៤ នាក់ ស្មើនឹង ៥៨.៤៧%។ ស្ថានីយទឹកស្អាតឯកជន ១ កន្លែង នៅក្នុងស្រុកកោះញែកមានលទ្ធភាពផលិតទឹកស្អាតចំនួន ១,៦៨០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ផ្គត់ផ្គង់ប្រជាពលរដ្ឋបានចំនួន ២,៦២៦នាក់ ស្មើនឹង ១១.០២%។ នៅស្រុកកែវសីមា ១ កន្លែង មានលទ្ធភាពផលិតទឹកស្អាតចំនួន ១,៤៤០ ម៣ ក្នុងមួយថ្ងៃ ផ្គត់ផ្គង់ប្រជាពលរដ្ឋបានចំនួន ២,០៥៨ នាក់ ស្មើនឹង ៤.៣២%។ នៅស្រុកអូររាំង មានលទ្ធភាពផលិតទឹកស្អាតចំនួន ១,៤៤០ម៣ ក្នុងមួយថ្ងៃ ផ្គត់ផ្គង់ប្រជាពលរដ្ឋបានចំនួន ៥០៨ នាក់ ស្មើ នឹង ៧.៦៨% និងស្រុកពេជ្រាដា មានលទ្ធភាពផលិតទឹកស្អាតចំនួន ១,៤៤០ ម៣ ក្នុងមួយថ្ងៃ ផ្គត់ផ្គង់ប្រជាពលរដ្ឋបានចំនួន ១,៣០០នាក់ ស្មើនឹង ៥.៩៨%។
-មូលដ្ឋានអាជីវកម្មដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងខេត្តសរុបចំនួន ១ ១២២ មូលដ្ឋានអាជីវកម្មរួមមាន៖ ប្រភេទពាណិជ្ជកម្មចំនួន ៩៤១ មូលដ្ឋានអាជីវកម្ម ប្រភេទសេវាកម្មចំនួន ១៤៧ មូលដ្ឋាន អាជីវកម្ម ប្រភេទប្រេងឥន្ធនៈ និងឧស្ម័នគ្រឿងឆេះចំនួន ៣២ មូលដ្ឋាន អាជីវកម្ម ត្បូងថ្ម និងគ្រឿងអលង្ការ មានតម្លៃចំនួន ០២ មូលដ្ឋានអាជីវកម្ម។
-សហគ្រាសគ្រឹះស្ថានសរុបនៅក្នុងខេត្តមានចំនួន ១៩៧ សហគ្រាស ក្នុងនោះ សហគ្រាសគ្រឹះស្ថានផ្នែកកសិ-ឧស្សាហកម្ម ចំនួន ២៣ សហគ្រាស សហគ្រាសរុករករ៉ែចំនួន ០៤ សហគ្រាស ធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ១៧ សហគ្រាស អង្គការចំនួន ១១ សហគ្រាស និងសណ្ឋាគារ ផ្ទះសំណាក់ រីស៊ត រមណីយដ្ឋានចំនួន ១៣៥ កន្លែង ឡឥដ្ឋចំនួន ០២ សហគ្រាស និងផ្នែកសេវាកម្សាន្តចំនួន ០៥ សហគ្រាស។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/DJI_0702-1024x576.jpg)
ផែនការអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។ តាមរយៈការកំណត់នេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បាន ដាក់ចេញនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ ដែលជាផែនការ យុទ្ធសាស្ត្រមួយក្នុងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឱ្យមានការរីកចម្រើន និងមានកំណើន សេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលក្នុងខេត្ត៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត