Connect with us

ព័ត៌មានជាតិ

ច្បាប់ដាក់ទោសជនមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម នឹងដាក់ឱ្យរដ្ឋសភាអនុម័ត នាសប្ដាហ៍ក្រោយ

បានផុស

នៅ

សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល នឹងត្រូវលើកមកពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាសប្ដាហ៍ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកំណត់ដាក់សេចក្ដីព្រាងច្បាប់ពាក់ព័ន្ធការដាក់ទោសជនណាថាគ្មានឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា គឺបានធ្វើឡើងតាមរយៈការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមានដឹកនាំរបស់សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទសម្រាប់បន្តសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយនឹងពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន២ គឺសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មាន៧មាត្រា នឹងទៅជំនួសច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលជាច្បាប់ចាស់ប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។

ការរៀបចំឡើងវិញនូវច្បាប់នេះ គឺបន្ទាប់ពីមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ និងទទួលបានគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ជំនួសច្បាប់ចាស់។ ក្រសួងយុត្តិធម៌ ក៏បានពិនិត្យ សិក្សា និងរៀបចំការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីឱ្យស្របទៅតាមបរិបទថ្មីនៃការបិទបញ្ចប់ដំណើរការនីតិវិធីគ្រប់សំណុំរឿង និងការចេញសាលដីកាស្ថាពរដោយ អ.វ.ត.ក.។

សេចក្តីព្រាងច្បាប់ថ្មីនេះ កំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានទទួលស្គាល់ដោយសេចក្ដីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់ក្តីឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលសរសេរកាត់ថា «អ.វ.ត.ក.» ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះ វិលត្រឡប់មកវិញនៅកម្ពុជា។

ទន្ទឹមនេះ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីប្រភេទឧក្រិដ្ឋកម្ម ដែលត្រូវបានរកឃើញដោយ អ.វ.ត.ក. រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មនៃការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ដើម្បីកត់ត្រាទុកជាប្រវត្តិសាស្ត្រ នៅក្នុងច្បាប់តែម្តង សំដៅម្យ៉ាង ដើម្បីឱ្យប្រជាពលរដ្ឋមានការចងចាំជានិច្ចមិនអាចបំភ្លេចបាននូវមហាសោកនាដកម្ម ក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ម្យ៉ាងទៀត ដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយ ដែលបដិសេធមិនទទួលស្គាល់ការពិតចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុតដែលបានកើតឡើងនៅកម្ពុជា កាលពីអតីតកាល។

សេចក្តីព្រាងច្បាប់នេះ បានដំឡើងកម្រិតទោសចំពោះបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ទៅជាទោសដាក់ពន្ធនាគារ ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល សំដៅធានាការពារឧត្តមភាព និងកិត្យានុភាពនៃសេចក្ដីសម្រេចស្ថាពរ និងបេសកកម្មជាប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក.។

ថ្លែងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញ​​ជា​អធិបតីពិធីបិទ​សន្និ​សីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មាន​អំពើ​ប្រល័យពូជសាសន៍ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានអះអាងថា ការតាក់តែងច្បាប់នេះ គឺមិនមែនជាការរំលោភបំពានលើសេរីភាពបញ្ចេញមតិនោះទេ ក៏ប៉ុន្តែ ជាការបិទបញ្ចប់ល្បែងនយោបាយរបស់អ្នកនយោបាយមួយចំនួន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ វិនាទី មុន

ច្បាប់ដាក់ទោសជនមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម នឹងដាក់ឱ្យរដ្ឋសភាអនុម័ត នាសប្ដាហ៍ក្រោយ

ស្រូវវៀតណាម
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

វៀតណាម៖ គម្រោងឈប់នាំចូលអង្កររបស់ឥណ្ឌូណេស៊ី​ធ្វើមិនបានយូរទេ

ព័ត៌មានជាតិ៦ នាទីutes មុន

មិនខុសពីរាជធានី-ខេត្តផ្សេងៗ ខេត្តរតនគិរី ក៏បានរៀបចំពិធីបុណ្យមាឃបូជាដែរនៅក្នុងវត្តកណ្តាលក្រុងបានលុង

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ឥណ្ឌាស្វះស្វែង​រក​ប្រាក់​២ពាន់​លាន​​​​ដុល្លារ​ ធ្វើ​ការ​ឆ្ពោះ​ទៅ​​ពង្រីក​ថាមពលនុយក្លេអ៊ែរ

ព័ត៌មានជាតិ១១ នាទីutes មុន

មន្ត្រី ៤រូប ស្បថចូលជាមន្ត្រីនគរបាលយុត្តិធម៌ នៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម