Connect with us

ព័ត៌មានជាតិ

ខេត្តប៉ៃលិន ជាខេត្តទី១៦ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ១០០%

បានផុស

នៅ

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខេត្តប៉ៃលិន ត្រូវបានប្រកាសទទួលស្គាល់ថា ជាខេត្តទី១៦ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)១០០% ដែលពិធីនេះស្ថិតក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា នៅទូទាំងខេត្តប៉ៃលិន មានខ្នងផ្ទះសរុប១៨១១៣ខ្នងផ្ទះ ចំនួនភូមិមានបណ្តាញទឹកស្អាតគ្របដណ្តប់មានចំនួន៧៤ភូមិ ស្មើនឹង ៧៩,៥%, ចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៨ ១១៣ខ្នងផ្ទះ ស្មើនឹង ១០០% ក្នុងនោះមាន ខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនសរុប ១៧ ១៤៤ខ្នងផ្ទះ ស្មើនឹង ៩៥% និងខ្នងផ្ទះប្រើបង្គន់រួមសរុប ៩៦៩ខ្នងផ្ទះ ស្មើនឹង ៥%, ស្ថានភាពក្រុង-ស្រុក, ឃុំ-សង្កាត់ និងភូមិ ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល សរុប ២ក្រុង-ស្រុក ស្មើនឹង ១០០% ឃុំ-សង្កាត់ទាំង០៨ ទទួលបាន ODF ស្មើនឹង ១០០% និងក្នុងចំណោម ៩៣ ភូមិ មានភូមិចំនួន ៦០ ជាភូមិ ODF ស្មើនឹង ៦១% និង ៣៨ភូមិ ជាភូមិ ODF Plus ស្មើនឹង ៣៩%។ លោកស្រីអភិបាលខេត្ត ក៏បានលើកឡើងអំពីការអភិវឌ្ឍនានាក្នុងខេត្តប៉ៃលិន លើវិស័យអភិវឌ្ឍន៍ជនបទ ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ, ការផ្តល់ជូនការងារ មុខរបរអាជីវកម្ម, ការផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព និងអនាម័យ ក្នុងការលើកកម្ពស់សុខភាពអនាម័យសាធារណៈ ដើម្បីឈានទៅសម្រេចបាន នូវទស្សនវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោក យី គឹមថាន នាយករងប្រចាំប្រទេសរបស់អង្គការភ្លែនអន្ដរជាតិ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការភ្លែនអន្ដរជាតិ និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីគាំទ្រខេត្តប៉ៃលិន ជាខេត្តគោលដៅអភិវឌ្ឍន៍លើការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលជាផ្នែកដ៏សំខាន់ធ្វើឱ្យខេត្តនេះ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅថ្ងៃនេះ។

ចំណែកលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តប៉ៃលិនសម្រេចបាននាពេលកន្លងមក លើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ។ លោក ក៏បានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus។

លោករដ្ឋមន្រ្ដី បានបន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ។

សូមជម្រាបជូនផងដែរថា គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១៦ហើយ ដែលសម្រេចបានជារាជធានី-ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តរតនគីរី ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ  ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ និងខេត្តប៉ៃលិន៕

អត្ថបទ៖សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ វិនាទី មុន

ខេត្តប៉ៃលិន ជាខេត្តទី១៦ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ១០០%

សុខភាព២ នាទីutes មុន

អ្នកជំងឺជិត ៧ ពាន់នាក់ បាន​ទទួលសេវាព្យាបាលឥតគិតថ្លៃ ពី​គ្រូពេទ្យស្ម័គ្រចិត្ត​សមាគមសុខាភិបាល​ខ្មែរអាមេរិក

ព័ត៌មានជាតិ៣ នាទីutes មុន

កម្មការិនីមានផ្ទៃពោះ នៃរោងចក្រហ្វ័រម៉ាត សប្បាយចិត្តដែលនៅតែ ទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស

សេដ្ឋកិច្ច៤ នាទីutes មុន

សហគ្រិនជាស្រ្ដីខ្មែរម្នាក់ដាក់ផែនការបង្កើតប្រេនសាប៊ូ​ខ្លួនឯងដាក់លក់លើទីផ្សារ​

មូស
សន្តិសុខសង្គម៧ នាទីutes មុន

សកម្មភាពបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានី មិនទាន់បញ្ចប់នៅឡើយ

Sokha Hotels

ព័ត៌មានពេញនិយម