Connect with us

ព័ត៌មានអន្ដរជាតិ

កាន់​អំណាច​ត្រឹម​១ខែ លោក ត្រាំ ​ធ្វើ​ឲ្យរំជើបរំជួល​​ទាំងក្នុងស្រុក​ និង​ការ​បែកបាក់សម្ព័ន្ធ​មិត្ត​

បានផុស

នៅ

រយៈពេល​១ខែ​​គត់​គិត​ត្រឹមថ្ងៃទី​​២០ខែ​កុម្ភៈ​ ចាប់តាំងពីស្បថ​ចូល​កាន់​​​​អំណាច​​​​​សម្រាប់អាណត្តិទីពីរជា​ប្រធានាធិបតី​​​​ទី​៤៧​របស់​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ (Donald Trump) បាន​​​​នាំ​ទៅ​ដល់​​ការផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​​ទាំង​​​​​​ការ​កែទម្រង់​​​​នយោបាយ​ក្នុង​ប្រទេស​​និង​​​​បង្ក​ភាព​វឹក​វរ​​ក្នុង​នយោបាយ​អន្តរជាតិ​។

ប្រធានាធិបតី​​​​ទី​៤៧​របស់​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ (Donald Trump)។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងខែដំបូង​​នៃ​ការ​ឡើង​កាន់​អំណាច​​​ ​លោក ដូណាល់ ត្រាំ​ បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស​​​​និង​ភាពរំជើប​រំជួល​​​​​មិនធ្លាប់​មាន​​ក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋអាមេរិក និង​​​ដំណើរ​ការ​​នយោបាយ​សកល​​​ បន្ទាប់​​ពី​​លោក​ដូណាល់ ត្រាំ បានប្រើប្រាស់​អំណាច​ជា​ប្រធានាធិបតី​ដាក់ចេញនូវ​បទ​បញ្ជា​​​ប្រតិបត្តិ​លើ​គោលនយោបាយយ៉ា​ង​ច្រើន​មិនធ្លាប់​មាន​ក្នុង​​ប្រវត្តិឡើង​កាន់​អំណាច​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​មុន​ៗ​​។​

​ត្រឹមរយៈពេល​១ខែ​នេះ​​ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញ​បទបញ្ជា​ប្រតិបត្តិ (Executive Order) ​​​ចន្លោះ​ពី​៦៨​​ទៅ​៧៣ ដែលសំដៅ​​ពង្រឹងកិច្ច​ការ​​ក្នុង​រដ្ឋបាល​របស់​​លោក​ចាប់​ពីដើម​អាណត្តិ​​នេះ​ទៅ។​ ​​​លោក​ដូណាល់ ត្រាំ បាន​ធ្វើ​​រឿង​ចម្រូងចម្រាស​ជាច្រើន​​ក្នុង​ត្រឹម​១ខែ​នេះ​។

សម្រាប់​​ការផ្លាស់ប្តូរ​គោលនយោបាយ​ក្នុងស្រុក​ លោក ដូណាល់ ត្រាំ​ បានចេញបទបញ្ជាប្រតិបត្តិជាច្រើន​​​ នាំទៅដល់​ការ​ផ្លាស់​​ប្តូរ​និង​បង្កភាព​វឹក​វរ​និង​​ការ​រំជើប​រំជួល​​​ក្នុងប្រទេស​​ ដោយ​គ្រាន់តែ​ថ្ងៃ​ដំបូង​នៃ​ការ​ឡើង​កាន់​អំណាច​ភ្លាម លោក ត្រាំ បាន​ចេញ​​បញ្ជា​ប្រតិបត្តិ​រហូត​ជា​​​ង​២៥ ​ដោយ​​ផ្តោតលើអន្តោប្រវេសន៍ ការរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលសហព័ន្ធ​ឡើង​វិញ និងគោលនយោបាយសង្គម។

លោក ដូណាល់ ត្រាំ ​បាន​ចេញ​​បទ​​បញ្ជា​​រឹតបន្តឹង​សន្តិសុខ​តាម​ព្រំដែន ដោយ​ប្រកាស​​នូវ​​ភាពអាសន្ន​ជាតិ​នៅ​ព្រំដែន​អាមេរិក​-​ម៉ិកស៊ិក និង​បញ្ជូន​ទាហាន​ទៅ​ទប់ស្កាត់​ការ​ឆ្លង​កាត់​​ព្រំដែន​ខុសច្បាប់។ ប្រទេស​ដែល​រង​​ផល​ប៉ះពាល់​​ខ្លាំង​និង​ភ្លាម​ៗ គឺ​ ប្រទេស​​ម៉ិកស៊ិក និង​អាមេរិក​កណ្តាល។

​រឿង​ដែលចម្រូង​ចម្រាស​បំផុត​ គឺ​ការ​ចេញបញ្ជា​ឲ្យ​បិទ​ទីភ្នាក់ងារ​​​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​ន៍​​អន្តរជាតិ (USAID) ដែល​នាំ​ទៅដល់​ការ​កាត់​ផ្តាច់​ជំនួយ​​​​រាប់សិបពាន់​លាន​ទៅកាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​ប៉ះពាល់​ដល់​​ប្រជាជនអាមេរិក​រាប់​ ដល់​រាប់​ម៉ឺន​នាក់​​ដែល​បម្រើ​ការ​នៅ​​ភ្នាក់ងារ​សហព័ន្ធ​១នេះ​។

ដូចការ​សន្យា​ក្នុងពេល​​យុទ្ធនាការ​បោះឆ្នោត​ លោក​ ដូណាល់ ត្រាំ​ បាន​បញ្ចប់​​​សិទ្ធិ​​​​​ស្វ័យប្រវត្តិ​​ក្នុង​ការ​ទទួល​សិទ្ធិពលរដ្ឋ​ពីកំណើត ដែលជាចលនាមួយប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់។​​

​ការ​កាត់​បន្ថយ​បុគ្គលិក​រដ្ឋ​គឺ​ជា​​ប្រ​ធានបទ​ដ៏ចម្រូង​ចម្រាស​មួយ​ក្នុងរដ្ឋបាល​លោក ដូណាល់ ត្រាំ​ក្នុងអាណត្តិនេះ។​ យោងទីភ្នាក់ងារ​ព័ត៌មារ៉យទ័រ បុគ្គលិក​រដ្ឋ​​ប្រមាណ​៧៥០០០​ត្រូវ​បាន​ទទួលយក​​ការ​លាលែងដោយស្ម័គ្រចិត្ត​ ហើយ​​ ការ​បញ្ឈប់​បុគ្គលិករដ្ឋ​អាច​មានលើស​៨៤០០០​នាក់​គិត​ត្រឹមពាក់​កណ្តាល​ខែ​​​​កុម្ភៈ។​​

​ការ​បញ្ឈប់បុគ្គលិករដ្ឋ​របស់​​រដ្ឋបាល​ត្រាំ​ ក៏បង្ក​ឲ្យ​មាន​កា​រចេញ​តវ៉ា​នៅ​​មុខ​សេតវិមាន​​ដ៏កម្រ​​ផងដែរ។ លើស​ពី​នេះ​ទៅទៀត​ ព្រឹទ្ធសមាជិក​​នៃ​គណបក្ស​ប្រជាធិបតេយ្យ​​ជាច្រើន​រូប​ក៏បាន​ចាប់​ផ្តើម​ធ្វើយុទ្ធនាការ​ប្រឆាំង​លោក​ដូណាល់​ ត្រាំ​ ជាបណ្តើរៗ​​​។

ការ​តវ៉ា​របស់​ប្រជាជន​អាមេរិក​​ប្រឆាំង​លោកដូណាល់ ត្រាំ។ REUTERS

រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ​ ដោយមានការចូលរួមរបស់​មហាសេដ្ឋី​​ Elon Musk តាមរយៈ​ក្រសួង​ប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) មានគោលដៅ​កាត់បន្ថយកម្លាំងការងាររបស់សហព័ន្ធរហូតដល់១០%​ (ប្រហែល ២៣ម៉ឺន​នាក់​ក្នុងចំណោមបុគ្គលិកស៊ីវិល២,៣​លាននាក់)។

សម្រាប់​នយោបាយអន្តរជាតិវិញ​​ ឥទ្ធិពលរបស់​​​​លោកដូណាល់ ត្រាំ បាន​​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​នៅ​ក្នុងសង្គ្រាម​​​ទាំង​ក្នុង​​តំបន់​មជ្ឈិមបូព៌ា ដែលនាំ​ទៅ​ដល់​ការ​សម្រេច​បាន​បទ​ឈ​ប់​បាញ់​​​រវាង​អ៊ីស្រាអែល​និង​​​ក្រុម​ប្រដាប់អាវុធ​​ហាម៉ាស​​។ បទ​ឈប់​បាញ់​​នៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ​ដែល​ចូលជាធរមា​ន​​​មួយថ្ងៃ​មុន​ការឡើង​កាន់អំណាច​​​​របស់ ​លោក ដូណាល់ ត្រាំ។​ កិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់​នោះ បាន​នាំ​ទៅដល់​ការ​ដោះលែង​ចំណាប់ខ្មាំង​៣៣​នាក់ដែលក្រុមហាម៉ាស​ចាប់​ខ្លួន​កាល​​ពីថ្ងៃ​​ទី​៧ខែ​តុលា​ឆ្នាំ​២០២៣​ ជាថ្នូរ​​​នឹង​ការ​​​ដោះលែង​អ្នកទោស​​ប៉ាឡេស្ទីន​ប្រមាណ​២០០០​នាក់​ដែលជាប់​ពន្ធនាគារ​នៅ​​អ៊ីស្រាអែល។

កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ​បាន​ជះឥទ្ធិពល​​វិជ្ជមានយ៉ាងខ្លាំង​ដល់​ការ​ឡើង​កាន់​អំណាច​របស់​​លោក ដូណាល់ ត្រាំ។ ប៉ុន្តែ​​​ការសម្រេច​ចិត្ត​ផ្សេងៗ​ទៀតបាន​​​​​នាំ​មក​នូវភាព​រំជើបរំជួល​យ៉ាង​ខ្លាំង​​​​​ក្នុង​នយោបាយ​អន្តរជាតិ​ ដូចជា​ ការ​សម្រេច​ដកអាមេរិក​ចេញ​ពីក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​នៃ​អង្គការ​សហប្រជាជាតិ​ (UNHRC, អង្គការយូណេស្កូ (UNESCO), អង្គការសុខភាពពិភពលោក (WHO) និង​ កិច្ចព្រមព្រៀងទីក្រុងប៉ារីស (Paris Climate Agreement) ជា​ដើម​​។

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ បាន​ធ្វើ​រឿង​​ដ៏សែនរហ័ស​​​​បំផុត​មួយ​ដែល​មនុស្ស​ស្ទើរ​តែ​មួយពិភពលោក​ពិបាក​ជឿ​​ គឺ​ការ​និយាយទូរស័ព្ទ​​ជាមួយប្រធានាធិបតី​រុស្ស៊ី ​លោក វ៉្លាឌីមៀរ ពូទីន កាល​ថ្ងៃទី​១២ខែ​កុម្ភៈ​​​ បាន​ទាញ​រ​បស់​នយោបាយ​សកល​លោក​យ៉ាង​ខ្លាំង។​ ការ​និយាយ​​​គ្នា​រវាង​​​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​​ដែលធ្លាប់តែ​​​​ជា​សត្រូវប្រជែង​ឥទ្ធិពល​គ្នាលើក​នេះ បាន​កាត់ផ្តាច់​​​​ទំនាក់​ទំនង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​​យ៉ាងខ្លាំង ក៏ីដូចជា​ការ​វាយ​ប្រហារ​សម្ព័ន្ធ​មិត្ត​​របស់​អាមេរិក​ផ្សេងៗ​ទៀតដែលធ្លាប់តែ​​​ជឿជាក់​លើ​ការ​ធ្វើដំណើរ​រួម​គ្នា។​ ​ការ​ជជែក​របស់​ពួកគេ​ បាន​ធ្វើ​ឲ្យ​ប្រទេស​នៅក្នុងតំបន់​អឺរ៉ុប​ផ្លាស់ប្តូរ​គោល​ជំហរ​ក្នុងការ​គាំទ្រ​អាមេរិក​ទៅ​ជា​​ប្រជែង​នឹងអាមេរិក​ទៅវិញ​។

ដើម្បី​បំពេញ​តាមការ​សន្យា​ពេលឃោសនា​បោះឆ្នោត លោក ដូណាល់ ត្រាំ បាន​ប្រឹងប្រែង​​​ដើម្បី​ឈានទៅបញ្ចប់សង្គ្រាម​​នៅអ៊ុយក្រែន ដោយ​​​​ចាប់ផ្តើម​​​​ចរចា​តាមទូរស័ព្ទ​​ដំបូង​ជាមួយ​ប្រធានា​​ធិបតី​រុស្ស៊ី​​ លោក វ្ល៉ាឌីមៀរ ពូទីន និង​​​ ការ​បញ្ចូន​រដ្ឋមន្ត្រី​ការបរទេស​​​​​ច​រចា​ដោយផ្ទាល់​​លើក​ដំបូង។ ប៉ុន្តែ​​សំណុំរឿង​ចរចា​សន្តិភាព​អ៊ុយក្រែន​នេះ​បាន​ក្លាយ​ជារឿងដ៏ចម្រូង​ចម្រាស និង​នាំ​ទៅដល់​ការ​បែកបាក់សម្ព័ន្ធមិត្ត​​​​​​​អឺរ៉ុប​យ៉ាងខ្លាំង​ក្នុងប្រវត្តិសាស្រ្ត​​​​សកល​​ក្រោយ​សង្គ្រាម​លោក​លើក​ទី២​។ អ្វីដែល​លោក​ដូណាល់ ត្រាំ បាន​ធ្វើ​ហាក់​បង្ហាញពីចំណុចស្នូលឆ្ពោះទៅរកគោលនយោបាយ​​​ការបរទេស​របស់​រដ្ឋបាល​របស់​លោក ដែលចែង​ថា​ «America First»​។

ជុំវិញ​នយោបា​យ​សេដ្ឋកិច្ច​ លោក ដូណាល់ ត្រាំ បាន​ដាក់​​បន្ថែមបន្ទុក​ពន្ធ​គយ​​២៥%​ លើកាណាដា និងម៉ិកស៊ិក និង​​១០% លើ​ទំនិញ​នាំ​ចូល​​​ពី​​ប្រទេសចិន។ នយោបាយ​ពន្ធ​នេះ​​​បានធ្វើឱ្យទីផ្សារពិភពលោកមានការភ្ញាក់ផ្អើល ប៉ុន្តែ​ការ​យក​ពន្ធ​​នេះ​​​នឹង​ត្រូវ​ពន្យាពេលដល់ដើម​ខែ​មីនា​​ខាងមុខ​នេះ​​។

សរុប​សេចក្តី​​មក ​ក្នុងរយៈពេល​១ខែ​នៃ​ការ​ឡើង​កាន់​អំណាចសម្រាប់អាណត្តិ​ទី​២​​​របស់​លោក ដូណាល់ ត្រាំ បាន​សម្រេច​​ចិត្ត​ជាឯកតោ​ភាគី​ច្រើន ដោយ​មិនខ្វល់​ខ្វាយ​ពី​ការ​ប្រតិកម្ម​ពីសម្ព័ន្ធ​មិត្ត​ឡើយ៕​

ដោយ រ៉ាន់ រើយ​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក Marco Rubio ដឹកនាំ​ប្រតិភូមិអាមេរិក​​ជួបពិភាក្សា​ជាមួយ​​សមភាគី​រុស្ស៊ី​ លោគ Sergey Lavrov នៅ​​​ទីក្រុង​រីយ៉ាដ​ប្រទេសអារ៉ាប៊ីសាអូឌីត​។ Reuters
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ វិនាទី មុន

កាន់​អំណាច​ត្រឹម​១ខែ លោក ត្រាំ ​ធ្វើ​ឲ្យរំជើបរំជួល​​ទាំងក្នុងស្រុក​ និង​ការ​បែកបាក់សម្ព័ន្ធ​មិត្ត​

សេចក្ដីជូនដំណឹង២៤ នាទីutes មុន

គម្រោងបុរី អឹមអិល ពង្រីកខ្លួនមកកាន់តំបន់ពាណិជ្ជកម្ម នៃសក្តានុពលកណ្តាលរាជធានីភ្នំពេញ

សាលាដំបូងខេត្តតាកែវ
សន្តិសុខសង្គម១ ម៉ោង មុន

ប្រធានសាលាដំបូងខេត្តតាកែវ ត្រូវរងវិន័យការងារពីឧត្ដមក្រុមព្រឹក្សាវិន័យនៃអង្គចៅក្រម ពាក់ព័ន្ធការចេញដីការដោះលែងទណ្ឌិតម្នាក់​ពីបទ ឃាតកម្ម

សិង្ហបុរី
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី​ព្យាករកំណើនសេដ្ឋកិច្ច ១-៣ ភាគរយ ឆ្នាំនេះ​

រ៉ែនីកែល
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្វីលីពីនពិចារណា​ហាមឃាត់ការនាំចេញនីកែល

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

លោក ជួន ណារិន្ទ
សន្តិសុខសង្គម២៣ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

ចរាចរណ៍៤ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

Sokha Hotels

ព័ត៌មានពេញនិយម