Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សម្ដែងនូវការគោរពដឹងគុណចំពោះគំរូវីរភាពរបស់ថ្នាក់ដឹកនាំ ដែលលះបង់អាយុជីវិត ទើបស្វែងរកបានសុខសន្តិភាព

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែង​នូវ​ការ​គោរព​ដឹងគុណ​ចំពោះ​គំរូ​វីរភាពរបស់​ថ្នាក់ដឹកនាំ​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ស្វែង​រកបាន​នូវ​សុខសន្តិភាព និង​ការ​អភិវឌ្ឍ​រហូត​មក​ដល់​សព្វថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ថ្លែង​បែបនេះ ​ក្នុងពេល​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ព្រមទាំង​បូកសរុប​លទ្ធផល​ការងារ​សាខាសមាគម​នារី កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ត្បូងឃ្មុំ ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ឆ្នាំ​២០២៥ នៅ​សាលាខេត្ត​ត្បូងឃ្មុំ ដែលមាន​សមាសភាព​ចូលរួម ប្រមាណ ៤៥០​នាក់ កាលពី​រសៀល ថ្ងៃអាទិត្យ ១១​រោច ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៥។

លោក ប៉ែន កុសល្យ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ជំរុញ​ការលើកកម្ពស់​គុណ​តម្លៃ​ស្ត្រី តាមរយៈ​ការពង្រឹង​សមត្ថភាព​ស្ត្រី​ឲ្យ​ក្លាយជា​អ្នកដឹកនាំ​តាម​ក្រសួង ស្ថាប័ន​របស់​ជាតិ រួមមាន ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា និង​រាជរដ្ឋាភិបាល និង​បង្កើន​ការ​យកចិត្តទុកដាក់​អភិវឌ្ឍន៍​ធនធាន​ស្ត្រី ក្នុង​វិស័យ​នយោបាយ វិស័យសេដ្ឋកិច្ច និង​វិស័យ​សង្គមកិច្ច​ជាដើម សំដៅ​ធានា​នឹង​ឆ្លើយតប​ទៅនឹង​សកលភាវូបនីយកម្ម ទាំង​ក្នុង​ក្របខណ្ឌ​តំបន់ និង​ពិភពលោក។ ជាមួយគ្នានេះ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​ក៏មាន​ចំនួន​ស្ត្រី​កាន់តែច្រើន មានឱកាស​កាន់តំណែង ជា​អភិបាលខេត្ត អភិបាលរង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិក​ក្រុម ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ជា​ថ្នាក់ដឹកនាំ​តាម​បណ្តា​មន្ទីរ​អង្គភាព​របស់​រដ្ឋ។ តាមរយៈ សកម្មភាព របស់​ស្ត្រី​បាន​ចូលរួម​ប្រកួតប្រជែង​ប្រកបដោយ​នវានុវត្តន៍​ក្នុង​ទីផ្សារការងារ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​បរិបទ​បច្ចេកវិជ្ជា​ទំនើប ប្រែ​ក្លាយខ្លួនជា​សហគ្រិន​ភាព ឬ បុគ្គលិក​ឆ្នើម​ក្នុង​ស្ថាប័ន​ឯកជន ដើម្បី​ចូលរួម​រក្សា​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។

ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​សម្រាប់​ពិធី​នា​ថ្ងៃនេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំយក​ការ​ផ្ដាំផ្ញើ​សាកសួរ សុខទុក្ខ និង​ការ​នឹករលឹក​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ជូន​ដល់​សមាជិក​សមាជិកា​ទាំងអស់ ដែល​បាន​ចូលរួម​នា​ថ្ងៃនេះ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​រំលឹក​ដល់​សាវតារ​របស់​សមាគម ដោយបាន​រំលេច​នូវ​ប្រវត្តិ នៃ​ការ​កកើត​សមាគម រួម​ទាំង​ដំណើរ​វិវត្ត​របស់​សមាគម​តាំងពី​ដំណាក់កាល​ចូលរួម​ពលី រំដោះជាតិ មាតុភូមិ និង​ការចូលរួម​ក្នុង​សកម្មភាព​សង្គម មនុស្សធម៌​ជា​បន្តបន្ទាប់​ក្នុងសម័យ​សន្តិភាព។ ស្រប​ពេល​ជាមួយគ្នានេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​លើកឡើង​នូវ​គំរូ​វីរភាព​របស់​ថ្នាក់ដឹកនាំ​ដែល​បាន​លះបង់ កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ស្វែង​រកបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​រហូតមក​ដល់​សព្វថ្ងៃ​នេះ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ចូលរួម​អបអរសាទរ​ចំពោះ លោកស្រី ហេង សំអាន ប្រធានកិត្តិយស​គណៈកម្មកា​រ​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ត្បូងឃ្មុំ និង​បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មការ​សាខាសមាគម​នារី​ខេត្ត ដែល​បានប្រកាស​កែសម្រួល និង​បំពេញបន្ថែម​សមាសភាព​នា​ថ្ងៃនេះ ត្រូវ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​គ្រប់​សកម្មភាព ដូចជា​ពង្រឹង​របៀប​របប​ធ្វើការ របប​រាយការណ៍ ការបែងចែក​តួនាទី​ភារកិច្ច និង​ទទួលខុសត្រូវ​ទៅ​ថ្នាក់ដឹកនាំ នៃ​គណៈកម្មការ​សមាគម​នារី​សាខា អនុ​សាខា ទូទាំង​អង្គភាព​កាន់តែ​ទូលំទូលាយ និង​ឱ្យ​បាន​ស៊ីជម្រៅ​ទៅតាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទទួល​ស្គាល់​ថា «ស្ត្រី​គឺជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​របស់​យើងទាំងអស់គ្នា»៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម