ព័ត៌មានជាតិ
ក្រសួងអប់រំចាប់យក AI ក្នុងការបង្រៀនដើម្បីដោះស្រាយបញ្ហាខ្វះគ្រូនិងបន្ទប់រៀន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានប្រកាសថាក្រសួងនឹងដាក់ឱ្យប្រើប្រាស់សាលាឌីជីថលកម្ពុជាដែលនឹងប្រើប្រាស់បញ្ញាសប្បនិមិត្ត AI ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូ និងបន្ទប់រៀន និងជួយឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗទាន់ពេលវេលាឈានទៅរកគុណភាពអប់រំទាន់និន្នាការសកល។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជូន ណារ៉ុន បានថ្លែងក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំបន្ទាប់នៅថ្ងៃទី២៤ ខែកុម្ភៈនេះថាក្រសួងនឹងដាក់ឱ្យប្រើប្រាស់សាលាឌីជីថលនៅថ្ងៃនេះ ដើម្បីឆ្លើយតបនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត AI មកលើប្រព័ន្ធអប់រំនៅក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ។
លោកថា៖ «ការប្រើប្រាស់បញ្ញាសប្បនិមិត្តក្នុងប្រព័ន្ធអប់រំ និងជួយកែលម្អនូវគុណភាពអប់រំនៅកម្ពុជាដើម្បីឱ្យយុវជននៅកម្ពុជាអាចទទួលបាននូវបំនិនឌីជីថល និងបំនិនបញ្ញាសប្បនិមិត្តដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ធដៃដើម្បីធ្វើការសិក្សា ហើយកាត់បន្ថយនូវការវិនិយោគនូវហេដ្ឋារចនាសម្ព័ន្ធរឹងដែលមានតម្លៃខ្ពស់»។

លោកបន្ថែមថាកន្លងទៅក្រសួងបានបញ្ជៀបការបណ្ដុះបណ្ដាលពីការប្រើប្រាស់ AI នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងតាមសាលារៀនជំនាន់ថ្មីរួចហើយ ខណៈកំពុងរៀបចំកម្មវិធីបណ្ដុះបណ្ដាល បរិញ្ញាបត្រ AI, Cyber Security និងវិទ្យាសាស្ត្រទិន្នន័យនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បន្ថែមលើនេះថ្នាលបច្ចេកវិទ្យា AI មួយដែលអាចឱ្យយុវជនកម្ពុជាចូលប្រើប្រាស់ក៏បានរៀបចំហើយផងដែរ។
នាយកប្រចាំប្រទេសនៃអង្គការ Aide et Action (AEA) លោក វន សំភាស់ យល់ថាការចាប់យកប្រព័ន្ធ AI ដើម្បីបង្រៀនសិស្សគឺជាជំហានថ្មីមួយទៀតរបស់កម្ពុជាដែលនឹងជួយឱ្យគ្រូបង្រៀន និងសិស្សមានប្រភពឯកសារស្រាវជ្រាវច្រើន និងសម្បូរបែប ព្រមទាំងអាចបំពេញនៅការខ្វះថ្នាក់រៀន ឬគ្រូបង្រៀនផងដែរ។ ទោះជាយ៉ាងណាលោកថាការចាប់យកបច្ចេកវិទ្យាថ្មីនេះគឺត្រូវមានការតម្រង់ទិសជាចាំបាច់ទាំងគ្រូ និងសិស្ស ព្រមទាំងត្រូវសម្ភារៈបរិក្ខាគាំទ្រដល់ការសិក្សា AI ដល់សិស្ស ជាពិសេសគឺសាលានៅតាមទីជនបទដាច់ស្រយាល។

លោកថា៖ «ការដែលមានសមត្ថភាពប្រើប្រាស់បញ្ញាសប្បនិមិត្តគឺជាចំណុចសំខាន់បំផុត ទី២ឱ្យមានការចូលរួមចំណែកពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់នូវការបំពាក់នូវសម្ភារៈការគាំទ្រឱ្យការប្រើប្រាស់នេះសម្បូរបែប និងវិជ្ជមានត្រឹមត្រូវ»។
កន្លងទៅក្រសួងអប់រំបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន ក្នុងគោលដៅលើកកម្ពសល់អក្ខរកម្មឌីជីថល ការអនុវត្តប្រព័ន្ធគ្រប់គ្រងការសិក្សា ការផ្សព្វផ្សាយកម្មវិធីតម្រង់ទិសសិក្សា ដោយបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបណ្ដុះបណ្ដាលនេះជាច្រើនដែលជាជោគជ័យមួយក្នុងការផ្លាស់មកចាប់ប្រព័ន្ធឌីជីថលក្នុងពេលមានឆ្លងជំងឺរាតត្បាតកូវីដ-១៩។

ជាលទ្ធផលថ្នាលអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំបង្កើតបានវគ្គសិក្សា ១០វគ្គ និងមានអ្នកប្រើប្រាស់ ២៤ ៥៦៩នាក់ ក្នុងនោះស្រី ១២ ០០៣នាក់។ ចំនួនអ្នកប្រើប្រាស់ថ្នាលសាលាឌីជីថលមានចំនួន ៩៦ ២៦០នាក់ សាលារៀនចំនួន៤៨៥សាលា។ ចំនួនអ្នកប្រើប្រាស់កម្មវិធី «ត្រីវិស័យ» មាន ១២៤ ៥៣៩គណនី និងមានអ្នកចូលទស្សនាចំនួន ៤៤៣ ៨០៧ដង។ កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) មានអ្នកសិក្សាបានបញ្ចប់ ៤៨២នាក់ ស្រី៤០ភាគរយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់