Connect with us

ព័ត៌មានជាតិ

ទីតាំង​​​សាងសង់​ស្ពានឆ្លងទៅ​អរិយក្សត្រ​ ប៉ះពាល់​​ខ្សែ​បញ្ជូន​​អគ្គិសនី​ក្រោមដី មន្រ្តី​ជំនាញ​ចុះ​​ទៅពិនិត្យ​

បានផុស

នៅ

ក្រុម​មន្រ្តីបច្ចេកទេស​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន រួមជាមួយក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV កាលពី​ថ្ងៃ​​ទី ២៥ កុម្ភៈ​ម្សិលមិញនេះ បានចុះពិនិត្យ​ខ្សែ​​បណ្តាញបញ្ជូនថាមពល​អគ្គិសនីក្រោមដីដែលរង​ផល​ប៉ះពាល់ ដោយសារគម្រោង​សាងសង់​ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (អរិយក្សត្រ​)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​ចុះ​ទៅ​ពិនិត្យ​ ក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជាបានបង្ហាញគំនូសប្លង់ទីតាំងបណ្ដាញបញ្ជូនថាមពលអគ្គិសនី ដែលមានស្រាប់ក្នុង និងជុំវិញបរិវេណគម្រោង ជូនក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin JV ដើម្បីមានមូលដ្ឋានក្នុងការរៀបចំគម្រោង។

តាមការពិនិត្យស្ថានភាពជាក់ស្តែង ទីតាំងកប់បណ្ដាញបញ្ជូនថាមពលតំបន់នេះ មានបណ្តាញតង់ស្យុងមធ្យម (MV) នៅកប់ក្រោមដី។ ដោយឡែកនៅត្រើយខាងកើត អាចនឹងមានការប៉ះពាល់ទៅបណ្តាញខ្សែក្រោមដី ឬបង្គោលបណ្តាញអគ្គិសនីរបស់សេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ស្ថិតក្រោមការរគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណដោយអាជ្ញាធរអគ្គិសនីកម្ពុជា។

ដើម្បីឱ្យការសិក្សាមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទាន់តាមផែនការគ្រោងទុក មន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន​ បានស្នើឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបន្តសហការជាមួយអគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងសេវាករ ដែលធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីសិក្សាលម្អិតបន្ថែមទៀតផ្នែកវិស្វកម្មគំនូសប្លង់បច្ចេកទេសពាក់ព័ន្ធបណ្តាញដែលប៉ះពាល់សសរគ្រឹះស្ពាន ដើម្បីធានាថា ពេលអនុវត្តគម្រោងមិនខូចខាត ឬដាច់ខ្សែបណ្តាញចរន្តអគ្គិសនីជាយថាហេតុ។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលម្អិត ជាគម្រោងទទួលបាន​ហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានទីតាំងស្ថិតនៅផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល)។

ស្ពាននេះ​សាងសង់​ឡើង​ជាប្រភេទស្ពានខ្សែកាប សសរមេមានទម្រង់ជាដៃប្រណម (សំពះ) មានចំនួន ២ ឆ្លងទន្លេសាបប្រវែង ១ ០៧០ ម ទន្លេមេគង្គប្រវែង ១ ២៦២ម មានទទឹងស្ពាន ២៦,៥ម និងផ្លូវតភ្ជាប់ប្រវែង១១៧៤.៩ម ដែល​គ្រោង​ចំណាយថវិកា​សាងសង់​ប្រមាណ ២៤០ ដុល្លារអាមេរិក

នៅក្នុង​ជំនួប​ជាមួយ​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កាលពីពេល​កន្លងទៅ លោក Park Jung-wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាបានអះអាងនៅ​ចំពោះមុខ​អតីត​នាយករដ្ឋមន្រ្តី​កម្ពុជា​​ថា ស្ពានឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ​នឹងបើកការដ្ឋាន​ ឬចុះបឋមសិលាសាងសង់នៅឆ្នាំ​២០២៥។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ​ថា ​លោក​តែងតែតាម​ដាន​វឌ្ឍនភាព​ដំណើរការ​គម្រោងសាងសង់​ស្ពានមិត្តភាពកម្ពុជា-កូរ៉េយ៉ាងយកចិត្តទុកដាក់ ដើម្បី​​ឈានទៅ​ចុះ​បឋមសិលាបើកការដ្ឋាន​សាងសង់​ឆាប់ៗ​។

រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសកូរ៉េ បានដាក់ក្តីសង្ឃឹមថា តាមរយៈ​គម្រោង​ស្ពាន​មិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ត្រើយ​ទាំងពីរនៃ​ដងទន្លេ​សាប​និង​ទន្លេមេគង្គ នឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច​របស់កម្ពុជា ក៏​ដូចជា​នៅតំបន់អាស៊ាន និង​នៅ​តំបន់មេគង្គ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម