ព័ត៌មានអន្ដរជាតិ
ត្រាំ គ្រោងដាក់លក់ទិដ្ឋាការ «ប័ណ្ណមាស» ៥ លានដុល្លារ ឱ្យអ្នកមានបរទេស
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងដាក់លក់ទិដ្ឋាការ «Gold Card» (ប័ណ្ណមាស) ក្នុងតម្លៃ ៥ លានដុល្លារ ដល់អ្នកមានបរទេស ដោយផ្តល់ឱ្យពួកគេនូវសិទ្ធិក្នុងការរស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍ និងអាចឈានទៅដល់ការទទួលបានសញ្ជាតិអាមេរិក។

លោកបាននិយាយយ៉ាងដូច្នេះថា៖ «យើងនឹងលក់ប័ណ្ណមាស ។ បើអ្នកមានកាតបៃតង នោះហើយគឺប័ណ្ណមាស។ យើងនឹងដាក់លក់ក្នុងតម្លៃប្រហែល ៥ លានដុល្លារ ហើយវានឹងផ្ដល់ឱ្យអ្នកនូវឯកសិទ្ធិកាតបៃតង ដោយបន្ថែមជាមួយគ្នានោះ វាគឺជាវិធីឆ្ពោះទៅរកការទទួលបានសញ្ជាតិ»។ លោកបន្តថា៖ «អ្នកមានៗនឹងចូលមកប្រទេសយើងដោយទិញប័ណ្ណនេះ» ហើយអាមេរិកក៏អាចលក់ឱ្យមហាសេដ្ឋីរុស្ស៊ីផងដែរ។
ប័ណ្ណមាសដែលលោក ត្រាំ លើកឡើង គឺសំដៅទៅលើប្រភេទមួយនៃ «កាតបៃតង» ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជា «ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ (PRC)» ពោលគឺឯកសារផ្តល់ឱ្យបុគ្គលណាម្នាក់មានសិទ្ធិក្នុងការរស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍។
ប្រធានាធិបតីដដែលបានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់លក់ប័ណ្ណមាសក្នុងរយៈពេល ២ សប្ដាហ៍ខាងមុខ ហើយរំពឹងថានឹងលក់បានរហូតដល់ ១០ លាន ប័ណ្ណ។ លោកបន្តថា៖ «ពួកគេនឹងចំណាយប្រាក់ច្រើន ហើយបង់ពន្ធច្រើន ហើយផ្ដល់ការងារដល់មនុស្សច្រើន ហើយយើងគិតថាវានឹងទទួលបានជោគជ័យខ្លាំងណាស់» ខណៈនឹងកាត់បន្ថយឱនភាពថវិកាជាតិ។

ប្រធានាធិបតី ដែលមានគម្រោងនិរទេសជនអន្តោប្រវេសន៍គ្មានឯកសាររាប់លាននាក់រូបនេះ បានបន្ថែមយ៉ាងដូច្នេះថា៖ «មនុស្សជាច្រើនចង់នៅក្នុងប្រទេសនេះ ហើយពួកគេនឹងអាចធ្វើការ និងផ្តល់ការងារ និងបង្កើតក្រុមហ៊ុន។ វាសម្រាប់អ្នកមានលុយ»។
លេខាធិការក្រសួងពាណិជ្ជកម្ម លោក Howard Lutnick បាននិយាយថា «ប័ណ្ណមាស ត្រាំ» នឹងត្រូវជំនួសឱ្យទិដ្ឋាការ EB-5 ឬទិដ្ឋាការវិនិយោគិនបរទេស ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ។ EB-5s ត្រូវបានដាក់ចេញដោយសភាក្នុងឆ្នាំ ១៩៩០ ដើម្បីបង្កើតការវិនិយោគពីបរទេស។ អ្នកដែលអាចទទួលបានវា ត្រូវចំណាយប្រាក់ប្រមាណ ១ លានដុល្លារ បង្កើតក្រុមហ៊ុនដែលមានបុគ្គលិកយ៉ាងហោចណាស់ ១០ នាក់។
គួររំឭកថា សេវាស្រាវជ្រាវសភាបានរាយការណ៍កាលពីឆ្នាំ ២០២១ ថា ទិដ្ឋាការ EB-5 បង្កហានិភ័យនៃការក្លែងបន្លំផ្សេងៗ រួមទាំងការព្រួយបារម្ភជុំវិញពីប្រភពនៃមូលនិធិ ថាតើវាស្របច្បាប់ ឬយ៉ាងណា។
យ៉ាងណាមិញ ទិដ្ឋាការវិនិយោគិន គឺជារឿងធម្មតានៅជុំវិញពិភពលោក។ ក្រុមហ៊ុនប្រឹក្សា Henley & Partners បាននិយាយថា ប្រទេសជាង ១០០ ជុំវិញពិភពលោកផ្តល់ «ទិដ្ឋាការមាស» ដល់បុគ្គលដែលមានទ្រព្យសម្បត្តិ រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អេស្ប៉ាញ ក្រិក ម៉ាល់តា អូស្ត្រាលី កាណាដា និងអ៊ីតាលី ជាដើម៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស