Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់៖ ជំងឺកាមរោគក្លាយជាបញ្ហាចម្បងធ្វើឱ្យការឆ្លងរាលដាលជំងឺអេដស៍យ៉ាងឆាប់រហ័ស

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគបានលើកឡើងថា ជំងឺកាមរោគបានក្លាយជាបញ្ហាចម្បងធ្វើឱ្យការឆ្លងរាលដាលជំងឺអេដស៍យ៉ាងឆាប់រហ័សជាទីបំផុតព្រោះអ្នកឆ្លជំងឺកាមរោគត្រូវប្រឈមនឹងការឆ្លងមេរោគអេដស៍រហូតដល់ទៅ១០ដងឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ គ្លីនិកសេវាថែទាំ និងព្យាបាលជំងឺកាមរោគនៅព្រឹកថ្ងៃទី២៦កុម្ភៈនេះ លោកវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ជំនួយ អ៊ុកវិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បបច្ចុប្បន្នជំងឺកាមរោគមានការកើនឡើងគួរឱ្យព្រួយបារម្ភទាំងនៅកម្ពុជា និងតាមបណ្តាប្រទេសនានានៅទូទាំងពិភពលោក ដោយសារការប្រើប្រាស់ស្រោមអនាម័យថយចុះ។

លោកវេជ្ជបណ្ឌិតបានបន្តថា ដោយសារមើលឃើញពីការកើនឡើងនៃជំងឺកាមរោគនេះហើយទើបអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)សហការជាមួយមជ្ឈមណ្ឌលជាតិបើកគ្លីនិកនេះឡើងដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺកាមរោគបន្ថែមពីលើសេវាពិនិត្យព្យាបាលជំងឺអេដស៍​ ព្រោះថាជំងឺកាមរោគ និងជំងឺអេដស៍ជាបងប្អូននិងគ្នា។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា «អ្នកឆ្លងជំងឺកាមរោគប្រឈមនឹងការឆ្លងមេរោគអេដស៍រហូតដល់១០ដង។ ពេលមានជំ
ងឺកាមរោគចូលភ្លាមបង្កើនការឆ្លងមេរោគអេដស៍។ អីចឹងហើយបានជាយើងត្រូវបង្ការជំងឺទាំងពីរ ទាំងកាមរោគ និងអេដស៍ គឺពាក់ស្រោមអនាម័យអាចការពារបានទាំងពីរ តែបើប្រើប្រឹបការពារបានតែអេដស៍ តែមិនអាចការពារជំងឺកាមរោគបានទេ»។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការសេវាព្យាបាល និងថែទាំជំងឺកាមរោគនេះមាន២ទីតាំង ក្នុងនោះទី១ស្ថិតនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក និងទី២នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែក និងកាមរោគនៅតាមបណ្តោយផ្លូវជាតិ៦អា។ ការបង្កើតគ្លីនិកទាំងនេះដោយសារតែជំងឺនេះមានការកើនឡើងស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោកដោយសារយុវវ័យយើងមួយចំនួនភ្លេចជំងឺអេដស៍ និងអ្នកខ្លះបោះបង់ប្រើស្រោមអនាម័យទៅប្រើប្រឹបក្នុងការរួមភេទ
។ ដូចនេះការបោះបង់ស្រោមអនាម័យនេះធ្វើឱ្យជំងឺកាមរោគមានការកើនឡើងអាចផ្តល់ឱកាសចម្លងមេរោគអេដស៍កាន់តែងាយស្រួល។ ដូចនេះការព្យាបាលជំងឺកាមរោគជាយុទ្ធវិធីមួយក្នុងការការពារទប់ស្កាត់នៃការឆ្លងមេរោគអេដស៍ជំងឺអេដស៍ផងដែរ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានបន្តថា សេវាព្យាបាលជំងឺកាមរោគនេះមានផ្តល់សេវាគ្រប់ជ្រុងជ្រោយរួមមានការចែកស្រោមអនាម័យ ការផ្តល់ថ្នាំបង្ការជំងឺអេដស៍ ថ្នាំប្រឹប ការធ្វើតេស្តរកមេរោគអេដស៍ និងការធ្វើរោគវិនិច្ឆ័យ
និងព្យាបាលជំងឺកាមរោគហើយសេវាទាំងនេះមិនត្រូវបានគិតថ្លៃអ្វីទេ។ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានប្តេជ្ញាថា នឹងខិតខំអនុវត្តឱ្យបានជោគជ័យ និងពិនិត្យលទ្ធភាពដើម្បីពង្រីកទៅតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជាហើយការពង្រីកសេវាបន្ថែមនេះមិនមែនតែនៅកម្ពុជាទេ គឺពង្រីកនៅលើពិភពលោកព្រោះថា សេវានេះមានសាសំខាន់ដែលអាចចូលរួមចំណែក
ក្នុងការទប់ស្កាត់មេរោគអេដស៍ និងជំងឺអេដស៍ និងជាទីតាំងមួយសម្រាប់អ្នកផ្ទុកមេរោគអេដស៍ដែលមិនទាន់បានទទួលបានការព្យាបាលមកព្យាបាលដោយថ្នាំពន្យាអាយុជីវិត។

លោកវេជ្ជបណ្ឌិតបានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែក និងកាមរោគ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ អង្គការដៃគូ និងថ្នាក់ក្រោមជាតិដែលបានសហការជាមួយអង្គការAHFកន្លងមក ហើយសង្ឃឹមថា កិច្ចសហការនេះនឹងបន្តដើម្បីឈានទៅដល់គោលដៅរួមទាំងអស់គ្នា។ លោកវេជ្ជបណ្ឌិត បានរំលឹកថា បច្ចុប្បន្នអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាបាននិងកំពុងអនុវត្តការងារសកម្មភាពក្នុងការចូលរួមចំណែកយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលដោយបច្ចុប្បន្នអង្គការបាននិងកំពុងផ្តល់ការគាំទ្រសកម្មភាពដល់គ្លីនិផ្តល់ឱសថប្រឆាំងមេរោគអេដស៍ចំនួន ៤២កន្លែង និងធ្វើតេស្តរកមេរោគអេដស៍ ២៧កន្លែងទូទាំង១៩ ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ជំនួយ អ៊ុកវិជ្ជា បានលើកទឹកចិត្តដល់អ្នកជំងឺកាមរោគមកធ្វើតេស្តរកជំងឺកាមរោគដើម្បីព្យាបាលឱ្យបានទាន់ពេលវេលាដើម្បីបង្ការការចម្លងជំងឺអេដស៍ព្រោះថា អេដស៍នៅមិនទាន់ចប់នៅឡើយទេសម្រាប់​យុវវ័យ​ហើយត្រូវអនុវត្តវិធីបង្ការណាមួយដែលខ្លួនពេញចិត្ត និងឱ្យបានជាប់លាប់ប្រើស្រោមប្រើឱ្យជាប់ប្រើប្រឹបប្រើឱ្យបានទៀងទាត់ដូចគ្នា។ តែប្រើប្រឹបមិនអាចការពារកាមរោគទេ តែនៅឆ្នាំក្រោយអាចនឹងមានប្រឹបសម្រាប់ការពារអេដស៍ផង និងការពារមិនឱ្យមានកូនផង ខាងរោងចក្រកំពុងរៀបចំការផលិតជាបន្តបន្ទាប់។ ការព្យាបាលនៅទីនេះមិនគិតប្រាក់ហើយមានគុណភាពស្តង់ដា និងជាកន្លែងល្អ ស្អាតរក្សាការសំងាត់ហើយអាចជាទីកន្លែងគំរូមួយក្នុងការពិនិត្យនិងព្យាបាលជំងឺកាមរោគសម្រាប់កន្លែងផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ជំនួយ អ៊ុក វិជ្ជា បានបញ្ជាក់ថា បច្ចុប្បន្នមានសេវាពិនិត្យជំងឺកាមរោគនៅគ្លីនិក​សុខភាពគ្រួសារមាន ៦៣កន្លែង ដោយក្នុងឆ្នាំ ២០២៤កន្លងទៅ នេះ បានទទួលពិគ្រោះជំងឺ ១៥២៤០២ ​ករណី មានការកើនឡើងជាង ២៦% បើធៀបនឹង ឆ្នាំ ២០២៣៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម