ព័ត៌មានអន្ដរជាតិ
ហាម៉ាស ប្រគល់សាកសពចំណាប់ខ្មាំង៤នាក់ ឲ្យអ៊ីស្រាអែល តាមរយៈកាកបាទក្រហម
ក្រុមហាម៉ាស បានប្រគល់សាកសពចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន៤នាក់ទៅឲ្យកាកបាទក្រហមនៅតំបន់ហ្គាហ្សាភាគខាងត្បូង។ សកម្មភាពនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានគោលបំណងរក្សាបទឈប់បាញ់ដ៏ផុយស្រួយរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។

សាកសពរបស់ចំណាប់ខ្មាំងអ៊ីស្រាអែល ត្រូវបានផ្ទេរទៅកាន់កាកបាទក្រហមនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧កុម្ភៈនេះ ដោយគ្មានការរៀបចំពិធីសាធារណៈអ្វីឡើយ ជៀសវាងការមិនពេញចិត្តពីភាគីអ៊ីស្រាអែល។ កាលពីសប្ដាហ៍មុន ក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំង និងសាកសពបួននាក់ នៅក្នុងពិធីសាធារណៈដ៏ធំមួយ ខណៈចំណាប់ខ្មាំងអ៊ីស្រាអែលត្រូវបានដាក់ឲ្យដង្ហែរក្បួន និងត្រូវគេបង្ខំឲ្យរាដៃទៅកាន់ហ្វូងមនុស្សយ៉ាងច្រើន។ អ៊ីស្រាអែល រួមជាមួយនឹងមន្ត្រីកាកបាទក្រហម និងអង្គការសហប្រជាជាតិ បាននិយាយថា ពិធីនេះ ជាការធ្វើឲ្យចំណាប់ខ្មាំងអាម៉ាសមុខ ហើយអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុនក៏បានពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីន។
យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាស ជាការឆ្លើយតប អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន៦២០នាក់ពីពន្ធនាគារ ក្នុងនោះមាន ១៥១នាក់ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ វាគឺជាការដោះលែងដ៏ធំបំផុតរបស់ប៉ាឡេស្ទីន សម្រាប់ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់។ ក្នុងចំណោមអ្នកទោសដែលអ៊ីស្រាអែលដោះលែង ៤៤៥នាក់គឺជាប្រជាជនហ្គាហ្សា ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីសង្រ្គាមបានចាប់ផ្តើមកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។

ការដោះដូរចំណាប់ខ្មាំងនិងអ្នកទោសនេះ ត្រូវបានបិទបញ្ចប់សម្រាប់ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដែលបានចូលជាធរមាននៅថ្ងៃទី១៩ខែមករាឆ្នាំ២០២៥ បន្ទាប់ពីជម្លោះរយៈពេល១៥ខែ ដែលផ្តួចផ្តើមឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលក្នុងខែតុលាឆ្នាំ២០២៣។
ដំណាក់កាលដំបូងពាក់ព័ន្ធនឹងការដោះដូរចំណាប់ខ្មាំង៣៣នាក់ រួមទាំងសាកសព៨នាក់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនជិត ២ ០០០នាក់។ ការប្រគល់នាពេលថ្មីៗនេះ បានដោះស្រាយភាពជាប់គាំងដែលបានកើតឡើងនៅពេលដែលអ៊ីស្រាអែលពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួនជាង៦០០នាក់។
ជាមួយនឹងដំណាក់កាលទីមួយត្រូវបានបញ្ចប់ ការយកចិត្តទុកដាក់ឥឡូវនេះបានផ្ដោតសំខាន់ទៅលើដំណាក់កាលទីពីរនៃការចរចា ដែលមានគោលបំណងដោះស្រាយការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងពិភាក្សាអំពីការបញ្ចប់ជម្លោះ។ បេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff ត្រូវបានគេរំពឹងថានឹងជួយសម្រួលដល់ការពិភាក្សាទាំងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជានៅតែបន្តកើតមាន ខណៈដែលអ៊ីស្រាអែលព្យាយាមពន្យារពេលអនុវត្តបទឈប់បាញ់បច្ចុប្បន្ន ហើយក្រុមហាម៉ាសវិញនៅរក្សាការទាមទារឲ្យអ៊ីស្រាអែលដកកងកម្លាំងខ្លួនចេញទាំងស្រុង និងធ្វើការដោះលែងអ្នកទោសប៉ាឡេស្ទីនបន្ថែមទៀត។
ស្ថានការណ៍នៅតែល្អក់កករ ដោយភាគីទាំងពីរស្ថិតក្រោមសម្ពាធអន្តរជាតិដើម្បីឈានដល់ដំណោះស្រាយយូរអង្វែង។ ប៉ុន្មានថ្ងៃខាងមុខនឹងមានសារៈសំខាន់ខ្លាំងក្នុងការកំណត់ថាតើបទឈប់បាញ់អាចរក្សា និងនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពប្រកបដោយនិរន្តរភាពដែរឬក៏យ៉ាងណា៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត