Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមប្រឹក្សាសេដ្ឋកិច្ចឥណ្ឌូណេស៊ី ​សុំឱ្យ​ការពារឧស្សាហកម្មវាយនភ័ណ្ឌ ពីលំហូរចូលនៃទំនិញចិន​

បានផុស

នៅ

ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិឥណ្ឌូណេស៊ី (DEN) លោក Luhut Binsar Pandjaitan បាននិយាយថា ឥណ្ឌូណេស៊ីត្រូវតែការពារឧស្សាហកម្មវាយនភ័ណ្ឌរបស់ខ្លួនពី​លំហូរចូលនៃទំនិញ​វាយនភ័ណ្ឌចិន។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែត Jakarta Globe នៅថ្ងៃព្រហស្បតិ៍នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញឥណ្ឌូណេស៊ីលើក​ឡើងថា​ ទោះបី​ការបញ្ឈប់​ពលករពីការងារ និងបញ្ហាប្រឈមសកល​កើន​ឡើងក៏ដោយ​ ក៏ឧស្សាហកម្មវាយនភ័ណ្ឌនៅតែជាវិស័យ​ជំរុញសេដ្ឋកិច្ចសំខាន់ ដោយ​ផ្ដល់​ការងារដល់​កម្មករជិត ៤ លាននាក់ និងទាក់ទាញការវិនិយោគពីបរទេស និងក្នុងស្រុកយ៉ាងច្រើន។

លោក Luhut បាននិយាយក្នុងអំឡុងកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំតំបន់នៅទីក្រុង Magelang កាលពីថ្ងៃពុធថា​៖ «ក្នុងរយៈពេលមួយឆ្នាំកន្លងមក ​ឥណ្ឌូណេស៊ីបាន​ក្លាយ​ជាទិសដៅផ្លាស់ប្តូរទីតាំងដ៏សំខាន់សម្រាប់ការផលិតវាយនភ័ណ្ឌ និងស្បែកជើង ដែលជំរុញដោយសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និង​តិត្ថិភាព​ឧស្សាហកម្ម​ (ផលិត​ផល​ជន់លិចទីផ្សារ) ក្នុងប្រទេសវៀតណាម»។

និន្នាការនេះ​ ឆ្លុះបញ្ចាំងឱ្យ​ឃើញ​នៅក្នុងការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ​ក្នុងវិស័យវាយនភ័ណ្ឌ ​ដែល​ឈានដល់ ៩០៣ លានដុល្លារក្នុងឆ្នាំ ២០២៤ ដែលជាការកើនឡើង ១០៧ ភាគរយ ធៀបនឹងឆ្នាំ ២០២៣​។

​យ៉ាងណា​មិញ​ លោក Luhut បានទទួលស្គាល់ថា បញ្ហាប្រឈមនៅតែមាន រួមទាំងការទិញដីសម្រាប់ផលិតកម្ម​ ការអនុម័តលិខិតអនុញ្ញាតបរិស្ថាន និងគោលនយោបាយប្រាក់ឈ្នួល។ លោក​ក៏​បាន​បញ្ជាក់ផងដែរ ​ពី​ភាព​ចាំបាច់​ក្នុង​ការ​ការពារ​ទីផ្សារ​ក្នុង​ស្រុក​ពី​ការ​នាំ​ចូល​ខុស​ច្បាប់។

លោក​ថ្លែងយ៉ាងដូច្នេះថា៖ «ការផលិត​ហួស​តម្រូវការរបស់​ចិន ដោយសារពន្ធរបស់សហរដ្ឋអាមេរិក បាននាំឱ្យពួកគេប្តូរទិសដៅការនាំចេញទៅកាន់ប្រទេសកំពុងអភិវឌ្ឍ​ រួមទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ។ នេះចាំបាច់ត្រូវត្រួតពិនិត្យយ៉ាងដិតដល់។ ទន្ទឹមនឹងនោះ យើងត្រូវតែធានាថា ការនាំចូលវត្ថុធាតុដើមសម្រាប់ផលិតកម្ម មិនត្រូវបានរំខានទេ​»។

ជាមួយគ្នា​នោះ ថ្វីបើការវិនិយោគរបស់ឧស្សាហកម្មមាន​ភាព​រីកចម្រើនក៏ដោយ ក៏ការបញ្ឈប់ការងារនៅតែបន្តកើនឡើង។ សមាគមអ្នកផលិតអំបោះ និងសរសៃអំបោះឥណ្ឌូណេស៊ី (Apsyfi) បានរាយការណ៍ថា រោងចក្រវាយនភ័ណ្ឌប្រហែល ៣០ ត្រូវបានបិទ នៅចន្លោះខែមករាដល់ខែឧសភា ឆ្នាំ ២០២៤ ដែលបណ្តាលឱ្យបាត់បង់ការងារចំនួន ១០ ៨០០ កន្លែង​​។

ក្រសួងធនធានមនុស្សឥណ្ឌូណេស៊ី​ បានព្រមានថា ការកាត់​ការងារក្នុងវិស័យវាយនភ័ណ្ឌ អាចកើនឡើង ជាមួយនឹងការបញ្ឈប់ការងារអាចកើនឡើងពី ៨០ ០០០ នាក់ក្នុងឆ្នាំ ២០២៤ ដល់ ២៨០ ០០០ នាក់។ ក្រសួង​បន្ថែម​ថា​ ​ក្រុមហ៊ុនវាយនភ័ណ្ឌចំនួន ៦០ កំពុងរៀបចំផែនការបញ្ឈប់ពលករ​ពី​ការងារ ដែលអាចប៉ះពាល់ដល់បុគ្គលិករហូតដល់ ២០០ ០០០ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម