Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ប្រាប់កងទ័ពបន្តត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ផ្សេងៗ ពិសេសបង្ក្រាបសកម្មភាពក្រុមជ្រុលនិយម

បានផុស

នៅ

អភិបាលខេត្ត​កណ្ដាល ប្រាប់កងទ័ពនៃតំបន់ប្រតិបត្តិការសឹករង បន្តរក្សាការប្រមូលផ្តុំកម្លាំងត្រៀមឱ្យបានខ្ជាប់ខ្ជួន ដើម្បីធ្វើអន្តរាគមន៍ពេលមានសភាពការណ៍កើតឡើងដោយចៃដន្យ ជាពិសេសត្រៀមទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពក្រុមជ្រុលនិយម ព្រមទាំងការពារសុខសន្តិភាពជាតិ ពីការធ្លាក់ក្នុងគ្រោះមហន្តរាយ តាមរយៈការប៉ុនប៉ងធ្វើបដិវត្តពណ៌ ឬការញុះញង់គ្រប់រូបភាព ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់អភិបាលខេត្តកណ្ដាល បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខ របស់តំបន់ប្រតិបត្តិការសឹករងកណ្ដាល នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្តាំដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃតំបន់ប្រតិបត្តិការសឹករងកណ្ដាល ត្រូវលើកកម្ពស់នូវស្មារតីការពារឯករាជ្យ បូរណភាព ទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាពឱ្យបានគង់វង្ស។ ពិសេសពង្រឹងគោលជំហរ និងប្រឆាំងដាច់ខាតនូវរាល់ចលនាបដិវត្តពណ៌ និងបណ្តាចលនាផ្សេងៗរបស់ក្រុមជ្រុលនិយមមិនឱ្យកើតមាននៅកម្ពុជា ដោយការពារដាច់ខាតនូវសន្តិភាព។

លោកអភិបាលខេត្តគណ្ដាល អំពាវនាវដល់កម្លាំងកងទ័ពត្រូវមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ហើយត្រូវយកចិត្តទុកដាក់លើការងាររៀនសូត្រជំនាញផ្សេងៗ និងអប់រំចិត្តសាស្ត្រ ដើម្បីពង្រឹងពង្រីកសមត្ថភាពរបស់កងទ័ព។

លោក​ គួច ចំរើន បានកោតសរសើរកងកម្លាំងប្រដាប់អាវុធ ពិសេសកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានបំពេញកាតព្វកិច្ចយ៉ាងស្វាហាប់ ព្រមទាំងមានការរីកចម្រើនថ្មីៗ ប្រកបដោយការកែច្នៃរស់រវើក ដែលអាចចាត់ទុកថា ជាកងទ័ពគំរូដ៏ល្អក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលបានការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ និងចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន ក៏ដូចជាបានចូលរួមក្នុងការងារសង្គមជាច្រើន។

លោកអភិបាល ក៏បានកត់សម្គាល់ពីការគោរពវិន័យរបស់យោធិននៅក្នុងអង្គភាព និងការចាត់តាំងបានល្អប្រសើរ ដែលជារួម មិនមានយោធិនណាម្នាក់ប្រព្រឹត្តបទល្មើស ដែលនាំឱ្យប៉ះពាល់ដល់សង្គមជាតិ ដូចជាការជួញដូរ ឬការប្រើប្រាស់គ្រឿងញៀន និងការលេងល្បែងស៊ីសងឡើយ។

តែយ៉ាងណាក្ដី លោក ក៏បានណែនាំឱ្យកម្លាំងត្រូវចូលរួមថែទាំសុខមាលភាព និងបន្តចៀសវាងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងអំពើហិង្សាក្នុងគ្រួសារ ជាដាច់ខាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម