Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង $១៣ លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ

បានផុស

នៅ

នៅក្នុងរយៈពេល ២ ខែ ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៥ មានភ្ញៀវទេសចរបរទេសជិត ២៨ ម៉ឺននាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្សនារមណី​យដ្ឋាន​អង្គរ ដែលធ្វើឱ្យកម្ពុជារកចំណូលបាន​​​ប្រមាណជាង ១៣ លានដុល្លារ កើនឡើងជាង ១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែមីនា បានឱ្យដឹងថា ចាប់ពី​ខែ​មករា ដល់ដំណាច់ខែកុម្ភៈ ឆ្នាំ ២០២៥ មានភ្ញៀវបរទេស ២៧៩ ៦០៤ បាន​ទិញ​សំបុត្រ​ចូល​ទស្សនារមណី​យដ្ឋាន​អង្គរ ដែលចំនួនេះ កើនឡើង ១៨,៥៥ ភាគរយ ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​នៅឆ្នាំ ២០២៤។ ចំណែកទឹកប្រាក់ដែលទទួលបានគឺ ១៣,១៦ លាន​ដុល្លារ កើនឡើង ១៧,២១ ភាគរយ។

សម្រាប់ខែកុម្ភៈ ភ្ញៀវ​បរទេស​ទិញ​សំបុត្រ​ចូល​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ១៣៣ ៤៦៤ នាក់ ដោយ​ប្រមូលចំណូលបាន ៦,២៦ លានដុល្លារ កើន ៩,២០ ភាគរយ បើធៀបនឹងខែកុម្ភៈ ឆ្នាំ ២០២៣។

លោក ខៀវ ធី ប្រធាន​សមាគមន៍​មគ្គុទ្ទេសក៏​ទេសចរ​អង្គរ ប្រាប់កម្ពុជាថ្មីថា រដូវ High Season ចាប់ពីខែ ១១ ដល់ខែ ០២ ដោយសារស្រុក​គេចុះត្រជាក់​ទឹក​កកច្រើនគេមកលេងស្រុកក្ដៅ ខណៈកម្ពុជាទទួលទេសចរណ៍មួយចំនួនតភ្ជាប់ជើង​ហោះហើរពី​វៀត​​​​​ណាម។

ម្យ៉ាងទៀត ភ្ញៀវបរទេសចាប់ផ្ដើមស្គាល់កម្ពុជា និងបានណែនាំបងប្អូនសាច់​ញាតិ​គេ​ឱ្យ​មកលេង ខណៈកម្ពុជាមានសុវត្ថិភាព សន្តិសុខ អនាម័យ ដែលទេសចរ​មកលេង​ជា​បន្ត​បន្ទាប់​។

បើតាមលោក ខៀវ ធី នៅដើមឆ្នាំ ២០២៥ កំណើនភ្ញៀវទេសចរហាក់មានការកើនឡើង ដែល​បង្កើតការងារ និងប្រាក់ចំណូលដល់អ្នកផ្ដល់សេវាកម្ម រាប់ចាប់តាំងពីសេវាកម្ម​មគ្គុទេសក៏​ទេសចរ អ្នកបើកបរ និងភោជនីយដ្ឋាន។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ឆ្នាំ ២០២៤ បង្ហាញថា ចំណូលទេសចរណ៍​អន្តរ​ជាតិ​​សរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។

នៅក្នុងឆ្នាំ២០២៤ កម្ពុជា​ទទួលបានភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើង​ជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មាន​ចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម