Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត  ប្រកាសបន្តធ្វើពិធីបុណ្យកោងកាងជារៀងរាល់ឆ្នាំតទៅទៀត បន្ទាប់ពីធ្វើជាដំបូងនៅទីតាំងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។លោក អ៊ាង សុផល្លែត ប្រកាសបែបនេះ ក្នុងឱកាសបើកពិធីបុណ្យ «កោងកាងសន្តិភាព»នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបើក លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់ទុកការរៀបចំពិធីបុណ្យ «កោងកាងសន្តិភាព»នាពេលនេះ គឺកើតចេញពីឆន្ទៈ និងទំនៀមទម្លាប់របស់ប្រជាសហគមន៍នេសាទតំបន់ការពារធម្មជាតិកោះស្រឡៅ ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០១៥មកម៉្លេះ។ ការធ្វើនេះ គឺដើម្បីដាំស្តារ បំបួសដើមកោងកាង និងរំលឹកគុណដើមកោងកាង ដែលបានផ្តល់ប្រយោជន៍ដ៍មហិមាដល់សហគមន៍មូលដ្ឋាន ការពារប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងប្រព័ន្ធជីវៈចម្រុះ ជាពិសេស គឺការចូលរួមចំណែកយុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួងបរិស្ថាន ក៏ដូចជាការចូលរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព។ ការរៀបចំ «ពិធីបុណ្យកោងសន្តិភាព» នាពេលនេះ នឹងចូលរួមចំណែកក្នុងការគ្រប់គ្រង ការពារព្រៃកោងកាង និងធនធានជីវៈចម្រុះតំបន់ឆ្នេរដ៏មានតម្លៃរបស់ជាតិយើង ដើម្បីប្រយោជន៍សេដ្ឋកិច្ច-សង្គម និងបរិស្ថាន តាមរយៈការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ។

រដ្ឋមន្ត្រី អ៊ាង សុផល្លែត គូសបញ្ជាក់ទៅប្រជាសហគមន៍ដែលចូលរួមពិធីបុណ្យនេះថា ព្រៃកោងកាង គឺជាទីជម្រកដ៏សម្បូរបែបសម្រាប់ពពួកសត្វព្រៃ ជាកន្លែងពងកូនរបស់ពពួកមច្ឆាជាតិ និងប្រភេទថនិកសត្វផ្សេងទៀត។ ព្រៃកោងកាង គឺជាប្រភពចំណូលរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាចូលរួមលើកកម្ពស់សេដ្ឋកិច្ច-សង្គម វប្បធម៌ និងបរិស្ថាន ដែលឆ្លើយតបទៅនឹងមុំសរសរស្តម្ភ ទាំងបីរបស់យុទ្ធសាស្ត្រចក្រាវិស័យ  បរិស្ថាន គឺ «ភាពស្អាត ភាពបៃតង និងចីរភាព»។

គួរជ្រាបថា ក្រសួងបរិស្ថាន សម្រេចរៀបចំពិធីបុណ្យ«កោងកាងសន្តិភាព» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា  ក្នុងគោលបំណង៖ ១. លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃកោងកាងដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម ដូចជា ការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន, ២. ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សព្រៃកោងកាង តាមរយៈបំផុសឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល តំណាងអង្គទូត អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាសហគមន៍មូលដ្ឋាន, ៣. លើកស្ទួយតម្លៃនៃសន្តិភាព ភាពសុខដុមរមនា និងការរស់នៅប្រកបដោយសុខដុមជាមួយបរិស្ថាន ដែលព្រៃកោងកាងមិនត្រឹមតែជាធនធានធម្មជាតិដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃភាពសុខដុមរមនា រវាងមនុស្ស និងធម្មជាតិផងដែរ, និង៤. ផ្សព្វផ្សាយអំពីសក្តានុពលនៃធនធានធម្មជាតិ ពិសេសព្រៃកោងកាង ក្នុងការទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់នូវធនធានធម្មជាតិ និងឱកាសទេសចរណ៍ធម្មជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយនិរន្តរភាព។ សកម្មភាពសំខាន់ៗនៅក្នុងពិធី «បុណ្យកោងកាងសន្តិភាព»រួមមាន ការដាំកូនដើមកោងកាង ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស អ្នកចូលរួម និងប្រជាពលរដ្ឋ នៅតំបន់ព្រៃកោងកាងដែលបានកំណត់, ការជិះទូកកម្សាន្តនិងទស្សនាព្រៃកោងកាង, និងការហែលទឹកលេងកម្សាន្ត។

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ឱ្យដឹងថា នៅក្នុងឱកាសនៃពិធីបុណ្យនេះ មានការដាំកូនដើមកោងកាងចំនួន៣.០០០ដើមបន្ថែមទៀត លើផ្ទៃដី៣ហិកតា នៅក្នុងភូមិសាស្ត្រភូមិកោះស្រឡៅ ឃុំកោះកាពិ បន្ទាពីក្នុងឆ្នាំ២០២៤កន្លងទៅនេះ នៅទូទាំងខេត្តកោះកុងបានដាំស្ដារព្រៃកោងការឡើងវិញបានជាងចំនួន៥៤៨០០ដើមរួចហើយ។

ប្រធានអង្គការមេត្តាធម្មជាតិ  លោក ម៉េង ហេង ឱ្យដឹងថា ពិធីបុណ្យកោងកាងសន្តិភាព គឺជាពិធីដែលមានដើមកំណើតចេញពីប្រជានេសាទសហគមន៍ភូមិកោះស្រឡៅឃុំកោះកាពិស្រុកកោះកុងខេត្តកោះកុងតាំងពីដើមឆ្នាំ២០១៥ ដែលប្រារព្ធឡើងធ្វើដើម្បីបំបួសដើមកោងកាង និងរំលឹកគុណដើមកោងកាងដែលផ្ដល់ផលប្រយោជន៍យ៉ាងមហិមាទៅដល់សហគមន៍ និងបរិស្ថាន ដូចជាជួយកែលម្អគុណភាពទឹកនិងរក្សាលំនឹងបរិស្ថាន ជាប្រភពចំណូលនិងការងារដល់សហគមន៍មូលដ្ឋាន ជាដើម។

គួរជ្រាបថា នៅប្រទេសកម្ពុជា មានព្រៃកោងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណជាង៧ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ក្នុងនោះខេត្តកោះកុងមានទំហំធំជាងគេ គឺប្រមាណជាង៤ម៉ឺនហិកតា។ព្រៃកោងកាង ជាជម្រក និងកន្លែងរកចំណីនៃសត្វមានជីវិតដូចជាត្រី សត្វឆ្អឹងខ្នងមានឈាមត្រជាក់ ល្មូន បក្សី និងថនិកសត្វដូចជាសត្វខ្លា និងជាប្រភពផ្តល់ព្រៃឈើ និងផ្តល់ចំណីដែលមានប្រូតេអ៊ីនខ្ពស់សម្រាប់មនុស្ស និងជីវៈចម្រុះព្រមទាំងចូលរួមចំណែកទប់ស្តាត់ផលប៉ះពាល់លើធនធានជីវៈចម្រុះសមុទ្រ ដែលកំពុងតែរងផលប៉ះពាល់ពីសកម្មភាពមនុស្ស និងមហន្តរាយធម្មជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៤២ នាទីutes មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជប៉ុនជួបគ្រោះភ្លើងឆេះព្រៃដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍

Sokha Hotels

ព័ត៌មានពេញនិយម