ព័ត៌មានជាតិ
សម្តេចធិបតី៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃអាទិត្យនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមដោយភ្ជាប់រូបភាពគ្រាដែលសម្តេច បានដឹកនាំកងទ័ពចរចាជាមួយភាគីថៃ ក្នុងគោលដៅឈានទៅរកការផ្អាកការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ដែលបានផ្ទុះឡើងនៅឆ្នាំ ២០០៨ ។
ការបង្ហោះសារនេះ ជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេសឲ្យប្រយ័ត្ននៅក្នុងការធ្វើសកម្មភាពអ្វីមួយដែលប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ ថែមទាំងសង្កត់ធ្ងន់ថា សង្គ្រាមមិនមានអ្វីចំណេញនោះទេ។ សារដាស់តឿននេះ ខណៈពេលដែលអ្នកនយោបាយជ្រុលនិយមកម្ពុជា-ថៃ បានកំពុងរុញស្ថានការណ៍ក្នុងប្រទេសរៀងៗខ្លួនឱ្យឈានទៅបង្កជាអំពើហិង្សា នៅតាមតំបន់ព្រំដែនសារជាថ្មី។

សាររបស់សម្តេចធិបតី ដែលបានបង្ហោះនៅលើបណ្តាញសង្គមមានខ្លឹមសារដូចខាងក្រោម៖« ទើបរកឃើញរូបប៉ុន្មានសន្លឹកនេះ ដែលថតនៅថ្ងៃទី ១៩ កុម្ភៈឆ្នាំ ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ ខេត្តឧត្តរមានជ័យ»។
រូបទាំងនេះបង្ហាញអំពីការចរចារវាងភាគីកម្ពុជាដែលដឹកនាំដោយរូបខ្ញុំ ក្នុងនាមជាមេបញ្ជាការរងកងទ័ពជើងគោក (ដោយមានការចូលរួមពីឯកឧត្តម ជា ម៉ន អតីតមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣) ជាមួយភាគីកងទ័ពថៃដែលដឹកនាំដោយនាយសេនាធិកា កងទ័ពជើងគោកថៃ ក្នុងគោលដៅឈានទៅរកការផ្អាកការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ដែលបានផ្ទុះឡើងនៅឆ្នាំ ២០០៨ នៅទិសប្រាសាទព្រះវិហារ និងរាលដាលដល់ទិសប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅឆ្នាំ ២០១១។
សូមរំលឹកផងថាការប្រយុទ្ធគ្នាពេលនោះ គឺមិនមែនផ្ដើមដោយកងទ័ព ឬរាជរដ្ឋាភិបាលនៃប្រទេសណាមួយនោះទេ។ ប៉ុន្តែវាចាប់ផ្ដើមឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពក្រោមផ្លាកស្នេហាជាតិ ហើយរំលោភចូលមកកាន់កាប់វត្ត កែវ សិក្ខាគីរីស្វារៈ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានៅថ្ងៃទី ១៥ កក្កដា ឆ្នាំ២០០៨។
សកម្មភាពដែលផ្ដើមឡើងដោយមនុស្សប៉ុន្មាននាក់នេះ បានរាលដាល រហូតដល់មានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពនៃប្រទេសទាំងពីរអស់រយៈពេលជាង៣ឆ្នាំ ចាប់ពីតំបន់ប្រាសាទព្រះវិហាររហូតដល់តំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ដោយបានបង្កឲ្យកងទ័ពទាំងពីរប្រទេសរងរបួសនិងស្លាប់ជាច្រើននាក់ ក៏ដូចជាបង្ខំឲ្យប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋថៃដែលរស់នៅក្នុងនិងក្បែរតំបន់ប្រយុទ្ធគ្នា រាប់ពាន់គ្រួសារត្រូវជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួន។ បន្ថែមលើនោះទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងវិស័យផ្សេងៗ ក៏ទទួលរងការប៉ះពាល់ជាអវិជ្ជមានផងដែរនាពេលនោះ។

បទពិសោធន៍ដែលទើបតែកើតមានជាងមួយទសវត្សរ៍កន្លងទៅនេះ គឺជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស ឲ្យប្រយ័ត្ននៅក្នុងការធ្វើសកម្មភាពអ្វីមួយ ត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងនូវសកម្មភាពជ្រុលនិយមទាំងឡាយណា ដែលអាចឈានទៅបង្កើតអំពើហិង្សាដូចបានកើតឡើងនៅចន្លោះឆ្នាំ២០០៨-២០១១។
ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្រជាពលរដ្ឋថៃមានសិទ្ធិស្នេហាជាតិ និងស្នេហាទឹកដីរបស់ខ្លួន។ ប្រទេសទាំងពីរមិនអាចលើកចេញពីគ្នាបានទេ ហើយចំពោះបញ្ហាព្រំដែននៅសេសសល់ដែលជាមរតកប្រវត្តិសាស្ត្រ គឺបានបន្សល់ទុកជាយូរណាស់មកហើយ។ យើងត្រូវខិតខំដោះស្រាយឲ្យបានចប់ ដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ តាមរយៈយន្តការផ្លូវការដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរ ដើម្បីចៀសវាងបង្កជាបញ្ហាហិង្សា ដែលអាចកើតមានជាយថាហេតុដូចកាលពីឆ្នាំ២០០៨-២០១១។
ខ្ញុំកើតមិនទាន់សង្គ្រាមក្នុងទសវត្សរ៍ទី៧០ ហើយក៏នៅតូចនៅក្នុងដំណាក់កាលនៃសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ទី៨០ និងដើមទសវត្សទី៩០។ ប៉ុន្តែខ្ញុំគិតថាការប្រយុទ្ធគ្នានៅឆ្នាំ២០០៨-២០១១ គឺមិនខុសគ្នាពីការប្រយុទ្ធគ្នាកាលពីអតីតកាលនោះទេ គឺគ្មានអ្វីចំណេញពីសង្គ្រាមនិងការប្រយុទ្ធគ្នានោះទេ។

អ្នកដែលខាតបង់ផ្ទាល់គឺយោធិននៃប្រទេសទាំងពីរនិងក្រុមគ្រួសារដែលត្រូវបាត់បង់សមាជិកគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា (មិនទាន់គិតពីផលប៉ះពាល់លើទំនាក់ទំនងក្នុងវិស័យផ្សេងៗរវាងប្រទេសទាំងពីរនោះផង)។ ដោយឡែក អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ។ ពួកគេតែងតែរត់ទៅនៅកន្លែងសុវត្ថិភាពរាប់រយគីឡូម៉ែត្រពីតំបន់ប្រយុទ្ធគ្នា។
សម្តេចធិបតី បានគូសបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថានេះគឺជាមេរៀនមួយដែលប្រជាពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងខិតខំធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត»៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ