ព័ត៌មានជាតិ
ពលរដ្ឋភូមិអន្ទ្រងសែនជ័យ បារម្ភក្រុមហ៊ុនចិនប្រើសារធាតុគីមីចម្រាញ់រ៉ែមាស នាំឲ្យប៉ះពាល់ដល់សុខភាព
ពលរដ្ឋរស់នៅភូមិអន្ទ្រងសែនជ័យ ខេត្តមណ្ឌលគិរី ព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាព ខណ:ដែលក្រុមហ៊ុនចិនប្រើសារធាតុគីមីចម្រាញ់ធ្វើរ៉ែមាស។
ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង រស់នៅភូមិអន្ទ្រងសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រជ្រាដា ខេត្តមណ្ឌលគិរី បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាសុខភាពយ៉ាងខ្លាំង ពីផលប៉ះពាល់នៃការធ្វើសកម្មភាពប្រើសារធាតុគីមីចម្រាញ់ធ្វើរ៉ែមាស ដែលមានទីតាំងរណ្ដៅរ៉ែមាសជាច្រើនកន្លែង ពីសំណាក់ក្រុមហ៊ុន អន្ទ្រងមេធល Antrong Metal Co., Ltd.។


អាងស្តុកនៅសារធាតុគីមីចម្រាញ់មាសនោះ ធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថាន ក្នុងភូមិនិងសិស្សានុសិស្សដែលកំពុងតែសិក្សានៅសាលារៀនក្បែរទីតាំងរណ្ដៅរ៉ែមាសទាំងនោះ។ នេះបើតាមប្រភពពីពលរដ្ឋ។
ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងរណ្ដៅរ៉ែមាសទាំងនោះ គឺស្ថិតនៅក្នុងភូមិដែលមានផ្ទះរបស់ប្រជាពលរដ្ឋរស់នៅ និងសាលារៀនផងដែរ ហើយការប្រើប្រាស់នៅសារធាតុគីមីនោះ គឺបានបង្ហូរចេញទៅដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់សត្វពាហនៈ ឬក៏ពេលមានភ្លៀងធ្លាក់អាចហូរចូលទៅតាមប្រឡាយទឹក ឬក៏អូរព្រែកជាដើម។ ប្រជាពលរដ្ឋបន្តថា ព្រែកដែលប្រជាពលរដ្ឋប្រើប្រាស់ទឹកនោះ គឺហូរធ្លាក់ពីខេត្តមណ្ឌលគិរីរហូតដល់ខេត្តក្រចេះ។
ប្រជាពលរដ្ឋក៏បានបញ្ជាក់ថា សកម្មភាពនៃការរុករករ៉ែមាសដោយប្រើប្រាស់នៅអាងគីមីដើម្បីចម្រាញ់មាសនោះ គឺនៅតែបន្តសកម្មភាពរហូតដល់ចុងខែកុម្ភៈនេះ ខណៈការចេញចូលទីតាំងមានដាក់បារ៉ាស់បិទផ្លូវគ្រប់ច្រកនៅក្នុងតំបន់នោះ ដើម្បីឆែកឆេរយ៉ាងតឹងតែងបំផុត។


ពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរមានការត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងការប្រើប្រាស់នូវសារធាតុគីមីចម្រាញ់យកមាសនោះ ដើម្បីកុំឲ្យប៉ះពាល់ទៅដល់សុខភាពរបស់អ្នកភូមិនិងសត្វពាហនៈរបស់ពួកគាត់។
ជាមួយគ្នានេះ ពលរដ្ឋក៏សំណូមពរទៅដល់អាជ្ញាធរក៏ដូចជាកងកម្លាំងដែលបានដាក់បារ៉ាស់បិទផ្លូវជួយរកដំណោះស្រាយ និងបើកផ្លូវឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ទៅមកបានដោយសេរីដូចសព្វដង។
បន្ទាប់ពីផ្ទុះការតវ៉ារយៈពេលប៉ុន្មានថ្ងៃនេះពីសំណាក់ពលរដ្ឋ ក្រុមហ៊ុនបានធ្វើការរុះរើយកសម្ភារៈចេញ និងប្រើអេស្កាវទ័រកាយលុបរណ្ដៅនៅតាមទីតាំងនិងអាងស្តុកគីមីនោះ។

លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា
ជាក់ស្ដែងក្រោយមានការតវ៉ាពីប្រជាពលរដ្ឋ លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា និងកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ភោគ ចន្ធី មេបញ្ជាការរងអាវុធហត្ថខេត្តមណ្ឌលគិរី បានចុះពិនិត្យការដាក់បារ៉ាស់បិទផ្លូវចូលភូមិ និងការចម្រាញ់រ៉ែមាសនៅតំបន់នោះ។
លោកអភិបាលស្រុកបានបញ្ជាក់ថា បើតាមដឹងគឺជាការឈរជើងរបស់កម្លាំងយោធា គឺរួមចំណែកការពារសម្បត្តិធនធានធម្មជាតិ ជាពិសេសគឺហាមមិនឲ្យប្រជាពលរដ្ឋចេញចូលកាប់ទន្ទ្រានយកដីរដ្ឋខុសច្បាប់ និងការជីករុករករ៉ែមាសជាដើម។

លោក ភោគ ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត
ដោយឡែក លោក ភោគ ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឲ្យដឹងដែរថា កម្លាំងដែលដាក់បារ៉ាស់បិទនោះ គឺដោយសារទីតាំងខាងលើ ជាអតីតក្រុមហ៊ុនដីសម្បទានដាយណាម ហើយត្រូវរាជរដ្ឋាភិបាលដកហូតប្រគល់ជូនក្រសួងការពារជាតិធ្វើជាតំបន់យុទ្ធសាស្រ្តយោធា តាំងពីឆ្នាំ២០២០ ហើយពុំមាការពាក់ពន្ធ័ជាមួយក្រុមហ៊ុននោះទេ។
ពាក់ព័ន្ធនឹងការជីករ៉ែប្រើគីមីលោកថា មិនបានដឹងស៊ីជម្រៅទេ ពីព្រោះមិនមែនជាជំនាញរបស់លោក ប៉ុន្តែយ៉ាងណាក្តីពីម្សិលមិញ គឺខាងមន្ទីរជំនាញ ក៏ដូចជាកម្លាំងពាក់ព័ន្ធបានចុះទៅត្រួតពិនិត្យ មើលនៅតាមរណ្ដៅដែលពលរដ្ឋអះអាងថា មានការប្រើប្រាស់អាងស្តុកគីមីប៉ះពាល់ដល់សុខភាព។
ទាក់ទងជុំវិញក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋពីផលប៉ះពាល់ នៃការប្រើសារធាតុគីមីចម្រាញ់យកមាសរបស់ក្រុមហ៊ុន អន្ទ្រងមេធល នោះដែរ លោក អ៊ុំ ណាគ្រី តំណាងក្រុមហ៊ុនអន្ទ្រងមេធល បានបញ្ជាក់ថា ក្រុមហ៊ុនមានអាជ្ញាបណ្ណនៅក្នុងការស្រាវជ្រាវរុករករ៉ែមាស នៅភូមិអន្ទ្រងរយៈពេលខ្លី ហើយក៏បានបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ហើយក្រុមហ៊ុនក៏បានរុះរើសម្ភារៈចេញតាំងពីអំឡុងពេលនោះមក។
ចំណែកសម្ភារៈដែលនៅសេសសល់ និងការលើកឡើងរបស់ពលរដ្ឋដែលចោទថា មានអាងគីមីអីនោះខាងក្រុមហ៊ុនមិនបានដឹងនោះទេ ពីព្រោះក្រុមហ៊ុនបានចាកចេញតាំងពីអំឡុងខែធ្នូមកម៉្លេះ។ អ្វីដែលពលរដ្ឋចោទថា បានសហការជាមួយចិនចូលទៅធ្វើអាជីវកម្មរ៉ែមាសដោយធ្វើអាងគីមីអីនោះ ជារឿងមិនពិតទេពីព្រោះក្រុមហ៊ុនបានចាកចេញទៅហើយ។
ទាក់ទងការព្រួយបារម្ភរបស់ពលរដ្ឋខាងលើនេះ រដ្ឋបាលខេត្តមណ្ឌលគិរីក៏បានចេញសេចក្តីបំភ្លឺព័ត៌មាន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ដូចមានលិខិតភ្ជាប់មកជាមួយនេះ៕

អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត