ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនចាប់ផ្តើមអនុវត្តកម្មវិធីកេណ្ឌទ័ព ខណៈរុស្ស៊ីធ្លាប់ធ្វើតាំងពី២០២២
ក្នុងសង្គ្រាមជាមួយមហាអំណាចរុស្ស៊ីឈានចូលឆ្នាំទី៤ យោធាអ៊ុយក្រែនបានចាប់ផ្តើមជ្រើសរើសយុវជនចាប់ពីអាយុពី១៨ទៅ២៤ឆ្នាំ តាមគោលការណ៍ស្ម័គ្រចិត្តសម្រាប់ចូលបម្រើកងទ័ពដើម្បីបន្តប្រយុទ្ធក្នុងសង្គ្រាមដែលមិនទាន់រកច្រកចេញបាននៅឡើយ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Radio Free Europe/ Radio Liberty ផ្សាយនៅថ្ងៃទី៤ខែមីនានេះ បានឲ្យដឹងថា ការប្រកាសរើសទ័ពនេះស្របពេលដែលកងកម្លាំងប្រដាប់អាវុធប្រឈមនឹងការខ្វះខាតកម្លាំងយ៉ាងខ្លាំងដើម្បីទប់ទល់នឹងកងទ័ពរុស្ស៊ីដែលឈ្លានពាន។
ទោះបីយ៉ាងណា មិនមានសេចក្តីរយាការណ៍រំលេចអំពីចំនួនកងទ័ពដែលអ៊ុយក្រែននឹងត្រូវជ្រើសរើសនោះទេ។
នៅក្នុងការខិតខំចុងក្រោយបំផុតរបស់អ៊ុយក្រែនក្នុងការបំពេញបន្ថែមចំនួនកងទ័ពចូលទៅក្នុងជួរទ័ពរបស់ខ្លួន ដែលបាត់បង់ដោយសង្គ្រាមពេញរយៈពេល៣ឆ្នាំ រដ្ឋាភិបាលអ៊ុយក្រែនបានបង្ហាញផែនការថ្មីមួយដែលត្រួសត្រាយផ្លូវសម្រាប់មនុស្សពេញវ័យដែលមានអាយុក្រោម២៥ឆ្នាំក្នុងការចូលបម្រើយោធា។
សេចក្តីរាយការណ៍បានលើកឡើងថា គំនិតផ្តួចផ្តើមជ្រើសរើសកងទ័ពដែលត្រូវវបានបង្ហាញកាលពីខែមុន ដែលឱ្យឈ្មោះថា«The Generation That Decides Now» នឹងផ្តល់នូវការលើកទឹកចិត្តដែលរួមមានប្រាក់រង្វាន់ ១លាន hryvnya (រូបិយប័ណ្ណអ៊ុយក្រែន) ដែលមានតម្លៃប្រហាក់ប្រហែល២៤០០០ដុល្លារ បូករួមកម្ចីឧបត្ថម្ភធនសម្រាប់ទិញផ្ទះ ការអប់រំនៅសកលវិទ្យាល័យដោយឥតគិតថ្លៃ និងសិទ្ធិធ្វើដំណើរទៅក្រៅប្រទេស បន្ទាប់ពីបញ្ចប់បម្រើក្នុងវិស័យយោធា។
នៅក្រោមច្បាប់អាជ្ញាសឹក បុរសភាគច្រើនដែលមានអាយុពី ១៨ទៅ៦០ឆ្នាំមិនត្រូវបានអនុញ្ញាតឱ្យចាកចេញទៅក្រៅប្រទេសឡើយ។
ក្នុងអំឡុងពេលនៃការចូលបម្រើទ័ពដោយស្ម័គ្រចិត្តនេះ យោធាក៏នឹងផ្តល់ការបណ្តុះបណ្តាលខ្លាំងដល់អ្នកស្ម័គ្រចិត្តវ័យក្មេង សិទ្ធិជ្រើសរើសកងពលតូចយោធាណាដែលពួកគេចង់ចូលរួម និងសិទ្ធិពន្យាពេលកំណែនទ័ពរយៈពេលមួយឆ្នាំ នៅពេលពួកគេឈានដល់អាយុ ២៥ឆ្នាំ។
រយៈពេលនៃសេវាកម្មក្រោមកិច្ចសន្យាបែបនេះគឺត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែវាអាចត្រូវបានបន្តដោយស្ម័គ្រចិត្ត។ នេះបើយោងតាមក្រសួងការពារជាតិ។ តាមការប្រៀបធៀប ទាហានភាគច្រើនផ្សេងទៀតនៅអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងបម្រើដោយគ្មានកំណត់ ប្រសិនបើពួកគេនៅមានជីវិត។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចេញក្រឹត្យធ្វើកំណែនទ័ពចំពោះកងទ័ពបម្រុងចំនួន៣០ម៉ឺននាក់កាលខែកញ្ញាឆ្នាំ២០២២។ តាមការចុះផ្សាយរបស់ Businesinsider ក្នុងឆ្នាំ២០២៤ រុស្ស៊ីបានប្តូរយុទ្ធសាស្រ្តជ្រើសរើសកងទ័ពពីការធ្វើកំណែន មកជាការផ្តល់ប្រាក់រង្វន់លើកទឹកចិត្ត និងអត្ថប្រយោជន៍ផ្សេងៗ។ ក្នុងអំឡុងពេលនេះ ទាហានថ្មីប្រមាណ៤៤ម៉ឺននាក់ត្រូវបានចុះបញ្ជី។ មានសេចក្តីរាយការណ៍ថា រុស្ស៊ីក៏មានផែនការជ្រើសរើសកងទ័ពបន្ថែមនៅឆ្នំា២០២៥ ដោយមានចំណែកធំចេញពីអ្នកទោសដែលមិនចង់ប្រឈមការចោទប្រកាន់បទឧក្រិដ្ឋធ្ងន់ធ្ងរ៕
ដោយ រ៉ាន់ រើយ


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា