Connect with us

ព័ត៌មានជាតិ

កម្ពុជាសើ្នក្រុមហ៊ុនជប៉ុនចាប់​ឪកាស​វិនិយោគនៅលើវិស័យកត្តានុពល និងអាទិភាព

បានផុស

នៅ

គណៈប្រតិភូធុរជនជប៉ុនប្រមាណ៤០ក្រុមហ៊ុនបានកំពុងសំឡឹងរកឪកាសវិនិយោគ​លើវិស័យ​សក្តានុពលមួយចំនួននៅប្រទេសកម្ពុជា ខណៈបណ្តាក្រុមហ៊ុនជប៉ុនដែលកំពុងមានវត្តមាន​នៅកម្ពុជាកំពុងទទួលបានជោគជ័យលើអាជីវ​កម្ម​ និងការវិនិយោគរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបប្រជុំជាមួយគណៈប្រតិភូធុរជនជប៉ុន ដឹកនាំដោយ លោក Wakabayashi Kohei ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO) ប្រចាំនៅរាជធានីភ្នំពេញ ​។

លោកឧបនាយករដ្ឋមន្រ្តី បានស្នើដល់ក្រុមវិនិយោគិនជប៉ុនទាំងនោះសំឡឹងមើលឪកាស​វិនិយោគ​នៅក្នុងវិស័យសក្តានុពល និងអាទិភាពមួយចំនួនរួមានខាងវិស័យរោងចក្រឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ថាមពលបៃតង, វិស័យអប់រំបណ្តុះបណ្តាល, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗ។

លោកថា៖«កម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន​សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់»។​ ជាមួយគ្នានោះដែរ លោកថា វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។

​ លោក ស៊ុន ចាន់ថុលក៏បានលើកឡើងអំពី គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលរំពឹងថានឹងផ្លាស់ប្តូរមុខមាត់កម្ពុជាក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្រ។ លោកបានចង្អុលបង្ហាញអំពីមុខសញ្ញាវិនិយោគដែលសមស្របជាមួយនឹងគម្រោងមួយនេះ រួមមាន៖ ផលិតកម្មនាវា, កំពង់ផែរណប, ឃ្លាំងស្តុកទំនិញ និងមជ្ឈមណ្ឌលភស្តុភារកម្ម ជាដើម។

​គណៈប្រតិភូធុរជនរបស់ជប៉ុនក៏បាន​វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ ក្នុងការសម្របសម្រួល ថែទាំគាំទ្រដល់វិនិយោគិនដែលបានដាក់ទុនវិនិយោគ និងកំពុងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ដែលទាំងអស់នេះជាមូលដ្ឋានធ្វើឱ្យអ្នកដែលមានបំណងដាក់ទុនវិនិយោគនាពេលអនាគត កាន់តែមានទំនុកចិត្តក្នុងការសម្រេចចិត្តផងដែរ។

លោក ស៊ុន ចាន់ថុលក៏រំលេចនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៥០ និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ CDC ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២៤ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម