ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ ៧ មករា បន្តចុះក្រើនរំលឹកពលរដ្ឋនៅកំណាត់ផ្លូវហ្សាលឌឺហ្គោល ឲ្យយល់ដឹងការរក្សាចិញ្ចើមផ្លូវ សណ្ដាប់ធ្នាប់ និងសោភ័ណភាព
ក្រោយរដ្ឋបាលខណ្ឌ ៧ មករា សម្រេចយកកំណាត់ផ្លូវហ្សាលឌឺហ្គោលធ្វើជាផ្លូវគំរូ អាជ្ញាធរសណ្ដាប់ធ្នាប់ខណ្ឌ បានបន្តចុះផ្សព្វផ្សាយ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យយល់បន្ថែមពីការប្រើប្រាស់ចិញ្ចើមផ្លូវឲ្យបានត្រឹមត្រូវ នៅ ១ ភាគ ៣ នៃចិញ្ចើមផ្លូវ។

លោក គ្រួច សុធន់ នាយករងរដ្ឋបាលទទួលផែនសណ្ដាប់ធ្នាប់ បានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥ នេះថា ក្រោយទទួលបានការណែនាំពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា លោកបានដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ បន្តចុះផ្សព្វផ្សាយ និងក្រើនរំលឹកដល់ពលរដ្ឋឲ្យយល់បន្ថែមពីការប្រើប្រាស់ចិញ្ចើមផ្លូវដែលមានបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពល្អសម្រាប់មូលដ្ឋានខណ្ឌ ៧ មករា។ ក្នុងនោះ ដោយកំណាត់ផ្លូវហ្សាលឌឺហ្គោល ត្រូវរៀបចំផ្លាស់ប្ដូរការ៉ូឡាថ្មីធ្វើជាផ្លូវគំរូ មានសណ្ដាប់ធ្នាប់ល្អ។

លោកបានបញ្ជាក់ថា កម្លាំងអាជ្ញាធរបន្តចុះផ្សព្វផ្សាយណែនាំដើម្បីឲ្យពលរដ្ឋចូលរួមជាមួយអាជ្ញាធរបានល្អប្រសើរ ហើយពេលការដ្ឋានចាប់ផ្ដើមសាងសង់ និងជួសជុលកែប្រែកំណាត់ផ្លូវហ្សាលឌឺហ្គោល ជាផ្លូវគំរូ ហើយពលរដ្ឋអាជីវក នៅតែបំពាននោះ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល។

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ លោក ថេង សុថុល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងកំណាត់ផ្លូវហ្សាលឌឺហ្គោល ក្នុងភូមិសាស្ត្រខណ្ឌ ៧ មករា ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពសាធារណៈគំរូលើកំណាត់ផ្លូវហ្សាលឌឺហ្គោល។ ក្នុងកម្មវិធីពិគ្រោះយោបល់នេះ មានសមាសភាពចូលរួម លោកអភិបាលរង ខណ្ឌ លោកនាយក នាយករងរដ្ឋបាលសាលាខណ្ឌ លោកអធិការ អធិការរងនគរបាលខណ្ឌ លោក លោកស្រីចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមចំនួន ១៣៣ នាក់។

ក្នុងពិធីពិគ្រោះយោបល់នោះដែរប្រជាពលរដ្ឋបានសម្ដែងក្ដីសប្បាយរីករាយ និងសំណូមពរទៅដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធក្នុងការកំណត់យកមហាវិថីហ្សាលឌឺហ្គោល នេះជាផ្លូវគំរូ ប៉ុន្តែក្នុងអំឡុងពេលជួសជុលការ៉ូឡាថ្មីនោះ សូមមន្ត្រីជំនាញយកចិត្តទុកដាក់ កាត់បន្ថយការរំខាន ការប្រកបមុខរបរ និងការចេញចូលផ្ទះរបស់ពួកគាត់។

ដោយឡែកពលរដ្ឋដទៃទៀតបន្តលើកឡើងក្នុងការរៀបចំនេះថា តើកំណត់ព្រំត្រឹមចំណុចដល់ពួកគាត់អាចប្រកបអាជីវកម្មបាន។

លោក ថេង សុថុល បានពន្យល់បកស្រាយជូនដល់ប្រជាពលរដ្ឋឲ្យបានយល់ថា ក្នុងអំឡុងពេលជួសជុលកែលម្អកំណាត់ផ្លូវនេះ អាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់បំផុតពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ដោយការជួសជុលក្នុងមួយថ្ងៃតែពីផ្ទះប៉ុណ្ណោះ ដោយរៀបនឹងកាយធ្វើឲ្យឡើងវិញភ្លាមៗ មិនប្រើពេលប៉ះពាល់ដល់ពលរដ្ឋយូរឡើយ។

បន្ថែមទៀតនោះ លោកអភិបាល បានបញ្ជាក់ថា ការ៉ូឡាថ្មី និង មានលាយពណ៌ឆ្នូតក្រហម កំណត់ព្រំរួចស្រេច ដោយពុំចាំបាច់បាញ់ថ្នាំកំណត់ព្រំនោះទេ សម្រាប់ឲ្យប្រជាពលរដ្ឋអាស្រ័យផល៕
អត្ថបទ ៖ សុភា




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង