សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីស្នើឱ្យវិនិយោគិនអន្តរជាតិចាប់ យកឱកាសសក្ដានុពលពីសេដ្ឋកិច្ចតំបន់អាស៊ាន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជំរុញឱ្យអ្នកដឹកនាំធុរកិច្ច និងវិនិយោគទាំងអស់ ទាញយក អត្ថប្រយោជន៍ ពីកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន និងព្រឹត្តិការណ៍ពាក់ព័ន្ធ ដើម្បីប្រាស្រ័យទាក់ទងផ្លាស់ប្ដូរគំនិត និងស្វែងរកឱកាសសហការក្នុងការចាប់យកសក្ដានុពលដ៏ធំធេងពីសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនរបស់តំបន់អាស៊ាន។ សម្ដេចក៏បានស្នើឱ្យវិនិយោគិន សហការទាំងអស់គ្នាដើម្បីជំរុញការតភ្ជាប់អាស៊ានដោយ មានកម្ពុជាជាដៃគូយុទ្ធសាស្ត្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» នាព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ ថា វិនិយោគិនជាតិ និងអន្តរជាតិ បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៃធុរកិច្ច នៅកម្ពុជា។ កម្ពុជា ត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូល សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាច្រកទ្វារទៅកាន់តំបន់អាស៊ាន។ នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជិត ៧ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២៣។
សម្ដេចធិបតីមានប្រសាសន៍ថា កម្ពុជា បាននិងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា, ដែលរួមបញ្ចូលទាំង ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ, និងមជ្ឈមណ្ឌលភស្តុភារកម្ម។

បន្ថែមលើនេះ កម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម, សម្រួលនីតិវិធីគយ, សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម, និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព។ កម្ពុជាបានផ្តល់តម្លៃខ្ពស់ ចំពោះថាមពលនៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិនិយោគិនជាតិ និងអន្តរជាតិ ដោយបានផ្តល់អាទិភាពដល់កិច្ចសន្ទនាបើកចំហ និងការជំរុញបរិយាកាសឆ្លើយតប ប្រកបដោយជវភាព ដោយរៀបចំជាទៀងទាត់នូវ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហា និងកង្វល់ចម្បងៗ របស់វិស័យឯកជន។
រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ដោយបានដាក់ចេញនូវវិធានការកែទម្រង់ និងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ដោយក្នុងនោះរាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួង ដែលមានសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាង ៣០ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា, ការកែទម្រង់របស់រាជរដ្ឋាភិបាល ដែលគាំទ្រដល់ធុរកិច្ច ផ្តល់ជូននូវការលើកទឹកចិត្តដ៏គួរឱ្យទាក់ទាញ ដោយផ្អែកលើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយរួមបញ្ចូលទាំងការអនុគ្រោះពន្ធរហូតដល់ ១៥ ឆ្នាំ សម្រាប់វិស័យអាទិភាព។
រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងបណ្តាខេត្តនៅភូមិភាគឦសាន ដោយផ្តល់ជូននូវការលើកទឹកចិត្តពិសេសលើសពីច្បាប់ស្តីពីវិនិយោគ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដ៏ទូលំទូលាយ ដល់យុវជនចំនួន ១,៥ លាននាក់ ដើម្បីបំពេញតម្រូវការរបស់វិស័យឯកជន ព្រមទាំងបាន និងកំពុងផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏រឹងមាំផងដែរ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានជំរុញឱ្យវិនិយោគិនបរទេសពិចារណាដាក់ទុននៅកម្ពុជា ខណៈកម្ពុជាជាទីតាំងយុទ្ធសាស្ត្រ និងមានកំណើនសេដ្ឋកិច្ចរីកលូតលាស់ល្អ។
អ្នកឧកញ៉ា គិត ម៉េង លើកឡើងថា៖ «ប្រសិនបើអ្នកកំពុងតែស្វែងរកនូវទីផ្សារថាមវន្តដែលមានសមាហរណកម្ម សូមពិចារណាប្រទេសកម្ពុជា។ ប្រសិនបើអ្នកកំពុងស្វែងរកទីតាំងយុទ្ធសាស្ត្រ និងផ្ដល់អត្ថប្រយោជន៍ គួបផ្សំនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឆាប់រហ័ស និងរដ្ឋាភិបាលដែលសកម្ម និងគាំទ្រធុរកិច្ច ដោយផ្ដោតលើការសម្រួលដំណើរការអាជីវកម្មកំណែទម្រង់បទបញ្ញត្តិ សូមពិចារណាប្រទេសកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ក៏បានឱ្យវិនិយោគិនបរទេសពិចារណាវិនិយោគនៅកម្ពុជា ខណៈកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតមួយនៅក្នុងតំបន់ ជាមធ្យមមានកំណើន ៧% ប្រចាំឆ្នាំ មុនការរាត្បាតនៃជំងឺកូវីដ១៩ និងការព្យាករណ៍កំណើន ៦,៣% សម្រាប់ឆ្នាំ ២០២៥។
អាស៊ានមានកំណើនពាណិជ្ជកម្មជាប្រចាំលើសកំណើនសេដ្ឋកិច្ចសកល សក្ដានុពលដ៏ខ្លាំងក្លាទាំងនេះ អាចសម្រេចបានតាមរយៈចក្ខុវិស័យច្បាស់លាស់ និងយុទ្ធសាស្ត្រដែលផ្អែកលើសកម្មភាព។ បណ្ដាញថាមពលអាស៊ានគឺជាគំនិតផ្ដួចផ្ដើមសំខាន់មួយសម្រាប់បន្តកំណើន និងនិរន្តរភាព។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺជាសរសរស្ដម្ភសំខាន់នៃសមាហរន្តកម្មនៅក្នុងតំបន់យើងត្រូវពន្លឿននូវការខិតខំប្រឹងប្រែងរបស់យើងទ្វេដងដើម្បីផ្ដល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ក៏ដូចជាការតភ្ជាប់ឌីជីថលផងដែរ។
អាស៊ានត្រូវបានព្យាករណ៍ថា នឹងក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចធំជាងគេទី៤ នៅលើពិភពលោកនៅឆ្នាំ ២០៣០ ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ១០ ទ្រីលានដុល្លារ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ