ព័ត៌មានជាតិ
ពិធីឡើងផ្ទះថ្មីរបស់ជនជាតិដើមគ្រឹង នៅខេត្តរតនគិរី ពិតជាប្លែកមែន ធ្វើម្តង៤ថ្ងៃ ហើយសែនព្រេនទាំងនៅផ្ទះចាស់ និងនៅផ្ទះថ្មី
ការឡើងផ្ទះថ្មី មិនថាអ្នកមាន ឬអ្នកក្រកម្រិតណានោះទេ តែងតែប្រារព្ធធ្វើវាជាទៀងទាត់ មិនមាននរណាម្នាក់មិនធ្វើវានោះទេ ពីព្រោះថា នេះជាប្រពៃណី ទំនៀមទម្លាប់មានតាំងពីដូនតា។ ជាក់ស្តែង នៅភូមិទៀមលើ ឃុំ កាចូន ស្រុក វើនសៃ ខេត្តរតនគិរី រជនជាតិដើមភាគតិចគ្រឹង បានរៀបចំកម្មវិធីឡើងផ្ទះថ្មីដែលមានរយៈពេល៤ថ្ងៃ ក្នុងនោះ ៣ថ្ងៃជាតំណម មិនឱ្យប្តីប្រពន្ធទៅជាន់ផ្ទះធ្លាប់រស់នៅ ហើយចំណែក១ថ្ងៃទៀតសម្រាប់ប្តីប្រពន្ធទៅរកទិញជ្រូក មាន់ បិទស្រាពាង និងទៅប្រាប់បងប្អូនសាច់ញាតិ និងអ្នកភូមិរបស់ខ្លួន។

លោក ជឿន ដែលជាអ្នកសម្របសម្រួលក្នុងការរៀបចំពិធីឡើងផ្ទះថ្មីរបស់ជនជាតិដើមភាគតិចគ្រឹង បានប្រាប់ឱ្យដឹងថា ដើម្បីឱ្យពិធីសែនឡើងផ្ទះថ្មីនេះបានជោគជ័យសម្រេចបានតាមទំនៀមទម្លាប់ តាមបែបប្រពៃណី គឺការរៀបចំមាន២ដំណាក់កាល ទី១ ត្រូវសែននៅផ្ទះឪពុកម្តាយ និងទី២ សែននៅលើផ្ទះថ្មី។ សែននៅផ្ទះឪពុកម្តាយនៅថ្ងៃទី១ គឺប្តីប្រពន្ធ ត្រូវរៀបចំខោអាវថ្មីម្នាក់១កំប្លេ ដាក់លើថាស មានអំបោះស និងអង្ករ១ចានតូចដាក់ជាមួយផង រួចចាស់ទុំ និងឪពុកម្តាយ បងប្អូនសាច់ញាតិ នាំគ្នាមកអង្គុយនៅជុំគ្នានៅមាត់ទ្វាផ្ទះ ហើយនិយាយប្រាប់ខ្មោចជីដូនជីតា អារក្សអ្នកតា អ្នកថែរក្សានៅផ្ទះចាស់ ឱ្យមកទទួលយកនូវសំណែនមាន មានស្រាពាង ជ្រូក (ភាសាជនជាតិដើមភាគតិចសត្វជ្រូកគេហៅថា “ម៉ាត់ជល់”) និងប្រាប់អ្នកដែលនៅក្នុងគ្រួសារដែលស្លាប់ហើយដឹងឮថាប្តីប្រពន្ធ បានឡើងផ្ទះថ្មីទៅរស់នៅផ្សេងហើយ កុំសួររកតាម ធ្វើឱ្យឈឺជាដើម។
ចំណែក មនុស្សដែលចូលរួមមានអ្នកខ្លះដាំបាយស្ល ប្រុសៗម្នាក់ ឬ២នាក់ទៅចាប់ជ្រូក និងមាន់ មកចងនៅនឹងដីក្បែរកាំជណ្តើរ ហើយនាំគ្នាទៅបង្កាត់ភ្លើងរោលកោសឱ្យស្អាតលាងទឹកដាក់ស្ងោរ។ ពេលវេលារសៀល ទើបសាច់ជ្រូក និងមាន់ឆ្អិនល្អ ទើបគេយកគ្រឿងជ្រូក ក្បាលជ្រូក សាច់ភ្លៅទាំង៤ រួចរៀបចំបាយម្ហូបអាហារជាមួយម្លូស្លា បារី ដាក់ក្នុងពែ រួចលើកដាក់ក្នុងថាស រួមជាមួយ សាច់ជ្រូក និងគ្រឿងក្នុងជ្រូកដែលស្ងោរឆ្អិន សែងទៅលើផ្ទះសែនជូនទៅខ្មោច ដោយនិយាយផ្តាំផ្ញើខ្មោចរួមទាំងអ្នកតាម្ចាស់ទឹកដី និងគ្រួសាររស់នៅលើផ្ទះបានស្លាប់តាំងមុន ឱ្យថែរក្សាអ្នកដែលបន្តរស់នៅលើផ្ទះនេះឱ្យបានសេចក្តីសុខ ហើយប្រាប់ដំណឹងថាពីរនាក់ប្តីប្រពន្ធ បានទៅរស់នៅផ្សេងហើយ។ ការបញ្ចប់សែននៅលើផ្ទះរួច ក៏លើកយកគ្រឿងសំណែនមួយថាសខាងលើមកសែននៅក្រោមផ្ទះនៅឯជ្រុងម្ខាងសសរផ្ទះ(សែនក្រោមផ្ទះនេះ ភាសាជនជាតិដើមភាគតិច ហៅថា “តាហ”)។ ចាស់ទុំ បានទុកឱ្យប្តីប្រពន្ធហូបសាច់ជ្រូក និងគ្រឿងក្នុងជ្រូក និងផឹកតិចតួច ក៏ដល់វេនអ្នកចូលរួមផឹកស្រាពាង ហូបបាយ ជាកិច្ចចុងបញ្ចប់កម្មវិធីនៅផ្ទះចាស់។

នៅពេលយប់ ប្តីប្រពន្ធនោះ ត្រូវតែស្នាក់អាស្រ័យ១យប់ ជាយប់ចុងក្រោយនៅលើផ្ទះចាស់ ដែលជាផ្ទះភូមិចាស់កេរ្តិ៍ដំណែលពីឪពុកម្តាយបង្កើត។ ប្រពន្ធត្រូវរៀបចំទ្រព្យសម្បត្តិរបស់របរដែលជារបស់ខ្លួនទាំងអស់នៅថ្ងៃនេះ មិនឱ្យលើសពីម៉ោង១២៖០០នាទី ថ្ងៃត្រង់ ហើយជញ្ជូនចេញទៅដាក់ទៅលើផ្ទះថ្មីរបស់ខ្លួននៅពេលទៀបភ្លឺ ដោយឪពុកម្តាយ ជាអ្នកនាំផ្លូវពីមុខ។ ធ្វើដូច្នេះដើម្បីឱ្យមានសិរីសួស្ដី មានរាសីល្អចេញកសាងជីវិតថ្មីតែ២នាក់ ហើយក៏មានន័យថា ជាពេលព្រឹកនៅមិនទាន់ថ្ងៃរះ កុំឱ្យក្តៅទាន់ពិបាកធ្វើដំណើរទៅរកស៊ី ធ្វើស្រែចម្ការ ឬជួញដូរផ្សេងៗ។ លុះទៅដល់ផ្ទះថ្មីហើយ អ្នកសម្របសម្រួលរៀបចំពិធីឡើងផ្ទះដែលជនជាតិដើមភាគតិចនិយមហៅថា មេអណ្តើក ចាប់ផ្តើមរៀបចំមុងភួយឱ្យ ក្រាលឱ្យដើម្បីឱ្យបានសេចក្តីសុខសប្បាយ រកស៊ីមានបានរីកចម្រើនទៅមុខ កុំឱ្យមានហេតុភេទកើតឡើងមិនល្អ កើតមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ។
ដោយឡែក កម្មវិធីទី២ គឺនៅពេលព្រឹកដែលប្រមូលឥវ៉ាន់ចុះពីផ្ទះឪពុកម្តាយនោះ លុះមកដល់ផ្ទះរបស់ខ្លួនហើយត្រូវយកមាន់ដែលត្រៀមពីយប់ធ្វើឱ្យស្អាតដាក់ស្ងោរឆ្អិនហើយ លើកមកដាក់នៅសសរផ្ទះកណ្តាល និងយកស្រាពាង១មកជួបជុំចាស់ទុំក្នុងភូមិ សែនស្រា និងមាន់ ហើយបន្តច្រូចស្រានៅកាំជណ្តើរ ជូនអ្នកថែរក្សារផ្ទះថ្មីនេះ ដើម្បីប្រាប់ម្ចាស់ទឹកដីថ្មីឱ្យថែរក្សាគូស្វាមីភរិយាថ្មី រស់នៅលើផ្ទះថ្មី មានសេចក្តីសុខសប្បាយតរៀងទៅ។

សូមរំលឹកថា ការដាច់តំណម ប្រសិនបើប្តីប្រពន្ធទើបចូលផ្ទះថ្មី ត្រូវតម៣ថ្ងៃមិនឱ្យចូលទៅផ្ទះចាស់ ប៉ុន្តែស្រាប់តែនៅតែចូលទៅត្រូវបានចាស់ទុំ មេភូមិ និងអ្នកភូមិ រៀបចំស្រាពាង និងមាន់ បន្តនៅសែនបន្តទៅទៀត ដោយជៀសវាងពុំបានឡើយ។ ប្រសិនបើគូស្វាមីណាធ្វើមិនបានត្រឹមត្រូវតាមទំនៀមនេះទេ ដូចជា បន្ទាប់ពីសែនរួមមិនតមដំណម ត្រូវបានចាស់ទុំ មេភូមិ និងប្រជាជនចាត់ទុកថា ជាអ្នកល្មើសប្រពៃណី នាំឱ្យអ្នកភូមិឈឺថ្កាត់ និងគ្រោះថ្នាក់ ហើយនៅពេលទៅរកគ្រូទាយឃើញថា បានល្មើស គឺត្រូវសងជាលុយកាក់ និងជ្រូក មាន់ ទា គោ ក្របី ទៅកាន់អ្នកភូមិជាដើម៕













-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ