ព័ត៌មានជាតិ
ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួចរងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានផាកពិន័យ នៃច្បាប់ស្ដីពីគយកម្ពុជា លើម្ចាស់ទំនិញដែលនាំចូលសំបកកង់រថយន្ដចាស់ៗប្រើប្រាស់រួច និងសម្រេចដោយបង្ខំឱ្យម្ចាស់ទំនិញត្រូវនាំចេញត្រឡប់ទៅវិញឲ្យបានចាប់បំផុត។

តាមរយៈការប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះថា ម្ចាស់ទំនិញបានបញ្ចប់នីតិវិធីបញ្ជូនសំបកកង់រថយន្តចាស់ៗប្រើរួចចំនួន 78,640 គីឡូក្រាម ចេញទៅវិញជាស្ថាពរហើយ និងបានបង់ពិន័យស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការបញ្ជូនទូកុងតឺន័រកាកសំណល់ខុសច្បាប់នាំចេញត្រលប់ទៅវិញនេះ គឺធ្វើឡើងដោយស្របតាមអនុសញ្ញាអន្តរជាតិបាសែលស្តីពីការត្រួតពិនិត្យការដឹកជញ្ជូនអន្តរជាតិ និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ ឆ្នាំ១៩៨៩ (Basel Convention on the Control of Transboundary Movements of Hazardous Wastes and their Disposal 1989)។

គួរជម្រាថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួច (Used Tire) ផ្ទុកក្នុងកុងតឺន័រចំនួន ៤ទូ មានទម្ងន់សរុប 78,640 គីឡូក្រាម ពីក្រៅប្រទេស តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។

បន្ទាប់ពីសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលព័ត៌មានអញ្ញាតបណ្ណផ្តល់ដោយក្រុមហ៊ុននាវាដឹកជញ្ជូនតាមសមុទ្រ មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចបានធ្វើការវិភាគហានិភ័យ និងបានកំណត់មុខសញ្ញាសង្ស័យលើការនាំចូលកុងតឺន័រចំនួន ៤ទូ ថា មានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើរួច។ ភ្លាមៗនោះ មន្រ្តីគយមានសមត្ថកិច្ច បានទាក់ទងទៅក្រុមហ៊ុននាវាដឹកជញ្ជូន និងម្ចាស់ទំនិញ ដើម្បីកាត់សៀលបើកទូត្រួតពិនិត្យទំនិញជាក់ស្តែងផ្ទុកក្នុងកុងតឺន័រទាំង៤នោះ ដោយឃើញថា មានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើប្រាស់រួច សរុបទម្ងន់ 78,640 គីឡូក្រាម ដែលជាមុខសញ្ញានៃការនាំចូលយកមកបោះបង់ចោលនៅព្រះរាជាណាចក្រកម្ពុជា និងជាទំនិញហាមឃាត់ការនាំចូលស្របតាមបញ្ញត្តិនៃអនុក្រឹត្យលេខ ៣៧០ អន.ក្របក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ និងមាត្រា ៨ នៃច្បាប់ស្តីពីគយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧។

អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា យល់ឃើញថា ករណីនេះជាបទល្មើសច្បាប់ស្តីពីគយ ដែលតម្រូវឱ្យម្ចាស់ទំនិញត្រូវនាំចេញត្រឡប់ទៅវិញឱ្យបានឆាប់រហ័សបំផុត និងត្រូវបង់ពិន័យដោយយោងតាមបញ្ញត្តិមាត្រា ៧៤ និង៧៥ នៃច្បាប់ស្ដីពីគយជាធរមាន។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា ក្នុងឆ្នាំ២០២៤ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បង្ក្រាបបានការនាំចូលដោយខុសច្បាប់នូវទំនិញហាមឃាត់មួយចំនួនរួមមាន សាច់បង្កក និងផលិតផលពីសាច់សត្វខូចគុណភាព ៣៧ ករណី ស្មើនឹង ៩៤ ០១៨ គីឡូក្រាម និងគ្រឿងញៀន (ទម្ងន់សុទ្ធ) ៦៦ ៣០០,៩៤ ក្រាម។
ជាមួយគ្នានេះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព ចំនួន ១០៧ មុខ ដែលមានទម្ងន់សរុបប្រមាណ ៥០៧ តោន៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ