ព័ត៌មានជាតិ
លោក វង្សី វិស្សុត ថា សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី ជាមូលដ្ឋានគ្រឹះរឹងមាំនៃភាពរីកចម្រើនជាតិ
សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃភាពរីកចម្រើនជាតិ ខណៈកន្លងមកស្រ្តីបានរួមចំណែកដ៏អស្ចារ្យ និងក្លាហានអង់អាច ក្នុងការប្រឈមនឹងភាពមិនអនុគ្រោះនានា និងបានបំពេញតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត។

យកឱកាសតំណាងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៅវិមានសន្តិភាព កាលពីថ្ងៃទី៦ ខែមីនា លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងគាំទ្រចំពោះការលើកយកប្រធានបទសម្រាប់ឆ្នាំនេះ ដែលស្របតាមប្រធានបទសកលផង និងបរិបទរបស់ប្រទេសកម្ពុជាផង។
បើតាមលោក វង្សី វិស្សុត ប្រធានបទនេះ គឺផ្ដោតលើភាពបន្ទាន់នៃបរិយាបន្នសមភាពយេនឌ័រ ធានាថា គ្មានស្ត្រី ឬក្មេងស្រីណាម្នាក់ត្រូវបានទុកឱ្យនៅឯកា ដោយមិនគិតពីស្ថានភាពសង្គមសេដ្ឋកិច្ច ជាតិសាសន៍ ពណ៌សម្បុរ ពិការភាព ឬកត្តាផ្សេងទៀត ក៏ដូចជាផ្តោតសំខាន់លើសិទ្ធិផ្លូវច្បាប់ ឱកាសសេដ្ឋកិច្ច ការចូលរួមនយោបាយ សិទ្ធិទទួលបានការអប់រំ និងការការពារពីអំពើហិង្សាយេនឌ័រ ទាំងនៅកម្រិតជាតិ និងអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បញ្ជាក់ថា សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី គឺមិនត្រឹមតែជាគោលដៅដែលត្រូវសម្រេចឱ្យបាននោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃភាពរីកចម្រើន និងវិបុលភាពសង្គមផង និងនាំសង្គមជាតិកម្ពុជាក្នុងការឈានទៅសម្រេចបាននូវមហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បង្ហាញក្ដីជឿជាក់ថា កម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ពិតជានឹងអាចបង្កើតបានអនាគតមួយ ដែលសិទ្ធិរបស់ស្ត្រីទទួលបាននូវការការពារយ៉ាងពេញលេញ ហើយសំឡេង និងការរួមចំណែករបស់ស្រ្តីក្នុងសង្គមជាតិ ត្រូវបានដឹងលឺ ទទួលស្គាល់ ផ្តល់តម្លៃ និងបានប្រកាសចំពោះស្រ្តីនៅជុំវិញពិភពលោក ថា «អ្នកគឺមានអំណាច ហើយអ្នកក៏មានសមត្ថភាពផងដែរ»។

ពីវេទិកានេះ លោក បានថ្លែងចាត់ទុកស្រ្តី ថា ជានិម្មាបនករនៃការផ្លាស់ប្តូរ និងស្រ្តីក្នុងតួនាទីជាអ្នកដឹកនាំ ជាសហគ្រិន ជាម្តាយ ជាភរិយា ជាអ្នកគ្រូ និងជាអ្នកអប់រំទូន្មានក្នុងគ្រួសារ ដែលជាកម្លាំងនៃបរិវត្តកម្មសង្គម។ ក្នុងន័យនេះ លោក បញ្ជាក់ថា កម្ពុជា បានចាប់ផ្តើមឡើងជាប្រជាជាតិមួយ ដោយយកស្រ្តីជាធំ ឬមាតាធិបតេយ្យ ហើយវប្បធម៌នៃមាតាធិបតេយ្យនេះ បានជ្រួតជា្របពេញសង្គមកម្ពុជារហូតមកទល់បច្ចុប្បន្ន ដែលជាការបង្ហាញឱ្យឃើញពីគុណភាពយេនឌ័រ នៅកម្ពុជាក្នុងប្រវត្តិសាស្រ្តជាងពីរពាន់ឆ្នាំរបស់ខ្លួន។ នេះជាការបន្ថែមរបស់លោក វង្សី វិស្សុត។

ក្នុងអាណត្តិរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា គឺបានបន្តផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សមភាពយេនឌ័រ និងការទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័របន្តពីរាជរដ្ឋាភិបាលនីតិកាលមុនៗ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ហើយកិច្ចការនេះ គឺជារបៀបវារៈអន្តរវិស័យដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភវិឌ្ឍន៍ ត្រូវចូលរួមដោះស្រាយ ប្រកបដោយភាពបុរេសកម្ម និងមានការទទួលខុសត្រូវខ្ពស់៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ