សេចក្ដីជូនដំណឹង
មីជាតិ មោទនភាពផលិតផលខ្មែរ ពង្រីកវិសាលភាពនាំចេញទៅទីផ្សារ ប្រទេសកូរ៉េខាងត្បូង
ភ្នំពេញ៖ ស្របពេលមានការទទួលស្គាល់លើគុណភាព និងរសជាតិឆ្ងាញ់នៃផលិតផលមីជាតិ ក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង ផលិតមីកញ្ចប់ឆ្អិនស្រាប់ នៅកម្ពុជាមួយនេះ បាននាំចេញផលិតផល មីជាតិ ទៅកាន់ទីផ្សារអន្តរជាតិ ប្រទេសកូរ៉េខាងត្បូង ដែលជាវឌ្ឍនភាពថ្មីដ៏អស្ចារ្យមួយទៀតហើយ នាដើមឆ្នាំ២០២៥នេះ បន្ទាប់ពីការនាំចេញទៅទីផ្សារក្រៅប្រទេសដំបូងកាលពីឆ្នាំ២០២១។

នេះជាមោទនភាពថ្មីនៃផលិតផលជាតិខ្មែរ លើវិសាលភាពចែកចាយ និងនាំចេញទៅកាន់ទីផ្សារតំបន់អាស៊ីបូព៌ា។ ការបើកទំព័រនៃដំណើរការនាំចេញឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ឆ្លុះបញ្ចាំងពីការជឿជាក់លើគុណភាពផលិតផលមីជាតិ ត្រូវបានប្រព្រឹត្តឡើងដោយមានការរៀបចំសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ នៅក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង (រោងចក្រផលិតមីជាតិ) ដែលមានការចូលរួមជាអធិបតីភាពពីតំណាងក្រសួងពាណិជ្ជកម្ម គណគ្រប់គ្រងនៃក្រុមហ៊ុន តំណាងក្រុមហ៊ុនចែកចាយពីប្រទេសកូរ៉េ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុនវ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានឱ្យដឹងថា ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនេះ ពិតជាបានផ្តល់ភាពវិជ្ជមានជាច្រើនដល់ផលិតផលមីជាតិ លើសពីនេះក៏បានឆ្លុះបញ្ចាំង ពីការទទួលស្គាល់ ជឿជាក់លើគុណភាព និងរសជាតិ ផលិតផលមីជាតិ ស្របជាមួយតម្រូវការទីផ្សាររបស់ប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ ការនាំចេញនេះបានផ្តល់ជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ផលិតផលមីជាតិ ក្នុងការបង្ហាញវត្តមានខ្លួនលើទីផ្សារអន្តរជាតិ ខណៈគុណភាព និងរសជាតិនេះបានទទួលស្គាល់រួចជាស្រេចពីសំណាក់ប្រជាជននៅក្នុងស្រុក។

លោកជំទាវ បានបន្តទៀតថា មីជាតិ បានផលិតឡើងក្នុងស្តង់ដារមួយដ៏ត្រឹមត្រូវ តាំងពីថ្ងៃបង្កើតដំបូង ដើម្បីសម្រេចនូវទស្សនៈវិស័យ ជាផលិតផលចំណីអាហារ ដែលគេគ្រប់គ្នាទទួលស្គាល់ ហើយការនាំចេញ ថ្ងៃនេះជាដំណើរឆ្ពោះទៅមុខមួយដំណាក់កាលទៀត ដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែងជាង ៦ឆ្នាំកន្លងមកនេះ ដើម្បីលើកកម្ពស់ផលិតផលស្រុក និងវិស័យចំណីអាហារ វេចខ្ចប់នៅកម្ពុជា។
លោក ឈែ ជុងម៉ូន នាយកប្រតិបត្តិ ក្រុមហ៊ុន Ringpang Co., Ltd តំណាងដៃគូចែកចាយមីជាតិ ទៅប្រទេសកូរ៉េខាងត្បូង បានមានប្រសាសន៍ថា “ខ្ញុំបាទពិតជាមានក្តីសោមនស្សរីករាយ និងមានកិត្តិយសយ៉ាងក្រៃ លែងសម្រាប់កិច្ចសហការជាមួយក្រុមហ៊ុនមីជាតិ លើកដំបូងនាំចេញទៅកាន់ប្រទេសកូរ៉េ។ ដើម្បីបំពេញនូវលក្ខខណ្ឌក្នុងការនាំចេញ កម្រិតគុណភាព និងសុវត្ថិភាពចំណីអាហាររបស់មីជាតិ ត្រូវបានឆ្លងកាត់ការសិក្សា និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់បំផុត ដោយក្រសួងនិងស្ថាប័នពាក់ព័ន្ធ លើបទដ្ឋានស្តង់ដារ ដើម្បីធានាដល់ការនាំចេញប្រកបដោយសុវត្ថិភាពនិងគុណភាព”។

លោកបន្តទៀតថា នៅប្រទេសកូរ៉េ មានផលិតផលមីក្នុងស្រុក និងមីនាំចូលរាប់សិបស្លាកសញ្ញា ដែលនាំចូលពីបណ្តាប្រទេសជាច្រើនរួមមាន ជប៉ុន ចិន វៀតណាម ជាដើម ប៉ុន្តែខ្ញុំបាទមិនទាន់បានឃេីញមាននូវវត្តមានមីកញ្ចប់របស់ប្រទេសកម្ពុជានោះទេ។ លោកជឿជាក់ថា “ការនាំចេញនេះមានបំណងចង់ពាំនាំនូវអនុស្សាវរីយ៍ និងការចងចាំនៃរសជាតិស្រុកកំណើតជូនដល់ប្រជាជនកម្ពុជា ចំនួន ១០ម៉ឺននាក់ដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េ និងចង់ណែនាំនូវផលិតផលមីកញ្ចប់ថ្មី រសជាតិឈ្ងុយឆ្ងាញ់មួយនេះជូនប្រជាជនកូរ៉េផងដែរ” ។
លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ដែលបានចូលរួមចំណែកក្នុងការ ការពារអ្នកប្រើប្រាស់ ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា ដោយបានអនុវត្តនូវអភិក្រម រួមមានការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ការផលិតដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុន និងការបំពេញបាននូវលក្ខខណ្ឌតម្រូវផ្នែកគុណភាព និងសុវត្ថិភាពដោយដាក់ ឱ្យអនុវត្តនូវប្រព័ន្ធ ISO22000:2018, ប្រព័ន្ធ ISO9001:2015, ប្រព័ន្ធ GHPs និងប្រព័ន្ធ HACCP ជាដើម។

ក្នុងឱកាសនេះដែរ លោកបន្តថា “ខ្ញុំបាទសូមចូលរួមអបអរសាទរ ប្រកបដោយមោទនភាពជាមួយមីជាតិ ចំពោះសមិទ្ធិផលជាប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន ដែលអាចនាំចេញមីជាតិ ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងបាន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ គុណភាព សុវត្ថិភាពម្ហូបអាហារ ស្របតាមបទដ្ឋានអនុញ្ញាត និងបទប្បញ្ញត្តិពាក់ព័ន្ធ របស់សាធារណៈរដ្ឋកូរ៉េ។ លោកសង្ឃឹមថា ក្រុមហ៊ុននឹងបន្តពង្រីកទីផ្សារទៅកាន់បណ្តាប្រទេសផ្សេងទៀតនៅពេលខាងមុខ” ។








-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា