Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌទួលគោក៖ «សន្តិភាព» ជាបាយ និងជាអុកស៊ីសែន សម្រាប់មនុស្សគ្រប់រូប

បានផុស

នៅ

លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានលើកឡើងថា «សន្តិភាព គឺជាបាយ និងជាអុកស៊ីសែន សម្រាប់មនុស្សគ្រប់រូប ដូច្នេះយើងត្រូវរួមគ្នា រក្សាការពារសន្តិភាពនេះឱ្យបានគង់វង្ស ទោះបីក្នុងតម្លៃណាក៏ដោយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងបែបនេះ ខណៈលោក និងលោកស្រី ភឹម សម្ផស្ស អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ អញ្ជើញជាធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនារីសង្កាត់ និងការជួបសំណេះសំណាលសួរសុខទុក្ខគ្រួសារក្រីក្រចំនួន ៣៥៧គ្រួសារ ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទសិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅសង្កាត់ទី១ នារសៀលថ្ងៃទី ៨មីនាឆ្នាំ២០២៥ នៅសាលាសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

លោក ជា ពិសី បានមានប្រសាសន៍ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជាបានដឹនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយជាមហិចតារបស់គណបក្សប្រជាជនកម្ពុជា និងធ្វើឱ្យប្រទេសកម្ពុជាក្លាយ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ ជាប្រទេសអ្នមាននៅឆ្នាំ ២០៥០។ លោកបន្តថា «ដើម្បីឱ្យប្រទេសជាតិដើរចំណុចនេះលុះត្រាតែប្រទេសជាតិរបស់យើង មានសុខមានសន្តិភាពពេញលេញ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាការពារថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស»។ លោកថា សន្តិភាព គឺជាបាយជាម្ហូប និងជាអុកស៊ីសែនរបស់មនុស្សគ្រប់រូប ដូច្នេះហើយទើបសម្ដេចហ៊ុនសែនអតីតនាយករដ្ឋមន្ត្រី បានដាក់ចេញជាវិធានការដើម្បីការពារសន្តិភាពនេះឱ្យបានគង់ បើទោះបីក្នុងតម្លៃណាក៏ដោយ។

ចំណែក លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ បានលើកឡើងដែរថា ក្នុងឱកាសទិវាសិទ្ធិនារី ៨មីនា នេះ ក៏មានការផ្តល់ជាអំណោយពី លោកស្រី ភឹម សម្ផស្ស អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ និងពីសមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជាចិន ចែកជូនប្រជាពលរដ្ឋចំនួន ៣៥៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានទឹកត្រី មី អង្គរ និងថវិកាមួយចំនួន។

លោកបានបន្តថា អនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ លោកថា សម្រាប់សង្កាត់ទឹកល្អក់ទី១ តែងផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រលំបាកជាបន្តបន្ទាប់មិនដែលដាច់ឡើយ។

លោកស្រី ភឹម សម្ផស្ស បានមានប្រសាសន៍ផងដែរថា ប្រទេសមានសន្តិភាព ស្ត្រីមានសិទ្ធិសេរីភាពស្មើនឹងបុរស ប៉ុន្តែ លោកស្រី បានណែនាំឱ្យស្ត្រីទាំងអស់ ត្រូវប្រើប្រាស់សិទ្ធិនេះឱ្យបានត្រឹមត្រូវប្រកបដោយគុណធម៌ សច្ចធម៌ និងសុជីវធម៌។ បន្ថែមពីនេះ លោកស្រី ក៏បានសន្យាថានឹងជួយជួសជុលអាគារច្រក ចេញចូលតែមួយនៃសង្កាត់ទឹកល្អក់ទី១នេះផងដែរ ដើម្បីឱ្យសង្កាត់ងាយស្រួលបម្រើការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ បានកាន់តែល្អថែមទៀត។សម្រាប់ប្រជាពលរដ្ឋនៅសង្កាត់ទឹកល្អក់ទី១ ក៏និងទទួលបាននូវអំណោយរបស់លោកស្រី និងក្រុមការងារនៅថ្ងៃ ៨មីនានេះ នៅឆ្នាំក្រោយបន្តទៀត៕

ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម