Connect with us

ព័ត៌មានជាតិ

លោក លី ធុជ ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថា្នក់បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម និងរដ្ឋបាលស្រុកបាធាយ បានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ជុំវិញស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាពរបស់ លោក អ៊ុច បូររិទ្ធ ប្រធានព្រឹទ្ធសភាស្តីទី និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនាឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជំរុញលើកទឹកចិត្តឱ្យក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថា្នក់ បន្តខិតខំជំរុញការដោះស្រាយនូវការងារអាទិភាព ក្នុងគោលដៅបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈម សំណើ និងសំណូមពរនានាជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះការចូលរួមចំណែករបស់ លោក ហែម ថេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលត្រូវបានតែងតាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជើងព្រៃ ក្នុងស្រុកបាធាយ ដើម្បីចូលរួមដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលគ្រប់កម្មវិធីទាំងអស់ បានផ្តោតសំខាន់លើធាតុសំខាន់ចំនួន៤ រួមមាន មនុស្ស ទឹក ផ្លូវ និងភ្លើង ជាពិសេសក្នុងគោលបំណងតែមួយគត់ គឺការយកចិត្តទុកដាក់លើសុខមាលភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ដើម្បីចូលរួមឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញដល់ការអភិវឌ្ឍនៅមូលដ្ឋាន លោកទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារទាំងអស់ រួមជាមួយរដ្ឋបាលស្រុកបាធាយគ្រប់ជាន់ថ្នាក់ បន្តរួមគ្នាខិតខំជំរុញការដោះស្រាយនូវការងារអាទិភាព ក្នុងគោលដៅបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈម សំណើ និងសំណូមពរនានាជូនប្រជាពលរដ្ឋ ជាពិសេសបន្តការកសាងភាពស្និទ្ធស្នាល និងភាពស្អាតស្អំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។

តាងនាមឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ និងមន្រ្តីរាជការទាំងអស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោក អ៊ុច បូររិទ្ធ ប្រធានព្រឹទ្ធសភាស្តីទី ដែលបានចំណាយពេលដ៏មានតម្លៃក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជុំវិញស្រុកបាធាយ ខេត្តកំពង់ចាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម