Connect with us

ព័ត៌មានជាតិ

តំបន់តារាសាគរ រៀបចំបុណ្យឆ្នេរលើកទី ២ ផ្សព្វផ្សាយសក្ដានុពល និងទាក់ទាញទេសចរមកកម្សាន្តកាន់តែច្រើន

បានផុស

នៅ

តំបន់​វិស្សមកាល​តារា​សាគរ ក្នុង​ខេត្ត​កោះកុង បាន​រៀបចំ​បុណ្យ​ឆ្នេរ​លើក​ទី ២ របស់​ខ្លួន ក្នុង​គោល​បំណង​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ដែល​កំពុង​មាន​ទៅកាន់​ពិភពលោក និង​បង្កើន​ការ​ទាក់ទាញ​កំណើន​អ្នក​វិនិយោគ​មក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ម៉េង​ឈិន អគ្គនាយក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខូ​ស​ថប ស៊ី​ធី ឌី​វេឡុ​ប​ម៉ិ​ន បាន​ឱ្យ​ដឹង​កាលពី​យប់​ថ្ងៃទី ​៨ ខែមីនា ឆ្នាំ ​២០២៥ ​ថ្មីៗ ​នេះ​ថា ពិធីបុណ្យ​ឆ្នេរ​នេះ​ដែរ ធ្វើឡើង​រយៈពេល​ ២​ ថ្ងៃ ដែល​ជា​ព្រឹត្តិការណ៍​របស់​គម្រោង​តារា​សាគរ បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​អភិវឌ្ឍ និង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​របស់​ខេត្ត​កោះកុង។

លោក ម៉េងឈិន បន្តថា ពិធីបុណ្យ​នេះ​មិន​ត្រឹមតែ​លើក​កម្ពស់​វិបុលភាព នៃ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ថែមទាំង​លើក​កម្ពស់​គុណភាព​ជីវិត​របស់​អ្នកស្រុក​ផង​ដែរ។ ឆ្នេរ​ដ៏​មាន​មន្ត​ស្នេហ៍ នៃ​ខេត្ត​កោះកុង នឹង​បើក​ភាព​ទាក់ទាញ​ដល់​ប្រជាជន​កម្ពុជា​តាម​ពិធី​បុណ្យ​ឆ្នេរ​នេះ។ ហើយ​ចំពោះ​ការ​ចូលរួម​ប្រមូលផ្ដុំ​របស់​យុវជន​ជាង ១ ពាន់​នាក់ ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​ពី​សក្ដានុពល​វិស័យ​ទេសចរណ៍​ឱ្យ​រីកចម្រើន។

បើតាម​លោក ម៉េង​ឈិន ចាប់តាំងពី​ការបង្កើត​ឡើងមក ក្រុមហ៊ុន ខូ​សថ​ល ស៊ី​ធី ឌី​វេឡុ​ប​ម៉ិ​ន គ្រុប​ឯ​.​ក បាន​បំពេញភារកិច្ច​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នៃ​ខេត្ត​កោះកុង ប្រទេស​កម្ពុជា។ មិន​ត្រឹមតែ​បាន​រួម​ចំណែក​លេចធ្លោ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ការ​វិនិយោគ​ប៉ុណ្ណោះ​ទេ បន្ថែម​ពី​នេះ​បានសម្រេច​នូវ​សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ។ ក្រុមហ៊ុន ខូ​សថ​ល ស៊ី​ធី បាន​និង​កំពុង​ជំរុញ​យ៉ាងសកម្ម​នូវ​ការសាងសង់​គម្រោង​ធំៗ រួម​ទាំង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក ហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋាន​អន្តរជាតិ​ខ្នាត 4F និង​កំពង់ផែ​ទឹក​ជ្រៅ។ គម្រោង​ទាំងនេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើត​ឱកាស​ការងារ និង​ការ​លើក​កម្ពស់​កម្រិតជីវភាព​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ផង​ដែរ។ កន្លងទៅ តំបន់​តារា​សាគរ បាន​សម្ពោធ​បើក​ជើង​ហោះហើរ​លើកដំបូង នៃ​អាកាសយានដ្ឋាន​អន្តរជាតិ តារា​សាគរ នៅ​ចុង​ឆ្នាំ ២០២៤ បង្ហាញ​ពី​សមិទ្ធផល​របស់​ក្រុមហ៊ុន​ក្នុង​ការ​អភិវឌ្ឍន៍​ទេសចរណ៍។

គួរ​កត់​សម្គាល់​ថា សម្តេច​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្លាប់​លើក​ឡើង​ថា “​ទេសចរណ៍​រីក​លូតលាស់​ក្នុង​សន្តិភាព​” ដោយ​សង្កត់​ធ្ងន់​ថា សន្តិភាព គឺជា​មូលដ្ឋានគ្រឹះ នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។ បរិយាកាស​ដែល​មាន​សន្តិភាព និង​សុវត្ថិភាព អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជា​លំដាប់ និង​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​រីកចម្រើន។

ដោយឡែក​លោក ជា តិច​ហុក អគ្គនាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ នៃ​ក្រុមហ៊ុន ខូ​សថ​ល ស៊ី​ធី ឌី​វេឡុ​ប​ម៉ិ​ន គ្រុប​ឯ​.​ក បាន​ពន្យល់​ថា គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​តារា​សាគរ បាន​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​ដ៏​ឆាប់រហ័ស​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយនេះ ដែល​រួមមាន​អាកាសយានដ្ឋាន តារា​សាគរ​ដែល​បាន​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ហើយ​នឹងមាន​គម្រោង​សម្រាប់​ធ្វើការ​ដំណើរការ​នៅក្នុង​ឆ្នាំនេះ។ លើស​ពី​នេះ តំបន់​វិស្សមកាល​កំពុង​អភិវឌ្ឍន៍​ទៅលើ​ការវិនិយោគ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ដែល​បច្ចុប្បន្ន​មាន​ដៃគូ​ជាច្រើន​កំពុងមាន​គម្រោង​នឹង​ធ្វើការ​វិនិយោគ។

លោក ជា តិច​ហុក ក៏​បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ​ខេត្ត​កោះកុង និង​ក្រុមហ៊ុន​ដៃគូ ដែល​បាន​រួមគ្នា​បង្កើត​កម្មវិធី​បុណ្យ​ឆ្នេរ​នេះ​ជា​លើក​ទី​ ២​ ដែល​ប្រព្រឹត្ត​អបអរសាទរ​ដោយ​ក្តីសប្បាយ​រីករាយ​ពី​វិស័យ​ទេសចរណ៍។

លោក អន សុធា​រិ​ទ្ធ អភិបាលរង​ខេត្តកោះកុង បានចាត់ទុក​ព្រឹត្តិការណ៍​បុណ្យ​ឆ្នេរ​លើក​ទី ២ ជា​ឱកាស​ដ៏​វិសេសវិសាល​ផ្តោត​លើ​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​របស់​ខេត្ត​ដែល​កំពុង​មាន​ស្រាប់​ទៅកាន់​ពិភពលោក​បាន​ដឹង និង​អញ្ជើញ​មក​លេង​កម្សាន្ត​នៅ​តំបន់​វិស្សមកាល​តារា​សាគរ។

លោក អន សុធា​រិ​ទ្ធ បាន​ជឿជាក់​យ៉ាង​មុតមាំ​ថា មហាជន និង​អ្នកទេសចរ ជួយ​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ច្រើន​ពី​សក្ដានុពល​របស់​ខេត្ត​កោះកុង សំដៅ​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត ស្រប​ពេល​ផ្លូវជាតិ​លេខ​ ៤៨ និង​ផ្លូវជាតិ​លេខ ​១០ ស្ថាបនា​ជិត​រួចរាល់​ជា​ស្ថាពរ​នា​ពេល​ខាងមុខ។

យោង​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​ក្រសួងទេសចរណ៍​ក្នុង​ឆ្នាំ​ ២០២៤ ប្រាក់ចំណូល​ពី​ទេសចរណ៍​បាន​កើន​ឡើង​ដល់​ ៣.៦៦​ ពាន់​លាន​ដុល្លារ កើន​ឡើង​ ១៨% ប្រៀប​ទៅ​នឹង​ឆ្នាំ​ ២០២៣។ នៅ​ឆ្នាំ ២០២៥ នេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ស្នើ​នូវ​គំនិត​ផ្ដួចផ្ដើម​យុទ្ធសាស្ត្រ​ជា​បន្តបន្ទាប់ ដើម្បី​ពង្រឹង និង​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍​ចម្រុះ​ក្នុងស្រុក ដោយ​មាន​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៧,៥ លាន​នាក់ នៅ​ឆ្នាំនេះ។

តំបន់​តារា​សាគរ បាន​កែលម្អ​យ៉ាងសំខាន់​លើ​តំបន់​គោលដៅ ក្នុងការ​ពង្រឹង​ការផ្សព្វផ្សាយ​ទេសចរណ៍ ការប្រយុទ្ធប្រឆាំង និង​កែតម្រូវ​ព័ត៌មាន​ក្លែងក្លាយ ការ​កែលម្អ​សុវត្ថិភាព​ទេសចរណ៍ ការ​ផ្តល់​ឱ្យ​ភ្ញៀវ​ទេសចរ​នូវ​បទពិសោធ​ធ្វើដំណើរ​ដ៏​ងាយស្រួល ការ​កែលម្អ​សេវាកម្ម​ទេសចរណ៍ ជា​ពិសេស​ពង្រឹង​ការ​តភ្ជាប់​ផ្លូវ​អាកាស និង​ផ្តោត​លើ​ការ​ដាំដុះ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍។ យុទ្ធសាស្ត្រ​នេះ មិន​ត្រឹមតែ​ផ្តោត​លើ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ច្រើន​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តោត​លើ​ការ​ផ្តល់​បទពិសោធ​ទេសចរណ៍​ដែល​មាន​គុណភាព​ខ្ពស់​ផង​ដែរ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម