ព័ត៌មានជាតិ
បើមិនមានអ្វីប្រែប្រួល កម្ពុជានឹងដាក់ឯកសារ មហាសង្ក្រាន្ត ទៅអង្គការយូណេស្កូ ខែមីនានេះ
ក្រុមការងារចុះបញ្ជីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងរៀបចំឯកសារ «មហាសង្ក្រាន្ត» យ៉ាងមមាញឹក ដើម្បីចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ក្រុមជំនាញសង្ឃឹមថាឯកសារនេះនឹងអាចរៀបចំទាន់ពេលវេលានូវចុងខែមីនាឆ្នាំ២០២៥ខាងមុខ ហើយបញ្ជូនទៅគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។

លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់កម្ពុជាថ្មីថា ជានីតិវិធី រដ្ឋភាគីទាំងអស់ត្រូវដាក់ឯកសារបច្ចេកទេសទៅគណៈកម្មាធិការអន្តររដ្ឋាភិបាល របស់អង្គការយូណេស្កូ ដែលជាអ្នកទទួលបន្ទុកពិនិត្យទៅលើការចុះបញ្ជីអរូបី ហើយសម្រាប់កម្ពុជាត្រៀមបញ្ជូនឯកសារនៅចុងខែមីនានេះ។ លោកប្រាប់ឱ្យដឹងថា៖«គ្រាន់តែបញ្ជាក់ឱ្យខ្លី យើងកំពុងរៀបចំក្រុមបច្ចេកទេសដុតដៃដុតជើងខ្លាំងណាស់ដឹកនាំដោយឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ អ្នកជំនាញលើរឿងកសាងឯកសារនេះ ហើយចុងខែមីនា សង្ឃឹមថាបញ្ជូនទៅ ហើយចាំមើលនីតិវិធីតបន្តទៀត»។
ពាក់ព័ន្ធការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី លោកបានពន្យល់ថា ជានីតិវិធី បន្ទាប់ពីដាក់ឯកសារកម្ពុជាត្រូវរង់ចាំពីរឆ្នាំ មុននឹងគេដាក់ឯកសារបន្តទៅប្រជុំសម័យរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល។ ក្នុងរយៈពេលរង់ចាំនេះ ក្រុមការងារជំនាញអង្គការយូណេស្កូ នឹងចុះមកពិនិត្យ និងវាយតម្លៃថាយើងមានឯកសារគ្រប់គ្រាន់ឬអត់សម្រាប់ដាក់បញ្ចូល មហាសង្ក្រាន្តខ្មែរ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ លោកបានពន្យល់ថា៖«ជាទូទៅមួយឆ្នាំគេមានកិច្ចប្រជុំនេះម្តង កិច្ចប្រជុំគេមាន ៥ថ្ងៃ ហើយ៥ថ្ងៃនេះគេមានពិនិត្យចុះបញ្ជី(ឯកសារដែលបានដាក់មុន) និងពិនិត្យចុះបញ្ជីថ្មី។ (ការពិនិត្យ)ចុះបញ្ជីថ្មីដោយសារគេមានពេលវេលាកំណត់ គេអាចមើលតែ៦០ សំណើរទេ។ ឧទាហរណ៍ ប្រទេសមុនៗដាក់ច្រើនគរដល់ ៦០សំណើរ ហើយបើឯកសារយើងបញ្ជូនទៅ ៦១ ឬ៦២ យើងក៏អត់បានដែរ។ ដូច្នេះ បើសិនគេមិនទាន់គ្រប់ ៦០ទេ ឯកសាររបស់យើងអាចនឹងត្រូវគេដាក់បញ្ជូលពិនិត្យ»។

អញ្ជើញជាអធិបតី អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តកិច្ចការរៀបចំចុះបញ្ជីមហាសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ។ សម្តេចបញ្ជាក់ថា ការចុះបញ្ជីវប្បធម៌ខ្មែរចូលអង្គការយូណេស្កូ ដើម្បីឱ្យពិភពលោកបានឃើញនូវអ្វីដែលបុព្វបុរសយើងបានខិតខំកសាងឡើងសម្រាប់បេតិកភណ្ឌពិភពលោក និងមនុស្សជាតិ។

អាស្រ័យដោយប្រពៃណី ទំនៀមទម្លាប់ ប្រហាក់ប្រហែលគ្នា អង្គការយូណេស្កូ កាលពីខែធ្នូ ឆ្នាំ ២០២៣ បានសម្រេចដាក់សង្ក្រាន្តនៅថៃចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាផ្លូវការ។ ក្រោយព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋខ្មែរមួយចំនួន ជាពិសេសអ្នកជាតិនិយម ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការចុះបញ្ជី មហាសង្ក្រាន្តខ្មែរ និងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីឱ្យបានច្រើនបន្ថែម ដើម្បីចៀសវាងប្រទេសជិតខាងចុះបញ្ជីបានមុន៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង