Connect with us

ព័ត៌មានជាតិ

ផ្លូវ​ទៅ​ស្រះ​ដំរី​​លើខ្នង​ភ្នំ​គូលែន ចាប់ផ្តើម​​ឈូស​ឆាយ​​សម្រួល​ សហគមន៍​រំពឹង​នឹង​ទាក់ទាញ​ទេសចរ​​ថែម​ទៀត

បានផុស

នៅ

ផ្លូវ​ទៅ​ស្រះ​ដំរី​ កំពុង​ត្រូវ​បាន​​ឈូស​ឆាយ​ដោយ​កង​វិស្វកម្ម​សម្តេច​តេជោ ហ៊ុន សែន ខេត្ត​សៀមរាប ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ទេសចរ​ទៅកម្សាន្ត​នៅទី​បុរាណស្ថានដ៏ពិសិដ្ឋលើខ្នងភ្នំគូលែន ដែលកម្រមានទេសចរទៅដល់។

លោក គង់ វ៉ារ៉ុង ប្រធានការិយាល័យឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា ក្រោយ​ទទួល​បាន​​​ការ​ណែនាំពី​សម្តេច​ធិបតី​នាយករដ្ឋមន្រ្តី កង​វិស្វកម្ម​បាន​កំពុង​ឈូស​សម្រួល​ផ្លូវ​ឆ្ពោះ​ទៅ​ស្រះដំរី ដែល​ជា​តំបន់​ទេសចរណ៍​​​​ប្រវត្តិសាស្រ្ត​ដ៏ទាក់ទាញ​លើ​ខ្នង​​ភ្នំ​គូលែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងទៅ​ភ្ញៀវ​ទេសចរមួយ​ចំនួន​បានទៅ​កម្សាន្ត​នៅ​​ទីបុរាណស្ថាន​ស្រះដំរី ប៉ុន្តែ​ស្ថានភាព​​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​​ទៅដល់​។​ តាម​ការ​ណែនាំ​ពី​សម្តេច​ធិបតី ​កង​វិស្វកម្ម​កំពុង​ឈូស​សម្រួល ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ទេសចរ​ទៅ​ទស្សនា ប៉ុន្តែ​នៅ​រក្សា​ទម្រង់​ដើម​គ្រាន់​តែ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​​ធ្វើ​ដំណើរ​ងាយស្រួល​ជាង​មុន។ លោក គង់ វ៉ារ៉ុង បញ្ជាក់បន្ថែម។

ផ្លូវ​ទៅ​តំបន់​ទេសចរណ៍​ស្រះ​ដំរី ដែល​កង​វិស្វកម្ម​ចាប់ផ្តើមឈូស​​កែ​លម្អ​ឡើង​វិញ​មាន​ប្រវែង​ជាង ៦ គីឡូម៉ែត្រ ​ចាប់​ចេញ​ពី​សហគមន៍​អន្លង់​ធំ។ បើ​តាមលោក គង់ វ៉ារ៉ុង ​ការ​កែ​លម្អ​ផ្លូវ​នេះ នឹងជួយ​​ជំរុញ​​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិនិងអន្តរជាតិ​អាច​ទៅ​ទស្សនា​​តំបន់​ប្រវត្តិសាស្រ្ត​ដ៏​ទាក់ទាញ​នេះកាន់តែច្រើន​ថែមទៀត។

ក្នុង​ឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​​សហគមន៍​ទេសចរណ៍​អន្លង់ធំ ស្ថិត​នៅ​ក្នុង​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានណែនាំ​​ឲ្យ​កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្ត​សៀមរាប ពិភាក្សាជាមួយ​អាជ្ញាធរអប្សរា ក្នុងការធ្វើឱ្យប្រសើរឡើង​ផ្លូវសម្រា​ប់អ្នកទេសចរធ្វើ​ដំណើរ​ពី​សហគមន៍អន្លង់ធំរហូតដល់ស្រះដំរី ដើម្បី​ផ្តល់ភាពងាយស្រួល​និងសុវត្ថិភាពដល់​ភ្ញៀវ​ទេសចរ។

សម្តេច​នាយករដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់​ថា ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្លូវ​ពីសហគមន៍ឆ្ពោះទៅកាន់ស្រះដំរី​ ដែល​ជាផ្លូវចរាចរណ៍ទេសចរ​ដ៏សំខាន់របស់សហគមន៍អន្លង់ធំ​ ដែល​មានប្រវែងប្រមាណជាង​ ៦ គីឡូម៉ែត្រ​ការជួសជុលត្រូវ​ឈរ​​លើ​គោលការណ៍​​ថែរក្សាសណ្ឋានផ្លូវដេីម​ ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​​គុណតម្លៃវប្បធម៌របស់​ជាតិ​​ ពិសេស​ក៏ត្រូវ​មាន​ការឯកភាព​ពីតំណាងសហគមន៍ផងដែរ។​

នៅក្នុងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» បើ​តាម​អាជ្ញាធរ​ ​មានគោលដៅ​ទេសចរណ៍​​សរុប​ចំនួន ៨៥ កន្លែង ដែល​មាន​ទឹកជ្រោះ ប្រាសាទ​បុរាណ បុរាណ​ស្ថាន និង​ពើងធម្មជាតិ។

ក្នុងចំណោមតំបន់ទេសចរណ៍នៅលើភ្នំគូលែន «ស្រះដំរី» ជា​ទីតាំង​ទេសចរណ៍ដ៏ទាក់ទាញ​បំផុត​​មួយ​ ដែលមានទីតាំង​ស្ថិត​​នៅ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ខេត្តសៀមរាប។

ទីនោះ​ស្រស់ស្អាតហួសពី​ការស្មាន ដែល​មាន​រូបសំណាក​ស្ដេចដំរី​ដែល​មានអក្សរ​បុរាណ​ចារឹកថា «ឥន្រ្ទតបតិសិហ» រួម​មាន​ស្ដេចកង្កែប ស្ដេចតោ ២ និងព្រះគោ ហើយ​នៅខាង​មុខរូប​សំណាក​ដែល​ឆ្លាក់​ពី​ថ្មភ្នំធម្មជាតិទាំងនេះ ក៏មានស្រះទឹកមួយទៀត ដែល​អ្នកស្រុក​ហៅ​ថា​ «ស្រះដំរី»។

ស្រះដំរី​ជា​ឈ្មោះ​ដែល​ពលរដ្ឋក្នុងមូលដ្ឋាន​​ហៅ​ដោយ​សារមាន​រូប​ដំរី​ធំ​មួយ​ និង​នៅ​ពី​មុខ​នោះ​មាន​ស្រះ​ទឹក​។

អ្នក​ទេសចរ​ពេលទៅទស្សនានៅស្រះដំរី ក្រៅពី​សិក្សា​ពីប្រវត្តិសាស្រ្តពី​រមណីយដ្ឋាន​បុរាណ​នេះ ក៏​អាច​សម្រាក​លំហែ​នៅ​ទីនោះ​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ និង​គយគន់​ទេសភាព​ពី​លើ​ទី​ខ្ពស់​ថែម​ទៀត​ផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

នយោបាយ២ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ៧ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

Sokha Hotels

ព័ត៌មានពេញនិយម