ព័ត៌មានជាតិ
យូណេស្កូ បន្តពង្រឹងកិច្ចសហការជាមួយក្រសួងអប់រំ ដើម្បីឱ្យគ្រូ និងសិស្សមានសមត្ថភាពគ្រប់គ្រាន់ប្រើ AI និងបច្ចេកវិទ្យា
អង្គការយូណេស្កូ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការគាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងអប់រំ ដើម្បីជំរុញដល់ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា និងការប្រើប្រាស់ AI របស់គ្រូបង្រៀន និងសិស្ស មានភាពពេញលេញក្នុងសម័យឌីជីថល។ នេះបើតាមជំនួបរវាងភាគីទាំង២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

បើតាមក្រសួងអប់រំ ក្នុងជំនួបនេះ តំណាងអង្គការយូណេស្កូ លោក Sardar Umar Alam បានបង្ហាញពីចំណាប់អារម្មណ៍របស់អង្គការយូណេស្កូក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា និងប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ក្នុងវិស័យអប់រំ។ លោកក៏បានលើកឡើងពីសក្តានុពលរបស់អង្គការយូណេស្កូ ដើម្បីជួយគាំទ្រវិស័យអប់រំលើចក្ខុវិស័យនេះ ក្នុងគោលដៅឱ្យគ្រូបង្រៀន និងសិស្សានុសិស្ស មានជំនាញ និងសមត្ថភាពឌីជីថលពេញលេញ ជាពិសេស អាចប្រើប្រាស់បច្ចេកវិទ្យា និង(AI) ឱ្យស្របតាមសីលធម៌នៃការប្រើប្រាស់ និងបង្កើនប្រសិទ្ធភាពក្នុងវិស័យអប់រំ សម្រាប់សម័យឌីជីថលនេះ។

ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងពីចក្ខុវិស័យរបស់ក្រសួងអប់រំ ដែលបានប្រើប្រាស់(AI) ដើម្បីលើកកម្ពស់វិស័យអប់រំ ដូចជា ការបណ្តុះបណ្តាលគ្រូ ដោយប្រើប្រាស់ AI ជួយគាំទ្រដល់ កញ្ចប់គណិតដំបូង អំណានដំបូង, បង្រៀនសិស្សឱ្យចេះគិត និងចេញស្រមើលស្រមៃ, ពង្រឹងអក្ខរកម្មឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យា, បង្កើតមាតិកា និងខ្លឹមសារមេរៀន ក៏ដូចជាពង្រឹងការអនុវត្តមុខវិជ្ជាថ្នាក់វិទ្យាសាស្ត្រ (STEM) ឱ្យកាន់មានភាពទូលំទូលាយ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកទឹកចិត្តដល់អង្គការយូណេស្កូ ឱ្យជួយគាំទ្រ និងចាប់ផ្តើមពង្រឹងពីចំណុចមួយចំនួនក្នុងវិស័យអប់រំ ដូចជាការបង្កើត និងត្រៀមរៀបចំបណ្ណាល័យឌីជីថល, ប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់តេស្ត(PISA)បន្ថែម ជាពិសេស សិក្សាពីតំបន់ ក៏ដូចជាកំណត់ក្របខ័ណ្ឌឱ្យបានច្បាស់លាស់ ដែលចាប់ផ្តើមពីការប្រើប្រាស់ AI ដើម្បីជួយគាំទ្រលើការបណ្តុះបណ្តាលគ្រូបង្រៀននៅប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ដើម្បីអភិវឌ្ឍវិស័យអប់រំ និងបញ្ញាសិប្បនិម្មិត(AI) ឱ្យមានប្រសិទ្ធភាព គ្រូបង្រៀនដែលចេញថ្មី ត្រូវតែមានសមត្ថភាពឌីជីថល ដូចជាការបង្កើតខ្លឹមសារមេរៀនឱ្យមានភាពទាក់ទាញ និងគុណភាពក្នុងរយៈពេលខ្លីជាដើម។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការយូណេស្កូ ដែលបានជួយគាំទ្រលើវិស័យអប់រំនាពេលកន្លងមក ជាពិសេសចំពោះការគាំទ្រលើការប្រើប្រាស់ AI ក្នុងវិស័យអប់រំនាពេលបច្ចុប្បន្ននេះ ដើម្បីឆ្លើយតបនឹងយុគសម័យឌីជីថល។
បណ្ឌិត ហង់ជួន ណារ៉ុន បានលើកឡើងពីសារៈសំខាន់ក្នុងការចាប់យកប្រព័ន្ធ AI លើការរៀន និងបង្រៀន ជាពិសេសនៅក្នុងកម្មវិធីសិក្សា និងមុខជំនាញនានា ដោយលោកយល់ថា AI នឹងធ្វើឱ្យពិភពលោកមានការប្រែប្រួល ជាពិសេសលើវិស័យអប់រំផ្ទាល់ ដូចនេះវិស័យអប់រំ ត្រូវតែត្រៀមខ្លួនរួចរាល់ចំពោះការផ្លាស់ប្តូរដ៏ធំនេះ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង