Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីឧស្សាហកម្មកម្ពុជា ស្នើសិង្ហបុរី វិនិ​យោគលើវិស័យបច្ចេកវិទ្យា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ហែម វណ្ណឌី បាន​ស្នើ​ឱ្យ​សិង្ហបុរី បង្កើត​សម្ព័ន្ធ​ជា​មួយ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដើម្បី​កៀរគរ​ការ​វិនិយោគ​សម្រាប់​វិស័យបច្ចេកវិទ្យា និង​ដំណោះ​ស្រាយ​បៃ​តង ដោយសាកល្បង​អនុវត្តជា​មួយរោងចក្រ​សហគ្រាស​នៅ​ក្នុងតំបន់​សេដ្ឋកិច្ចពិសេស និង​សួនឧស្សាហកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនូបជាមួយគណៈប្រតិភូ​មកពីអង្គភាព Infrastructure Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី កាល​ពី​​ថ្ងៃ​ទី​១១ ខែ​មីនា កន្លង​ទៅ​នេះលោករដ្ឋមន្ត្រី ហែម វណ្ណឌី បាន​លើក​ឡើង​ពីការប្តេជ្ញាចិត្តរបស់​រាជរដ្ឋាភិបាលកម្ពុជា​ចំពោះ​របៀបវារៈបៃតង ដោយ​រំលេច​ជា​ឧទាហរណ៍​នូវគំនិតផ្តួចផ្តើមដូចជា កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង ព្រមទាំងលក្ខខណ្ឌតម្រូវរបស់ទីផ្សារសម្រាប់ការផលិតប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។

បន្ថែម​ពី​នេះ លោករដ្ឋមន្ត្រី ក៏​ចង់ឱ្យ អង្គភាព Infrastructure Asia បង្កើត​សម្ព័ន្ធ​ជា​មួយ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដើម្បី​កៀរគរ​ការ​វិនិយោគ​សម្រាប់​វិស័យបច្ចេកវិទ្យា និង​ដំណោះ​ស្រាយ​បៃ​តង និងជំ​រុញ​ឱ្យអង្គភាពនេះពិចារណាប្រើប្រាស់វិធីសាស្រ្តភាពជាដៃគូរដ្ឋ និងឯកជន ដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានអះអាងដែរថា កម្ពុជា​បន្តទទួលបានការវិនិយោគ​ជា​ច្រើន ​ដែល​រោងចក្រខ្លះបានផ្លាស់​ប្តូរមូលដ្ឋានផលិតកម្ម​មក​កម្ពុជា និងបាន​អនុលោមតាមលក្ខខណ្ឌតម្រូវទាំង​នេះ ប៉ុន្តែនៅមានរោងចក្រ​មួយចំនួន​ទៀតដែលនៅបន្តបញ្ចេញកាបូន​ច្រើន។

ទាក់ទងនឹងការគ្រប់គ្រងសំណល់ឧស្សាហកម្ម លោក​រដ្ឋមន្ត្រី ក៏​បានសង្កត់ធ្ងន់​លើតម្រូវការ​ក្របខ័ណ្ឌ​ច្បាស់លាស់ គោលនយោបាយ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាក់លាក់ ជាពិសេសសម្រាប់សំណល់ឧស្សាហកម្មដែល​មានហានិភ័យខ្ពស់។

អង្គភាព Infrastructure Asia ដែលបច្ចុប្បន្នកំពុង​ស្នើ​អនុវត្តគម្រោងគ្រប់គ្រង​​សំណល់ឧស្សាហកម្ម​​នៅក្នុងប្រទេសហ្វីលីពីន បាន​បង្ហាញអារម្មណ៍ក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្រដៀងគ្នានេះ នៅក្នុង​ប្រទេសកម្ពុជា​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម