ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ថា គ្មានឡើយជម្លោះសាសនា ដោយកម្ពុជារក្សាបានសុខដុមនីយកម្មគ្រប់សាសនា
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជាថ្មីពីសុខដុមនីយកម្មសាសនានៅកម្ពុជា ដោយសម្ដេច អះអាងថា នៅកម្ពុជាគឺគ្មានឡើយនូវជម្លោះក្នុងសាសនាដែលបង្កឡើងដោយនិន្នាការជ្រុលនិយម។ ការថ្លែងអះអាងរបស់សម្ដេចធិបតី គឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតី រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីភាពរីកចម្រើនផ្នែកជំនឿសាសនា ក្រោមម្លប់សុខសន្តិភាព ហើយព្រះពុទ្ធសាសនាទៀតសោត ដែលរដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ថា ជាសាសនារបស់រដ្ឋ បាននិងកំពុងក្លាយជាប្រភពបង្រៀនមនុស្សនូវសេចក្ដីស្រលាញ់ បញ្ញាញាណ សន្តិភាពផ្លូវចិត្ត និងបានជ្រួតជ្រាបក្នុងស្មារតី ផ្នត់គំនិត អារម្មណ៍ ឥរិយាបទ សកម្មភាពរបស់ប្រជាជនខ្មែរ ដែលបង្ហាញឱ្យឃើញច្បាស់តាមរយៈចរិតរួសរាយរាក់ទាក់ ស្មោះត្រង់ សុភាពរាបសារ ទន់ភ្លន់ និងម៉ឺងម៉ាត់។

ក្នុងន័យនេះ សម្ដេចធិបតី បានគូសបញ្ជាក់ពីការបើកទូលាយពីរាជរដ្ឋាភិបាលកម្ពុជាទៅលើសិទ្ធិសេរីភាពជំនឿ និងការគោរពប្រតិបត្តិចំពោះសាសនាដទៃ ដោយគ្មានការរើសអើង បើទោះបីជាព្រះពុទ្ធសាសនា ត្រូវបានកំណត់ជាសាសនារបស់រដ្ឋក៏ដោយ។ សម្ដេចធិបតី បានថ្លែងក្នុងន័យដើមថា «នៅព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយសេរីភាពជំនឿ និងប្រតិបត្តិខាងសាសនាដទៃទៀត ក៏ត្រូវបានធានានៅក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ និងសាសនាដទៃទៀត។ ជាក់ស្ដែង កម្ពុជាមានសុខដុមរមនាសាសនា រក្សាបាននូវតម្លៃនៃសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នា ដោយមិនប្រកាន់យកនូវនិន្នាការជ្រុលនិយមនោះទេ»។

ពីវេទិកានេះ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានណែនាំដល់ក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយគណៈសង្ឃទាំងពីរគណៈ ដើម្បីរក្សាសុខដុមនីយកម្ម សាមគ្គីភាព និងវឌ្ឍនភាពសង្គម តាមរយៈសកម្មភាពសាសនានានា ហើយបន្ថែមពីនេះ សម្ដេច ក៏លើកទឹកចិត្តឱ្យក្រសួងធម្មការ បន្តសហការសាមគ្គី មានទំនាក់ទំនងល្អ ជួយសហគមន៍សាសនាដទៃទាំងក្នុងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង