Connect with us

ចរាចរណ៍

ចរាចរណ៍លើផ្លូវ ៦០ ម៉ែត្រ មានរបៀបរៀបរយល្អប្រសើរច្រើនជាងមុន ខណៈរបាំងចែកទ្រូងផ្លូវសម្រេចលទ្ធផលច្រើន

បានផុស

នៅ

លំហូរ​ចរាចរណ៍​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ផ្លូវ ៦០ ម៉ែត្រ មាន​របៀប​រៀបរយ​ឡើងវិញ​ច្រើន ខណៈ​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​សម្រេច​លទ្ធផល​បាន​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា ដំណើរការ នៃ​ការ​ដាក់​ទ្រូងផ្លូវ​បាន​អនុវត្ត​ជិត​ដល់​ផ្សារ​ទំនើប​អ៉ី​អន ៣ ហើយ ដោយ​ក្រុម​ការងារ​កំពុង​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​ការងារ​នេះ​ជា​បន្តបន្ទាប់ ខណៈ​គំនូស​សញ្ញា​ចរាចរណ៍​បាន​គូសវាស​រួចរាល់​ទាំងស្រុង ដើម្បី​គំនូស​ចំណាំ​ឱ្យ​ពលរដ្ឋ​ចូលរួម​បើកបរ​គោរព​តាម​គន្លង​ធ្វើដំណើរ​របស់​ខ្លួន។

ប្រជាពលរដ្ឋ​អ្នកដំណើរ មើល​ឃើញ​ថា មួយ​រយៈ​ក្រោយ​មកនេះ ពួកគាត់​ពុំ​សូវ​សង្កេតឃើញ​មាន​គ្រោះថ្នាក់​កើតឡើង​ដូច​មុនៗ នោះ​ឡើយ ក្រោយ​មាន​ការ​រៀបចំ​ដាក់​ទ្រូងផ្លូវ រួមបញ្ចូល​ទាំង​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ចរាចរណ៍ ពិសេស​ការ​ចូលរួម​ល្អ​ពី​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ដង​ផ្លូវ​សាធារណៈ​ផង​ដែរ។

ប្រជាពលរដ្ឋ បន្ត​លើក​ឡើង​ទៀត​ថា បើ​ទោះបី​មាន​ការ​ដាក់​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ក្ដី អ្នក​ធ្វើ​ដំណើរ និង​អ្នកបើកបរ ជា​ចំណុច​សំខាន់ នៃ​ការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់​គ្នា។

គួរ​បញ្ជាក់​ថា របាំង​ថ្ម និង​របាំង​ដែក ត្រូវ​បាន​រៀបចំ​ដាក់​ដោយ​បែងចែក​ជា ២ កំណាត់​ផ្លូវ ដោយ​កំណាត់​ផ្លូវ​ទី ១ គិត​ចាប់ពី​ស្ពាន​អាកាស​មរតក​តេ​ជោ ដល់​ស្តុ​ប​សឺ​ដែ​ស ត្រូវ​ដាក់​របាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ ដោយ​កំណត់​ល្បឿន​ត្រឹម ៤០km/h។ ដោយឡែក​គិត​ចាប់ពី​ស្តុ​ប​សឺ​ដែ​ស ដល់​ផ្លូវជាតិ​លេខ ២ ត្រូវ​ដាក់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ដោយ​កំណត់​ល្បឿន​ត្រឹម ៦០km/h ប៉ុណ្ណោះ។

ទន្ទឹម​នឹង​ការ​ដាក់​ទ្រូងផ្លូវ​ខាងលើ​នេះ​ដែរ បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​រាជធានី និង​នគរបាល​ខណ្ឌ​ពាក់ព័ន្ធ នៅតែ​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​ការ​ចាប់​ល្បឿន​នៅ​ពេល​ថ្ងៃ ហើយ​អនុវត្ត​ចាប់​ជាតិ​ស្រវឹង​នៅ​ពេល​យប់ ដើម្បី​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​តែង​បង្ក​ឡើង​ដោយ​អ្នកបើកបរ​យានយន្ត​ទាំងឡាយ​នៅ​បន្ត​ការ​ល្មើសច្បាប់​ផង​ដែរ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម