ព័ត៌មានអន្ដរជាតិ
ប្រជាជនបង់ក្លាដែសផ្ទុះការតវ៉ាយ៉ាងខ្លាំងទាមទារឲ្យមានសុវត្ថិភាពស្ត្រីនិងកុមារ
ការស្លាប់របស់កុមារីអាយុប្រាំបីឆ្នាំដែលត្រូវបានគេរំលោភនៅក្នុងទីក្រុង Magura ប្រទេសបង់ក្លាដែស បានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងក្លានៅជុំវិញប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៥ខែមីនានេះ។

ក្មេងស្រីនេះត្រូវបានគេរំលោភ ខណៈពេលដែលទៅលេងផ្ទះបងស្រីរបស់នាងក្នុងទីក្រុង Magura នៅចន្លោះយប់ថ្ងៃទី ៥ខែមីនារហូតដល់ព្រឹកបន្ទាប់។ នេះបើយោងតាមសំណុំរឿងដែលប្តឹងដោយម្តាយរបស់នាង។ ប្តីរបស់បងស្រីច្បង រួមជាមួយឪពុកម្តាយ និងប្អូនប្រុសខាងប្ដីរបស់បងស្រីត្រូវបានចាប់ខ្លួន។
កុមារីនេះបានប្រើប្រាស់ពេលជិត១សប្តាហ៍សម្រាកព្យាបាលជាមួយស្ថានភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យក្នុងរដ្ឋធានី Dhaka។ នាងបានស្លាប់នៅម៉ោងប្រហែល១៣:០០ ម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគាំងបេះដូងចំនួនបីដង ទោះបីជាគ្រូពេទ្យព្យាយាមជួយនាងក៏ដោយ។
សាកសពរបស់ក្មេងស្រីនេះត្រូវបានគេយកត្រឡប់ទៅទីក្រុង Magura តាមឧទ្ធម្ភាគចក្រកងទ័ព បន្ទាប់មកក៏មានការធ្វើបាតុកម្មយ៉ាងខ្លាំងក្លា ខណៈអាជ្ញាធរបានព្យាយាមធ្វើឱ្យស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង ។
មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីសាធារណៈក្នុងទីក្រុង Magura ដើម្បីធ្វើពិធីបុណ្យសពក្មេងស្រីតាមបែបសាសនាអ៊ីស្លាម មុនពេលបញ្ចុះ។
បាតុករជាច្រើនបានទាមទារឱ្យរដ្ឋាភិបាលពន្លឿនការរកយុត្តិធម៌ឲ្យជនរងគ្រោះដោយការរំលោភ និងកំណែទម្រង់ច្បាប់ទាក់ទងនឹងសុវត្ថិភាពស្ត្រី និងកុមារ។ ក្រុមអ្នកតវ៉ាក៏បានអំពាវនាវឱ្យមានភាពច្បាស់លាស់បន្ថែមទៀតជុំវិញច្បាប់រំលោភនៅក្នុងប្រទេសបង់ក្លាដែស ដែលពួកគេបាននិយាយថា បច្ចុប្បន្នមានភាពមិនច្បាស់លាស់។
យោងតាមទីប្រឹក្សាច្បាប់ Asif Nazrul បានឱ្យដឹងថា ការកាត់ទោសករណីរំលោភសេពសន្ថវៈ និងឃាតកម្ម ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមក្នុងរយៈពេលប្រាំពីរថ្ងៃខាងមុខ ខណៈការប្រមូលគំរូ DNA ដែលយកពីមនុស្ស១២ទៅ១៣នាក់ ត្រូវបានបញ្ចប់។

គួរបញ្ជាក់ថា ការរំលោភលើអនីតិជនត្រូវទទួលទោសប្រហារជីវិតក្នុងប្រទេសបង់ក្លាដែស ស្របតាមច្បាប់ដែលបានអនុម័តក្នុងឆ្នាំ ២០២០។
តិចជាងមួយសប្តាហ៍ បន្ទាប់ពីការចាប់រំលោភក្មេងស្រីនៅ Magura នេះក៏មាន របាយការណ៍អំពីការចាប់រំលោភកុមារយ៉ាងហោចណាស់បីនាក់ដែលមានអាយុប្រហាក់ប្រហែលគ្នានៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសបង់ក្លាដែសផងដែរ។ ក្នុងករណីខ្លះជនជាប់ចោទជាអ្នកជិតខាងរបស់ជនរងគ្រោះ ខណៈខ្លះទៀតជាសាច់ញាតិជិតស្និទ្ធ។
យោងតាមស្ថិតិពីមជ្ឈមណ្ឌលច្បាប់ និងអាជ្ញាកណ្តាល ករណីរំលោភសេពសន្ថវៈលើកុមារចំនួន៣៤៣៨ត្រូវបានប្តឹងនៅក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយនេះ ហើយមានករណីរំលោភសេពសន្ថវៈជាច្រើនទៀត។
យ៉ាងហោចណាស់ ៥៣៩នាក់ក្នុងចំណោមពួកគេមានអាយុក្រោម ៦ឆ្នាំ ហើយ ៩៣៣នាក់មានអាយុចន្លោះពី ៧ ទៅ ១២ឆ្នាំ។ ការស្រាវជ្រាវបានបង្ហាញថា ក្នុងករណីភាគច្រើន កុមារត្រូវបានរំលោភបំពានផ្លូវភេទ ឬបៀតបៀនដោយមនុស្សដែលពួកគេស្គាល់៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់