Connect with us

ព័ត៌មានអន្ដរជាតិ

លោក ណេតាន់យ៉ាហ៊ូ ចង់​បណ្ដេញ​​មេ​ចារកម្ម​ ព្រោះ​បរាជ័យ​ទប់ស្កាត់​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​៧តុលា

បានផុស

នៅ

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៦​ខែ​មីនា​​អំពី​​សំណើ​បញ្ឈប់​មុខតំណែង​របស់​លោក Ronen Bar ដែល​ជា​ប្រធាន​​​ភ្នាក់ងារ​សន្តិសុខ​ផ្ទៃក្នុង​របស់​អង្គភាព Shin Bet ដោយ​អះអាង​​ពី​មូលហេតុ«កង្វះ​ទំនុក​ចិត្ត»នៅ​ក្នុង​ការ​ដឹកនាំ​​របស់​លោក Bar។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និង​លោក Ronen Bar (រូបថត៖ GPO)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណេតាន់យ៉ាហ៊ូ និង​លោក Bar បាន​ទាស់ទែង​សម្ដី​គ្នា​ជាសាធារណៈក្នុង​រយៈពេល​ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជុំវិញការកែទម្រង់​អង្គភាព Shin Bet ដែលត្រូវបានចោទប្រកាន់ពីបទបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហាររបស់​ក្រុម​ហាម៉ាស​កាល​ពី​​​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣ ដែលបង្ក​ឲ្យ​​មាន​​​មនុស្ស​ស្លាប់ និង​របួស​យ៉ាង​ច្រើន ហើយ​បណ្ដាល​ឲ្យ​ផ្ទុះ​ទៅ​ជា​​​សង្រ្គាមនៅ​តំបន់​ហ្គាហ្សា។

លោក ណេតាន់យ៉ាហ៊ូ បាន​និយាយ​ថា៖ «ដោយ​សារ​តែ​ការ​ខ្វះ​ការ​ទុក​ចិត្ត​ជា​បន្ត​បន្ទាប់ ខ្ញុំ​បាន​សម្រេច​ចិត្ត​យក​សំណើ​ទៅ​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​អាណត្តិ​របស់​ប្រធាន Shin Bet លោក Ronen Bar»។ មេ​ដឹក​នាំ​អ៊ីស្រាអែល​រូប​នេះ បាន​បន្ថែម​ថា៖ «ត្រូវតែមានការជឿទុកចិត្តទាំងស្រុងរវាងនាយករដ្ឋមន្ត្រី និងប្រមុខ Shin Bet» ដោយសារតែអ៊ីស្រាអែលកំពុងមានសង្រ្គាម។

លោក Bar បានទទួលស្គាល់ចំណុចខ្វះខាតរបស់អង្គភាព​របស់​លោក ប៉ុន្តែក៏បានលើក​ឡើង​ថា​គោលនយោបាយរបស់រដ្ឋាភិបាលក៏​ជាកត្តារួមចំណែកដល់ការខកខានផ្នែកសន្តិសុខ​ផង​ដែរ។ អគ្គមេធាវី លោកស្រី Gali Baharav-Miara បានស្នើ​ឲ្យ​លោក ណេតាន់យ៉ាហ៊ូ ផ្តល់មូលដ្ឋានផ្លូវច្បាប់សម្រាប់ការបណ្តេញ​លោក Bar ចេញពីតំណែង ដោយសង្កត់ធ្ងន់ថា អង្គភាព Shin Bet គួរតែដំណើរការដោយឯករាជ្យ​ដោយ​មិន​គិត​ពី​ហេតុផល​នយោបាយ។

ចំណែក​ឯ​មេ​បក្សប្រឆាំង​នៅ​អ៊ីស្រាអែល បានថ្កោលទោសទង្វើរបស់លោក ណេតាន់យ៉ាហ៊ូ ដោយចាត់ទុកវាថាជាហេតុផលនយោបាយ និង​មិនស្របច្បាប់។ បក្ស​ប្រឆាំង​បាន​​ប្រកែក​ថា ​ការ​បណ្តេញ​ចេញ​នេះ​​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​អង្គភាព Shin Bet ​និង​ជា​ការ​ប៉ុនប៉ង​បង្វែរ​ការ​ស្តីបន្ទោស​ពី​ការ​បរាជ័យ​របស់​រដ្ឋបាល​ផ្ទាល់ខ្លួន​របស់​លោក ណេតាន់យ៉ាហ៊ូ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម