ព័ត៌មានជាតិ
មកដល់ពេលនេះ មានថ្នាលនិងកម្មវិធីអ្វីខ្លះ ដែលក្រសួងជំនាញរដ្ឋាភិបាល អភិវឌ្ឍដាក់ឲ្យប្រើប្រាស់?
ដើម្បីជំរុញការធ្វើបរិវត្តកម្ម តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលថ្មីៗ រាជរដ្ឋាភិបាលតាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានខិតខំប្រឹងប្រែងគិតគូរនិងអភិវឌ្ឍថ្នាលនិងកម្មវិធីជាច្រើន សម្រាប់បម្រើជាប្រយោជន៍ប្រើប្រាស់ក្នុងរដ្ឋបាលសាធារណៈ ជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ កាត់បន្ថយការចំណាយថវិកាជាតិ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំ របស់ក្រសួងប្រៃសណីយ និងទូរគមនាគមន៍កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញលទ្ធផលនៃការអភិវឌ្ឍកម្មវិធី និងថ្នាលកម្មវិធីជាច្រើន ក្នុងន័យជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។ កម្មវិធីនិងថ្នាលកម្មវិធីដែលក្រសួងប្រៃសណីយបានអភិវឌ្ឍនិងដាក់ឲ្យប្រើប្រាស់មានដូចជា៖
-ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh៖ ជាថ្នាលផ្ទៀងផ្ទាត់ឯកសារ ដែលដាក់ឱ្យប្រើក្នុងគោល បំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាលនេះ ធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ឯកសារដែលដាក់បញ្ចូល QR Code ស្តង់ដា គឺអាចប្រើជាផ្លូវការបាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
-ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ go.gov.kh៖ សម្រាប់ក្រសួង ស្ថាប័ន អាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬ ឯកសារជាសាធារណៈ ដែលអាចទប់ស្កាត់ព័ត៌មាន ឯកសារក្លែងក្លាយ ឬ តំណភ្ជាប់ឆបោក (Phishing) ព្រមទាំងអាចជំនួសការប្រើប្រាស់ Google Drive OneDrive ឬ DropBox ក្នុងការផ្ទុកឯកសារ។
ក្រសួង ស្ថាប័នសាមី ជាអ្នកមានសិទ្ធិសម្រេចក្នុងការដាក់ឯកសារ ដែលចាត់ទុកថាជាឯកសារសម្រាប់សាធារណជនលើថ្នាលនេះ តាមរយៈគណនីផ្ទាល់ខ្លួន និងទិន្នន័យពីក្រសួង ស្ថាប័ន របស់ខ្លួនផ្ទាល់
-ថ្នាលបញ្ជូនសារពហុទិសដៅ nomsa.gov.kh៖ ជាថ្នាលបញ្ជូនសារខ្លីជាព័ត៌មាន ឬដំណឹង ដែលអាចជំនួស ការប្រើប្រាស់ SMS ឬកម្មវិធី Twilio ជាដើម ដោយមានប្រភពដើមច្បាស់លាស់។ ការផ្ញើសារខ្លីតាមថ្នាលនេះ អាចឱ្យសាធារណជនដឹងថា សារខ្លីនេះចេញពីក្រសួង ស្ថាប័ន ឬ វិស័យឯកជនណាមួយពិតប្រាកដ និងមិនមានការក្លែងបន្លំ។
ការប្រើប្រាស់ថ្នាលនេះ នឹងជួយគ្រប់គ្រងបាននូវការចំណាយក្នុងការបញ្ជូនសារ ធានាសុវត្ថិភាព ទិន្នន័យបុគ្គល មានការគាំទ្រផ្នែកបច្ចេកទេសទាន់ពេល និងផ្តល់នូវទំនុកចិត្តខ្ពស់។
-ថ្នាលបង្កើតទម្រង់បែបបទអនឡាញ form.gov.kh៖ ជាថ្នាលបង្កើតទម្រង់បែបបទអនឡាញ ដើម្បីប្រមូលព័ត៌មាន ស្ទង់មតិ ត្រួតពិនិត្យនិងវាយតម្លៃ ចុះឈ្មោះចូលរួមកម្មវិធី ឬប្រមូលមតិកែលម្អនានា ដែលអាចប្រើជំនួស Google Form ឬ Microsoft Form ជាដើម។
រាល់ទិន្នន័យទាំងអស់ ត្រូវបានរក្សាទុកដោយធ្វើកូដនីយកម្ម (Encryption) ដោយសោរសម្ងាត់ (Secret Key) ដែលមានសុវត្ថិភាពខ្ពស់ ហើយមានតែម្ចាស់នៃទិន្នន័យ របស់ Form ប៉ុណ្ណោះដែលអាចមើលបាន។ ចំណែកឯអ្នកកាន់ថ្នាលមិនអាចមើលបានទេ។
-កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេងសារិកា “Sarika” ដំណើរការនៅលើបណ្តាញតេឡេក្រាម (Telegram Bot) និងទំព័រវេប (Web Page) ជាកម្មវិធីបញ្ញាសិប្បនិម្មិតបង្កើតឡើងសម្រាប់បំប្លែងអត្ថបទទៅជាសំឡេងភាសាខ្មែរ។ កម្មវិធីនេះអាចប្រើប្រាស់ ដើម្បីធ្វើមាតិកានិងផ្សព្វផ្សាយព័ត៌មាន ព្រមទាំងអាចអាន ឯកសារនានាជាសំឡេង។
-កម្មវិធីទូរសព្ទ MPTC Speed Test ជាកម្មវិធីដែលអាចជួយឱ្យអ្នកប្រើប្រាស់វាស់ល្បឿន សេវាអ៊ីនធឺណិតដោយខ្លួនឯង

ក្រៅពីថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថលខាងលើ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានកំពុងអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថលមួយចំនួនទៀតមានដូចជា៖
-qr.gov.kh៖ ជាថ្នាលបង្កើត QR Code ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត QR Code ដោយប្រើអត្ថបទតំណភ្ជាប់ (URL) អីមែល Wi-Fi និងនាមបណ្ណឌីជីថល (Vcard) ក្នុងគោលដៅកាត់បន្ថយការចំណាយនិងចំណេញពេលវលា
-Khmer Fastype៖ ជំនួយការឆ្លាត ក្នុងការវាយអត្ថបទជាភាសាខ្មែរក្នុងកម្មវិធី (Microsoft Word)
-rachana.gov.kh៖ ជាប្រព័ន្ធដែលអាចប្រើប្រាស់ក្នុងការបង្កើតគេហទំព័រ ដោយងាយស្រួលនិងឆាប់រហ័ស
-domnerka.gov.kh៖ សម្រាប់គ្រប់គ្រងរំហូរការងារ (Workflow) ដើម្បីជួយសម្រួលដល់ការងាររដ្ឋបាល
-likhet.gov.kh៖ ជាថ្នាលជំនួយ ក្នុងការបំពេញគំរូឯកសារ ដូចជា លិខិតឬវិញ្ញាបនបត្ររដ្ឋបាល សំណើសុំច្បាប់ របាយការណ៍បេសកកម្ម អាចបង្កើតទៅជាទម្រង់បំពេញបែបបទ Form ភ្ជាប់ទៅនឹងគំរូឯកសារដើម ក្នុងគោលដៅកាត់បន្ថយពេលវេលា និងរក្សាបែបបទ និងពុម្ពអក្សរនៃឯកសារ
-flow.gov.kh៖ ជាថ្នាលគ្រប់គ្រង និងតាមដានរំហូរការងាររដ្ឋបាលស្វ័យប្រវត្ដិ តាមរយៈការភ្ជាប់បញ្ចូលរួមគ្នានូវ ប្រព័ន្ធឬកម្មវិធីដែលបម្រើដល់កិច្ចការរដ្ឋបាល និងការផ្តល់សេវាសាធារណៈ ជាអាទិ៍ ការភ្ជាប់ទៅប្រព័ន្ធជូនដំណឹង មន្ត្រីរាជការឬអ្នកស្នើសុំសេវា ដែលអាចជួយឱ្យអ្នកប្រើប្រាស់អាចបំពេញការងាររដ្ឋបាល ឬការផ្តល់សេវាសាធារណៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម បានយ៉ាងងាយស្រួល សាមញ្ញ និងឆាប់រហ័ស។
-DGSupperApp៖ ជាកម្មវិធីទូរសព្ទដៃមួយ ប្រមូលផ្តុំថ្នាល និងកម្មវិធីឌីជីថលតូច ធំ ពហុវិស័យ ជាច្រើនតាមរយៈ ប្រព័ន្ធអនឡាញតែមួយ ដើម្បីឱ្យប្រតិបត្តិការនិងការស្នើសុំសេវាសាធារណៈរវាងរដ្ឋាភិបាល ធុរជន និងប្រជាពលរដ្ឋ កាន់តែងាយស្រួល ឆាប់រហ័ស មានប្រសិទ្ធភាពនិងសុវត្ថិភាព ព្រមទាំងកាត់បន្ថយការចំណាយនានា។
ថ្នាល DG SuperApp ជួយបង្កើនល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការធ្វើឌីជីថលូបនីយកម្មលើការផ្ដល់សេវាសាធារណៈនៅកម្ពុជា ពី ៣ ទៅ ៥ ដង។
ក្នុងចំណោមថ្នាលនិង កម្មវិធីរដ្ឋាភិបាលឌីជីថលចំនួន ១២ មានថ្នាលចំនួន ៥ ដែលត្រូវបានទទួលស្គាល់ដោយរាជ រដ្ឋាភិបាលដូចជា៖
-ថ្នាល verify.gov.kh ត្រូវបានទទួលស្គាល់ជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពិភពលោក
-ថ្នាល go.gov.kh ផ្ទុកឯកសារសាធារណៈផ្លូវការមិនសម្ងាត់ ជំនួសការប្រើប្រាស់ Google Drive U OneDrive & DropBox
-ថ្នាល nomsa.gov.kh បញ្ជូនសារខ្លីៗជាព័ត៌មាន ឬដំណឹងដោយមានប្រភពដើមច្បាស់លាស់ ជំនួសការប្រើប្រាស់ SMS
-ថ្នាល form.gov.kh បង្កើតទម្រង់បែបបទអនឡាញ ដើម្បីប្រមូលព័ត៌មាន ស្ទង់មតិ ត្រួតពិនិត្យ និងវាយតម្លៃ ចុះឈ្មោះចូលរួមកម្មវិធី ឬប្រមូលមតិកែលំអនានា ជំនួសការប្រើប្រាស់ Google Form & Microsoft Form
-ថ្នាល Sarika ជាកម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេង

ក្រៅពីនេះ ក៏មានកម្មវិធី AI ចំនួន ៨ ដែលអភិវឌ្ឍដាក់ឲ្យប្រើប្រាស់បន្តបន្ទាប់ក្នុងនោះមានដូចជា៖
-កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ Braille
កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបកប្រែពីភាសាខ្មែរ ទៅភាសាខ្មែរប្រៃយ៍ ហើយត្រូវបានបង្កើតឡើងជាពិសេស ដើម្បីផ្ដល់ភាពងាយស្រួលដល់គ្រូបង្រៀន ក្នុងការរៀបចំឯកសារអានជាអក្សរខ្មែរប្រៃយ៍ជូនដល់កុមារ និងសិស្សានុសិស្សដែលពិការភ្នែកឬខ្សោយគំហើញឱ្យកាន់តែបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ កម្មវិធីនេះ ទទួលបានពានរង្វាន់មាសអាស៊ាន និង ពានរង្វាន់ Best Accessibility Award ពី ITU)។
-កម្មវិធីសារិកា (https://t.me/SarikaTTSBot) ជំនួយការបំប្លែងអត្ថបទទៅជាសំឡេងភាសាខ្មែរ
កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេងសារិកា “SARIKA” ជាកម្មវិធីបញ្ញាសិប្បនិម្មិត ដែលដំណើរការនៅលើបណ្តាញសង្គមតេឡេក្រាម (Telegram Bot) សម្រាប់បំប្លែងអត្ថបទទៅជាសំឡេងភាសាខ្មែរ។ កម្មវិធីនេះអាចប្រើប្រាស់ ដើម្បីធ្វើមាតិកានិងផ្សព្វផ្សាយព័ត៌មាន ព្រមទាំងអាចអានឯកសារនានាជាសំឡេងផងដែរ។
-កម្មវិធីបកប្រែភាសារខ្មែរ-អង់គ្លេស TranslateKH (https://t.me/TranslateKH_bot)
ម៉ាស៊ីនបកប្រែ TranslateKh ជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។
ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មួយ ដែលត្រូវបានបង្កើតឡើងប្រើប្រាស់វិធីសាស្ត្រសិក្សាស៊ីជម្រៅ(Deep Learning)។
–កម្មវិធីវាយអត្ថបទ Khmer FastType ជំនួយការឆ្លាតវៃក្នុងការវាយអត្ថបទជាភាសាខ្មែរក្នុងកម្មវិធី Microsoft Word
កម្មវិធីនេះអភិវឌ្ឍឡើងដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) សម្រាប់អ្នកប្រើប្រាស់កាន់តែងាយស្រួលវាយអត្ថបទ និងត្រឹមត្រូវជាងមុន។
ក្រសួងក៏បានដាក់ឲ្យដំណើរការ សំណុំទិន្នន័យសម្រាប់បង្រៀនដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (LLMS), ការកែលម្អសមត្ថភាពវិភាគអតិសុខុមប្រាណ និងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិច តាមរយៈម៉ាស៊ីនស្វ័យសិក្សា (ក្រោមកិច្ចសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត), ការបកប្រែភាសាគថ្លង់ និងកម្មវិធីសម្គាល់ស្លាកលេខរថយន្ត។
លោក អ៊ិន សុវណ្ណ ប្រធាននាយកដ្ឋានបរិវត្តកម្មរដ្ឋាភិបាលឌីជីថលបានបញ្ជាក់ថា ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ត្រូវការចាំបាច់បំផុតគឺទិន្នន័យ។ ក្រសួងកំពុងរៀបចំសេចក្តីព្រាងបទបញ្ញត្តិពាក់ព័ន្ធទិន្នន័យដូចជា ច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន (សេចក្តីព្រាង) ច្បាប់ស្តីពីសន្តិសុខសាយប័រ (សេចក្តីព្រាង) ច្បាប់រដ្ឋាភិបាលឌីជីថល (សេចក្តីព្រាង) គោលនយោបាយទិន្នន័យបើកចំហ (សេចក្តីព្រាង) គោលនយោបាយអភិបាលកិច្ចទិន្នន័យ (សេចក្តីព្រាង)។
ក្នុងផែនទីបង្ហាញផ្លូវជំនាញឌីជីថល (ឆ្នាំ២០២៤-២០៣៥) រដ្ឋាភិបាលបានដាក់ចេញគោលដៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឲ្យបាន ១០ ម៉ឺននាក់ត្រឹមឆ្នាំ ២០៣៥ ខណៈបច្ចុប្បន្ននៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក៏បានបើកថ្នាក់បណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបញ្ញាសិប្បនិមិត្ត និងវិទ្យាសាស្ត្រទិន្នន័យចាប់ពីឆ្នាំ ២០២៣៕

-
KPT+១៧ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល