Connect with us

ព័ត៌មានជាតិ

ក្រុមអភិរក្ស ដាក់ចេញយុទ្ធនាការហែលទឹកទន្លេមេគង្គ ដើម្បីសង្គ្រោះសត្វផ្សោតកម្ពុជា

បានផុស

នៅ

ក្រុមការងារអភិរក្សរបស់ប្រទេសកម្ពុជា និងអន្តរជាតិ បាននឹងកំពុងចាប់ផ្តើមយុទ្ធនាការហែលទឹកទន្លេមេគង្គ ដែលមានចម្ងាយ ១២០ គីឡូម៉ែត្រ ចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែមីនា ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វផ្សោត ដែលជាប្រភេទជិតផុតពូជនៅកម្ពុជា និងចូលរួមកៀរគរមូលនិធិសម្រាប់ការអភិរក្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការហែលទឹកទន្លេមេគង្គ ចូលរួមដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រដោយ រដ្ឋបាលជលផល អង្គការ WWF-កម្ពុជា អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា គណៈកម្មការថនិកសត្វសមុទ សហរដ្ឋអាមេរិក កម្មវិធីស្រាវជ្រាវសត្វ ផ្សោត Sarasota នៅសួនសត្វ Brookfield ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក, IUCN Cetacean Specialist Group និង Ocean Conservation Namibia។ សម្រាប់ បេសកកម្មនេះ គឺជាការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោតដែលរងការគំរាមកំហែងបំផុតមួយរបស់ពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្រសួងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរៀបចំយុទ្ធនាកានេះ ព្រោះជាទិសដៅដូចគ្នាក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ។ លោកថា៖«ដូចលទ្ធផល បានបង្ហាញហើយថា រយៈពេលបីឆ្នាំចុងក្រោយនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅតែបន្តកើនឡើង ហើយនេះ គឺជាភស្តុតាងដែលបង្ហាញពីការប្តេជ្ញាចិត្ត និងកម្មវិធីអភិរក្សប្រកបដោយប្រសិទ្ធភាពរបស់យើង»។

មូលនិធិដែលរៃអង្គាសបានពីព្រឹត្តិការណ៍នេះនឹងផ្ដល់ការគាំទ្រដោយផ្ទាល់ដល់កម្មវិធីអភិរក្សសត្វផ្សោត គាំទ្រដល់ឆ្មាំទន្លេ ដែលតែងតែចុះល្បាតជាប្រចាំក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីតាមដាន និងការពារទីជម្រករបស់សត្វផ្សោត។ បន្ថែមពីលើនេះ ធនធានទាំងនេះក៏នឹងត្រូវបានបម្រុងទុកសម្រាប់ជំរុញការងារស្រាវជ្រាវ និងជំរុញកិច្ចសហការកាន់តែខ្លាំងរវាងកម្មវិធីអភិរក្សសត្វផ្សោតសមុទ្រ និងទឹកសាបនៅកម្ពុជា។

លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា ការការពារចំនួនសត្វផ្សោត គឺទាមទារវិធីសាស្ត្រនិងការចូលរួមទាំងអស់គ្នាពីអ្នកអភិរក្ស អ្នកបង្កើតគោលនយោបាយ និងសហគមន៍មូលដ្ឋាន។ លោកបញ្ជាក់ថា យុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺជាសក្ខីភាពនៃកិច្ចការសហការ និងការចូលរួមជាសាធារណៈក្នុងការអភិរក្ស។

ចំណែកលោកស្រី Frances Gulland ប្រធានគណៈកម្មការថនិកសត្វសមុទ្រអាមេរិកបានមានប្រសាសន៍ តំណាងឱ្យក្រុមអ្នកហែលទឹកថា៖ «យុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺវាជាបេសកកម្ម ដើម្បីការពារផ្សោតដែល ជិតផុតពូជរបស់កម្ពុជា និងទន្លេមេគង្គ ហើយក៏ជាការអំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រផងដែរ។ លោកស្រីបន្តថា៖«យើងត្រូវតែ ធ្វើសកម្មភាពឥឡូវនេះ ដើម្បីធានាថាមនុស្សជំនាន់ក្រោយនឹងបានឃើញសត្វដ៏អស្ចារ្យទាំងនេះដែលរីកចម្រើននៅក្នុងទន្លេមេគង្គ»។

សត្វផ្សោត ប្រឈមនឹងហានិភ័យនៃការផុតពូជ ដែលបច្ចុប្បន្នវត្តមានរបស់សត្វផ្សោតមាននៅក្នុងចម្ងាយ១២០គីឡូម៉ែត្រ
រវាងខេត្តស្ទឹងត្រែង និងក្រចេះ។ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងអភិរក្ស ដែលកំពុងបន្តនេះបានជួយធ្វើឱ្យចំនួនរបស់វាមានស្ថេរភាព ប៉ុន្តែការគំរាមកំហែងក៏នៅតែបន្តបង្កគ្រោះថ្នាក់ដល់ចំនួនសត្វផ្សោតទឹកសាបនេះ ដូចជាការជាប់ទៅនឹងនៅក្នុងឧបករណ៍នេសាទដោយចៃដន្យ(ហៅថា “bycatch”) ការបាត់បង់ទីជម្រក និងការនេសាទខុសច្បាប់ជាដើម។

ក្នុងរយៈពេល ៤ ថ្ងៃនេះ ក្រុមអ្នកហែលទឹកនឹងបន្តហែលតាមដងទន្លេមេគង្គ អមដំណើរដោយក្រុមសុវត្ថិភាពជិះទូក កាយ៉ាក និងទូកឆ្មាំទន្លដើម្បីជួយគាំទ្រសកម្មភាពហែលទឹក។ បេសកកម្មនេះនឹងមិនត្រឹមតែបង្ហាញពីការស៊ូទ្រាំ និងការលះ​បង់របស់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយ ដើម្បីកត់ត្រាមើលសត្វផ្សោត កំណត់អត្តសញ្ញាណនៃការគំរាមកំហែងនានា និងប្រមូលយកសំណាកទាំងឡាយដែលអាចបង្កគ្រោះថ្នាក់ និងដកហូតម៉ងនេសាទដែលបោះបង់ចោលចេញពីទន្លេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១៧ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

លៀក លីដា
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ព្រមានកើតសង្គ្រាមធំ បើណាតូ ដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម