ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ អំពាវនាវម្ចាស់សហគ្រាសបង់ភាគទានមក ប.ស.ស ដើម្បីកម្មករ-និយោជិតទទួលការព្យាបាលឥតគិតថ្លៃ
មន្ត្រីជាន់ខ្ពស់ ប.ស.ស. បានធ្វើការអំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន រោងចក្រនានា ធ្វើបច្ចុប្បន្នភាពកម្មករ-និយោជិតរបស់ខ្លួនដោយប្រកាសបង់ភាគទានមក ប.ស.ស. ដើម្បីឱ្យកម្មករ-និយោជិតដែលជួបគ្រោះថ្នាក់ការងារ និងមានបញ្ហាសុខភាព អាចទៅប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. បានដោយឥតគិតថ្លៃ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយ“ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករ-និយោជិត ជូនអ្នកបើកបរយានយន្តដឹកកម្មករ-និយោជិត និងកម្មករ-និយោជិត” នៅរោងចក្រ VENTURA LEATHERWARE MFY (CD) CO., LTD. ក្នុងខេត្តកំពង់ស្ពឺ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) បានមានប្រសាសន៍ថា ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព ប.ស.ស. បានកំណត់សកម្មភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ពេលធ្វើដំណើរ និងលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ក្នុងន័យនេះ ប.ស.ស. ក៏បានកំណត់នៅកម្មវិធីសិក្សា កិច្ចសហការ ដើម្បីរៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់កម្មករ-និយោជិត សំដៅលើកកម្ពស់ក្នុងការបង្ការហានិភ័យការងារដោយត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអ្នកបើកបរយានយន្តដឹកកម្មករ-និយោជិតជាប្រចាំ និងត្រូវធ្វើការសិក្សាសមិទ្ធិលទ្ធភាពអំពីជម្រើសក្នុងការជំរុញការផ្លាស់ប្តូររថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករ-និយោជិតពេលបច្ចុប្បន្នទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករ-និយោជិត យ៉ាងយូរត្រឹមឆ្នាំ ២០២៧ ក្នុងគោលបំណងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់កម្មករ-និយោជិត។

លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដែលតែងតែខិតខំប្រឹងប្រែងចូលរួមគ្រប់សកម្មភាព ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ និងបានអំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន រោងចក្រនានា ធ្វើបច្ចុប្បន្នភាពកម្មករ-និយោជិតរបស់ខ្លួនដោយប្រកាសបង់ភាគទានមក ប.ស.ស. ដើម្បីឱ្យកម្មករ-និយោជិតដែលជួបគ្រោះថ្នាក់ការងារ និងមានបញ្ហាសុខភាព អាចទៅប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. បានដោយឥតគិតថ្លៃ។

លោក តូច ប៉ូលីវា អភិបាលរង តំណាង លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានក្រើនរំលឹកដល់អ្នកបើកបរយានយន្តទាំងអស់ ត្រូវមានក្រមសីលធម៌លើការបើកបរលើដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រមទាំងថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំកម្មវិធីនេះឡើងដើម្បីឱ្យកម្មករ-និយោជិតទាំងអស់គ្នាបានយល់ដឹងបន្ថែមលើច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ចំណែក លោកឧត្ដមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ក៏បានធ្វើការអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកផងដែរ ទៅកាន់អ្នកបើកបររថយន្ដដឹកកម្មករ-និយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ៕
អត្ថបទ ៖ សំអឿន


-
KPT+១៧ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល