Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

បានផុស

នៅ

សមាជិកសភាបារាំងលោក Raphaël Glucksmann បានអំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក ប្រគល់រូបសំណាកសេរីភាពវិញ ដោយអះអាងថា សកម្មភាពថ្មីៗរបស់​ក្រុង​វ៉ាស៊ីនតោន​ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ទុយនឹងតំណាងនិមិត្តរូបនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់រូប​សំណាក​នេះ។

លោក Raphaël Glucksmann (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និបាតសម្រាប់គណបក្សនយោបាយ​​របស់​គាត់ Place Publique កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៦​ខែ​មីនា លោក Glucksmann ដែល​ជា​អ្នក​ចេញ​មុខការពារ​អ៊ុយក្រែន​យ៉ាង​ពេញ​ទំហឹង បានរិះគន់ជំហររបស់រដ្ឋបាលអាមេរិកលើបញ្ហាអន្តរជាតិ ជាពិសេសការកាត់បន្ថយការគាំទ្ររបស់ខ្លួនចំពោះរដ្ឋាភិបាល​ក្រុង​កៀវ ចំពេលមានជម្លោះ​កំពុង​បន្តជាមួយរុស្ស៊ី។ លោក​បាន​អះអាង​ថា ជំហរ​បែប​នេះ​បាន​តម្រឹម​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​របប​ផ្តាច់ការ ដោយ​ធ្វើ​ឲ្យ​ខូច​ដល់​គោលការណ៍​ដែល​រូបសំណាក​សេរីភាព​បង្កប់​​ន័យ។

បន្ថែម​ពី​នេះ លោក Glucksmann បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​កាត់បន្ថយ​បុគ្គលិក​រដ្ឋ និង​គម្រោង​ស្រាវជ្រាវ​​នៅក្នុង​រដ្ឋបាល​​អាណត្តិ​ថ្មី​របស់​អាមេរិក។ លោក ត្រាំ បានដក​អាមេរិក​​ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីចូលកាន់តំណែងម្តងទៀតក្នុងខែមករា​​ឆ្នាំ​២០២៥ តាមរយៈ​បទ​បញ្ជាប្រតិបត្តិ។

លោក Glucksmann បាននិយាយថា៖ «ឲ្យ​រូប​សំណាក​សេរីភាព​មក​យើងវិញ។ យើងនឹងនិយាយទៅកាន់ជនជាតិអាមេរិកដែលបានជ្រើសរើសនៅខាងពួកជនផ្តាច់ការ និង​ទៅកាន់ជនជាតិអាមេរិកដែលបានបណ្តេញអ្នកស្រាវជ្រាវចំពោះ​ការទាមទារសេរីភាពខាងវិទ្យាសាស្ត្រថា “ប្រគល់​រូបសំណាកសេរីភាព​ឲ្យ​មក​យើង​វិញ”»។

លោក​បន្ថែម​ថា៖ «យើង​បាន​ឲ្យ​វា​ទៅ​អ្នក​ជា​អំណោយ ប៉ុន្តែ​ជាក់ស្តែង​អ្នក​បាន​​មើលងាយ​វា​​»។

សូម​បញ្ជាក់​ថា រូបសំណាកសេរីភាព ដែល​រចនាដោយជាងចម្លាក់ជនជាតិបារាំង Frédéric Auguste Bartholdi ត្រូវ​បានផ្តល់​ជា​អំណោយដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ​១៨៨៦ ដើម្បី​រំលឹក​ដល់​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំងពីរ ហើយ​ក៏​ជានិមិត្តរូបនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ​ផង​ដែរ៕

រូប​សំណាក​សេរីភាព​នៅ​សហរដ្ឋ​អាមេរិក (រូបថត៖ iStock)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម