Connect with us

កីឡា

លោក​គ្រូ Koji ​ប្រាប់​ថា​ ក្រុម​រៀបចំពុំសូវបានល្អ មុន​ទៅ​វៀតណាម

បានផុស

នៅ

គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ​កម្ពុជា លោក Koji Gyotoku បានលើកឡើងពីកត្តាធំមួយ ដែលក្រុមរហស្សនាមគោព្រៃលើកនេះ ត្រៀមខ្លួនពុំសូវបានល្អ មុនការប្រកួតមិត្តភាព​អន្តរជាតិ​ទល់នឹងក្រុមជម្រើសជាតិ វៀតណាម។

លោក Koji Gyotoku
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅសល់ពេលត្រឹមតែ ២ ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ១៩ ខែ មីនា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាព​អន្តរជាតិ​ទល់នឹងក្រុមជម្រើសជាតិ វៀតណាម នៅកីឡដ្ឋាន Go Dau។ យ៉ាងណា មុនការប្រកួតនេះមកដល់ ក្រុមកម្ពុជា បានប្រមូលផ្តុំកីឡាករហ្វឹកហាត់បានចំនួន ៥ ថ្ងៃ ខណៈថ្ងៃចន្ទ ទី ១៧ នេះ គឺជាថ្ងៃដែលក្រុមកីឡាករត្រូវហោះទៅកាន់ប្រទេស វៀតណាម។

លោក Koji ដែលទើបត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា តែងតាំងជាគ្រូបង្គោលផ្លូវការ បានលើកឡើងអំពីការហ្វឹកហាត់របស់ក្រុមនៅក្នុងកិច្ចសម្ភាស​កាលពីព្រឹកមិញនេះថា ៖«សម្រាប់ក្រុម ការរៀបចំអត់បានល្អប្រសើរទេ ដោយសារមានការប្រកួតជាបន្តបន្ទាប់​​របស់​ក្លិប​ ហើយលក្ខខណ្ឌរបស់កីឡាករក៏មិនបានល្អប្រសើរដែរ។ មួយទៀតការប្រមូលផ្តុំលើកនេះ អត់បានជុំគ្នាពេញលេញទេ។ ចឹងហើយ ការរៀបចំគឺមិនបានល្អនោះទេសម្រាប់ត្រៀមការប្រកួតលើកនេះ»

ការហ្វឹកហាត់របស់ក្រុមកម្ពុជាក្នុងរយៈពេល ៥ ថ្ងៃមកនេះ ពិតជាមិនបាន​ជុំគ្នា​មែន​ ដោយសារកីឡាករមួយចំនួនមានធុរៈជាមួយក្លិប ក្នុងការប្រកួតលីគ និងពាន Hun Sen Cup។ ចំណែកកីឡាកររបស់ ព្រះខ័នរាជស្វាយរៀង វិញកាន់តែមមារញឹកថែមទៀត ដោយសារពួកគេទើបតែបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមពាន AFC Challenge League ទល់នឹងក្រុម Shan United កាលពីថ្ងៃទី ១៣ ខែ មីនា៕

ការហ្វឹកហាត់របស់ជម្រើសជាតិ កម្ពុជា

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម