Connect with us

ព័ត៌មានជាតិ

គណៈកម្មការទី៧រដ្ឋសភា នឹងអញ្ជើញក្រសួងអប់រំ ដើម្បីបង្ហាញនូវវឌ្ឍនភាពការងារក្នុងវិស័យអប់រំ

បានផុស

នៅ

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) នឹងអញ្ជើញរដ្ឋមន្ត្រីក្រសួងអប់រំ មកកាន់វិមានរដ្ឋសភា ដើម្បីធ្វើបាឋកថាអំពីវឌ្ឍនភាពនៃការងារក្នុងវិស័យអប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥​ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧​ ដឹកនាំសមាជិកសមាជិកា ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មការ ការងារត្រៀមចុះបេសកកម្មឈ្វេងយល់ទៅកាន់ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ និងបានពិភាក្សាពីការត្រៀមអញ្ជើញលោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើបាឋកថាអំពីវឌ្ឍនភាពនៃការងារក្នុងវិស័យអប់រំ។

ការអញ្ជើញប្រតិភូក្រសួងអប់រំ ពីសំណាក់គណៈកម្មការជំនាញរដ្ឋសភា គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តផ្តោតលើការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តាមនុស្សនៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានកំណត់អាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពោលគឺយកកត្តាមនុស្សជាអាទិភាពខ្ពស់បំផុត។

រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញវិធានការគន្លឹះចំនួន៤ ក្នុងវិស័យអប់រំ ១)ការពង្រឹងអភិបាលកិច្ចសាលារៀន ២)ការពិនិត្យកែសម្រួល រៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ៣)ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាម​រយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ក៏ដូចជាចក្ខុវិស័យកម្ពុជា២០៥០ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវកំណែទម្រង់វិស័យអប់រំ ដែលក្នុងនោះមានជាអាទិ៍ ការបន្តធ្វើកំណែទម្រង់គ្រូបង្រៀន ដែលជាឆ្អឹងខ្នងនៃវិស័យអប់រំ ដោយការបង្កើនបៀវត្សគ្រូបង្រៀន ទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន លើកស្ទួយកិត្តិយស និងតួនាទីរបស់គ្រូបង្រៀននៅក្នុងសង្គម ដោយពង្រឹងការបណ្ដុះបណ្ដាលគ្រូប្រកបដោយគុណវុឌ្ឍិ។

ការអនុវត្តស្តង់ដាសាលារៀនគំរូ ដោយក្រសួង បាននឹងកំពុងជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលានៅតំបន់ឆ្ងាយៗ ដែលមានការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវស្តង់ដាសាលារៀនគំរូ។ ចាប់តាំងពីឆ្នាំ២០១៨មក ក្រសួងអប់រំបានរុញកំណែទម្រង់តាមរយៈគម្រោង “ការពង្រឹងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព”ដល់សាលារៀន ដោយក្នុងអំឡុង៥ឆ្នាំកន្លងទៅនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយបច្ចុប្បន្នគម្រោងបានពង្រីកដល់ជិត២ពាន់សាលារៀន ដោយផ្តោតលើបច្ចេកវិទ្យាវិធីសាស្ត្របង្រៀនថ្មីនិងស្តង់ដាសាលារៀនគំរូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម